សូដា​ នីតា ធ្វើឱ្យអ្នកគាំទ្រក្ដុកក្តួលអារម្មណ៍ពេលរំឭកដល់វិញ្ញាណក្ខន្ធ សាន ស្រីឡៃ

ដូចដែលប្រិយមិត្តអ្នកគាំទ្រទាំងអស់គ្នាបានដឹងហើយថា កាលពីឆ្នាំកន្លងទៅ តារាចម្រៀងស្រីនៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង សាន ស្រីឡៃ បានទទួលមរណភាពដោយសារអំពើបាញ់ប្រហារនៅក្នុងបរិវេណគ្លីនិកកែសម្ផស្សមួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលក្នុងអំឡុងពេលនោះ អ្នកនាង សាន ស្រីឡៃ ក៏កំពុងសម្ដែងក្នុងខ្សែភាពយន្តរឿង «រាជិនីភូមិគ្រឹះ» ក្នុងតំណែងជាក្មួយស្រី របស់នាង សូដា នីតា ដែលធ្វើឱ្យអ្នកទាំងពីរមានការប្រស្រ័យទាក់ទងគ្នាយ៉ាងស្អិតល្មួត ប្រៀបដូចមីង និងក្មួយបង្កើតពិតប្រាកដនៅក្រៅសាច់រឿងដូច្នោះដែរ។

គួរំឭកផងដែរថា ក្រោយពីការបាញ់សម្លាប់អ្នកនាង សាន ស្រីឡៃ ដែលជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសមក មានមិត្តៗសិល្បករជាច្រើននាក់បានបញ្ចេញសាររំលែកទុក្ខទៅកាន់អ្នកនាង និងក្រុមគ្រួសារ។ ក្នុងនោះដែរតារាស្រី សូដា នីតា ដែលជាតារាចម្រៀង និងសម្តែងជើងចាស់បានបង្ហោះសារដ៏ក្រៀមក្រំទៅកាន់អ្នកនាង សាន ស្រីឡៃ ដែលបានទទួលមរណភាពទៅហើយនោះថា «ទៅឱ្យបានស្ងប់សុខណាស្រីឡៃ ក្មេងល្អ ក្មេងឡប់របស់បង បើមានជាតិក្រោយ កុំអភ័ព្វដូចជាតិនេះណាអូន ស្រណោះទើបនិយាយពីថ្ងៃនោះសោះ»។ នេះជាការបង្ហាញអារម្មណ៍ដែលតារាស្រីរូបនេះ ដែលមានក្ដីសោកសង្រេង និងស្ដាយស្រណោះយ៉ាងខ្លាំងចំពោះរូបអ្នកនាង សាន ស្រីឡៃ។

ដោយឡែកស្រាប់តែនៅពេលថ្មីៗនេះ នាង សូដា​ នីតា បានបង្ហោះសាររំឭកដល់ សាន ស្រីឡៃ ម្ដងទៀត និងបានអះអាងថា នាងនៅតែមានអារម្មណ៍ថា ស្រឡៃ នៅតែហៅឈ្មោះនាងជាប់នឹងត្រចៀក។ «នៅសុខៗមានអារម្មណ៍នឹកក្មេងឡប់របស់មីងម្មាក់នេះខ្លាំងណាស់ សាន ស្រីឡៃ។ ខ្ញុំមានអារម្មណ៍ថា ដូចនាងនៅតែហៅខ្ញុំថា ( អ្នកមីងៗ) នៅក្បែរត្រចៀក ឮដូចពិតតិច ដូចយល់សប្ដិតិច។ តែទោះយ៉ាងណា ក្មេងឡប់ម្នាក់នេះបានរកឃើញទីកន្លែងសុខហើយ…មីងនឹកមែនណា៎ស្រីឡៃ» នេះជាសារនៃអារម្មណ៍ដែលនាងបានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន ដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងស្លុតអារម្មណ៍តាមយ៉ាងខ្លាំង៕

 

 

Advertisement