អតីតបេក្ខនារីលេចធ្លោ «Cambodian Idol» សោភា ទេពី ស្រឡាំងកាំងពេលម្ដាយធ្វើរឿងនេះចំពោះនាង…

ហ៊ឺៗ!! ចង់ស្រក់ទឹកភ្នែក និងរំភើបចិត្តអ្វីម្ល៉េះទេ ខណៈកញ្ញា ញឹម សួនសោភាទេពី នៅពេលដែលពុកម៉ែបងប្អូនបានស្គាល់នាងច្បាស់ថា ជាបេក្ខនារីលេចធ្លោបំផុតនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol កន្លងទៅថ្មីៗនោះ ព្រោះពេលនាងកំពុងឈរច្រៀងអបអរភ្ញៀវនៅលើឆាកក្នុងហាងសុខៗ ស្រាប់តែសមាជិកក្រុមគ្រួសាររបស់នាងដែលមានម្ដាយ បងស្រី និងក្មួយៗនាំគ្នាដើរចូលទៅរកនាងទាំងកាន់នំ និងទៀន ឡើងទៅលើឆាកពញ្ញាក់អារម្មណ៍នាងឡើងស្រឡាំងកាំងដោយមិនបានដឹងខ្លួនមុន គិតស្មានតែជាខួបកំណើតរបស់ភ្ញៀវ។  មិនមែនតែប៉ុណ្ណឹងទេ នៅមានទៀត គឺតារាចម្រៀងកញ្ញា ញឹម សួនសោភាទេពី ហៅ សោភា ទេពី ទទួលបានកាដូរថយន្តទំនើបជាចំណងដៃពីលោកឪពុកថែមទៀតផង អ៊ឺម៍…រំភើបឥតឧបមា ហ៊ូៗ!!…(បេល! បេលឯងរំភើបចិត្ត ឬក៏ច្រណែនគេហ្នឹង?)។

សម្រាប់ឆ្នាំនេះសូម្បីតែសាមីខ្លួនផ្ទាល់ ស្ទើរតែពុំបានចាំពីថ្ងៃពិសេសរបស់ខ្លួននេះផង ដោយសារតែក្រោយពីបានចូលប្រឡងក្នុងកម្មវិធី The Cambodia Idol រដូវកាលទី3 រួចមក ការងារសិល្បៈរបស់នាងកាន់តែមមាញឹកខ្លាំងជាងមុន។ទោះយ៉ាងណាក្ដី កញ្ញា សោភា ទេពី ត្រូវគេមើលឃើញច្បាស់ពីអារម្មណ៍រំភើបឥតព្រាងទុក ខណៈនាងកំពុងឈរច្រៀងនៅលើឆាកក្នុងហាងសុខៗ បែរជាត្រូវចំហមាត់ស្រឡាំងកាំង ចង់គាំងបេះដូងបន្ដិច ចង់រកកលណែនបំពង់ក រកនិយាយមិនចេញបន្ដិច ក្ដុកក្ដួលខ្លាំងណាស់ រហូតដល់នាងស្រក់ទឹកភ្នែក អមដោយចម្រៀងសាទរថ្ងៃកំណើតរបស់ខ្លួន។

តារាចម្រៀងស្រីរូបនេះ បានផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន ឡារ៉ែន ក្រោយពេលទទួលនំខួបកំណើតហើយថា នាងពិតជាសប្បាយចិត្តខ្លាំងណាស់ ស្របពេលដែលកំពុងតែហត់នឿយផង នៅសុខៗក៏មានមនុស្សជាទីស្រឡាញ់បង្កបរិយាកាសភ្ញាក់ផ្អើលចំពោះនាងដូច្នេះ។ នាងមិននឹកស្មានថា ក្នុងថ្ងៃខួបកំណើតមានសមាជិកគ្រួសារសុខចិត្ដកាន់នំយកមកទាំងយប់មកដល់កន្លែងនាងច្រៀងបែបនេះឡើយ។

ទេពី និយាយដូច្នេះថា «រូបខ្ញុំស្ទើរតែភ្លេចថ្ងៃកំណើតខ្លួនឯងទៅហើយ ប៉ុន្ដែគ្រាន់តែឮបទចម្រៀងថ្ងៃកំណើតអមជាមួយការមកដល់របស់ម្ដាយ បងស្រី និងក្មួយៗដែលបានកាន់នំខួបដើរសំដៅមកខ្ញុំ ពេលនោះស្រាប់តែខ្ញុំរំភើបអួលដើមកស្ទើរតែទប់ទឹកភ្នែកមិនបានតែម្ដង»។ ថ្វីដ្បិតតែថ្ងៃខួបសម្រាប់ឆ្នាំនេះ មិនមានរៀបចំធំដុំ និងមិនមានកាដូរាប់ម៉ឺនដុល្លារដូចមុនមែន ប៉ុន្តែអនុស្សាវរីយ៍មួយនេះធ្វើឱ្យចងចាំមិនភ្លេចទេ។ នាងបន្ដថា «អ្វីដែលធ្វើឱ្យខ្ញុំរំភើបនោះ គឺមុនថ្ងៃកំណើត ខ្ញុំគិតថាចង់ញ៉ាំអីជុំគ្នាជាមួយគ្រួសារតែ បងស្រី និងម្ដាយសុទ្ធតែរវល់ម្នាក់ៗប្រាប់ថា រវល់ស្ទើរដកឃ្លាមិនបាន ស្រាប់តែកាន់នំមកឱ្យកាត់អ៊ីចឹង នរណាមិនរំភើប?»។ គ្មានអ្វីមានតម្លៃជាងបានគ្រួសារផ្ដល់នូវភាពកក់ក្ដៅបែបនេះទេ អ៊ីចឹងហើយទើបនាងស្រឡាំងកាំងផង សប្បាយចិត្តផង នៅពេលឃើញនំខួបរបស់ខ្លួន និម្មិតឡើងនៅចំពោះមុខទាំងមិនដឹងខ្លួន។

គួរបញ្ជាក់ថា សោភា ទេពី នាងគ្រោងបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនក្នុងពេលឆាប់ៗផងដែរ បើទោះជាមិនទាន់មានតម្រុយចូលជ្រកនៅក្នុងផលិតកម្មណាមួយនៅឡើយក្ដី។ ស្រីស្រស់សាច់សខ្ចីរូបនេះថា ឆ្នាំនេះនាងមានវ័យ 16ឆ្នាំហើយ នាងនៅមានឱកាសតស៊ូសាងភាពល្បីល្បាញនៅក្នុងវីថីសិល្បៈបានយូរតទៅទៀត៕

Advertisement