សុភ័ក្រ កុសុម៉ា បង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្រោយពីដឹងថា រកឃើញក្មេងទាំង13នាក់ក្នុងរូងភ្នំ

រឿងរ៉ាវរបស់ក្មេងៗក្រុមបាល់ទាត់ “ជ្រូកព្រៃ” ពិតជាមានការចាប់អារម្មណ៍ខ្លាំងទូទាំងពិភពលោកតែម្ដង សូម្បីតែប្រជាជនខ្មែរយើងក្នុងប្រទេសកម្ពុជា ដែលជាប្រទេសជិតខាងក៏បង្ហាញពីក្ដីបារម្ភ និងចូលរួមបន់ស្រន់ជាមួយគ្នាដែរ។ ទន្ទឹមនឹងការទទួលបានដំណឹងថា រកឃើញក្មេងៗទាំងអស់នោះហើយ ប៉ុន្មានម៉ោងមុននេះ តារាស្រីល្បីឈ្មោះពូកែវោហារស័ព្ទកំប្លុកកំប្លែង កញ្ញា សុភ័ក្រ កុសុម៉ា ក៏បានលើកឡើងពីបញ្ហានៃការរកឃើញក្មេងៗទាំង 12 រូប និងគ្រូបង្វឹកម្នាក់ដែលបាត់ខ្លួនក្នុងរូងភ្នំនេះដែរ។

យ៉ាងណាមិញតារាស្រីរូបនេះបានចូលរួមយោបល់ខ្លះៗ បន្ទាប់ពីបានទទួលដំណឹងពីការរកឃើញកីឡាករតូចៗទាំង 13 នាក់នៅក្នុងរូងភ្នំ ថាំលួង ដែលជាព័ត៌មានល្បីល្បាញ ជាពិសេសក្នុងបណ្តាញសង្គម Facebook តែម្តង។ ជាមួយគ្នាដែរ កញ្ញា កុសុម៉ា ក៏បានរៀបរាប់ក្នុងបណ្តាញសង្គម Facebook របស់ខ្លួនថា៖

«ថៃខ្លះស្អប់ខ្មែរ ខ្លះមើលងាយខ្មែរ តែបងប្អូនខ្មែរមិនដែលស្អប់វិញទេ មានតែពាក្យជូនពរគ្រប់ៗគ្នា បញ្ជាក់បានថាបងប្អូនខ្មែរមានបេះដូងស្មោះមិនគុំគួន មិនច្រណែន មិនដែលចង់ឈ្លានពាន មិនដែលចង់បានអ្វីក្រៅពីរបស់ខ្លួន ថ្ងៃណាមួយអ្នកនឹងយល់ ព្រោះរឿងរបស់ប្រទេសអ្នកទេ តែបងប្អូនខ្មែររបស់ខ្ញុំបារម្ភគ្រប់ៗគ្នា ទោះខ្លះនិយាយខុសឬត្រូវសូមមេត្តាជួយមើលផង ថាប្រទេសខ្ញុំយកចិត្តទុកដាក់លើប្រទេសអ្នកម៉េចខ្លះ កុំតិចឡើងជេរដៀលខ្មែរក្នុងទូរទស្សន៍ចង្អុលពេញៗកញ្ចក់ទូរទស្សន៍អី ហើយខ្ញុំសូមចូលរួមអបអរសាទរព្រោះបានរកឃើញប្អូនៗ13នាក់ឃើញហើយពីខ្ញុំជាកូនខ្មែរ សូមអរគុណ!(អូនសុំទៅគិតរឿងសប្បាយរបស់ប្រទេសអូនវិញព្រោះក្រមាខ្មែរទើបតែចុះកំណត់ត្រាពិភពលោកហើយថ្មីៗតោះបងប្អូនជប់លៀង)»។

សូមជម្រាបបន្ថែមផងដែរថា ការលើកឡើងរបស់តារាស្រីរូបនេះ ទំនងជានាងចង់បញ្ជាក់ពីបញ្ហា ដែលពិធីករស្ថានីយទូរទស្សន៍ ដែលបានបញ្ចេញកំហឹងប្រតិកម្មចំពោះទំព័រហ្វេសប៊ុកនៅកម្ពុជាមួយចំនួន ដែលបានបំផ្លើសព័ត៌មាន និងប្រឌិតរឿងហេតុនៃការស្លាប់របស់ក្មេងៗ ដោយរកឃើញសាកសព មុនពេលថ្ងៃទទួលដំណឹងថា ពួកគេនៅមានជីវិតនៅឡើយ។ ហើយពិធីកររូបនេះ បានធ្វើការស្នើរសុំឱ្យមន្ដ្រីប៉ូលិសថៃ ធ្វើការស៊ើបអង្កេតចំពោះបញ្ហានេះ និងចាប់ខ្លួនអ្នកបង្កចលាចលក្នុងសង្គមទៅតាមផ្លូវច្បាប់។

សម្តីរបស់កញ្ញា ប៉ុន្មានម៉ាត់នេះត្រូវបានមិត្តៗរួមអាជីព និងអ្នកគាំទ្រជាច្រើនរបស់កញ្ញា បានបញ្ចេញមតិគាំទ្រយ៉ាងខ្លាំង ចុះប្រិយមិត្តទាំងអស់គ្នាវិញ គិតយល់ឃើញយ៉ាងណាដែរ?

Advertisement