ខេមរៈ សិរីមន្ដ ឧបត្ថម្ភប្រាក់ 1ពាន់ដុល្លារ ជូនតារាចម្រៀង ចាន់ សម័យ

នៅពេលទទួលបានដំណឹងអំពីស្ថានភាពលំបាកលំបិនរបស់អតីតតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មព្រះវិហារ គឺលោក ចាន់ សម័យរួចមក គេសង្កេតឃើញថា មានតារាសម្ដែង និងតារាចម្រៀងជាច្រើនរូបបានរួបរួមថវិកាគ្នាបានមួយចំនួនជាទឹកចិត្តសប្បុរសធម៌ជួយដល់លោក ចាន់ សម័យ ដែលបច្ចុប្បន្ននេះលោកកំពុងមានជំងឺ រលាកខួរឆ្អឹងខ្នង ដែលជាមូលហេតុបណ្ដាលឱ្យលោកមិនអាចបន្ដអាជីពជាអ្នកចម្រៀងបានតទៅទៀត។

ជាក់ស្តែងថ្មីៗនេះ កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា គឺ​លោក ខេមរៈ សេរីមន្ត ក៏មានទឹកចិត្តអាណិតអាសូរ និងបានជួយជាទឹកប្រាក់ដើម្បីលើកទឹកចិត្តដល់បងប្រុស ចាន់ សម័យ ចំនួន1ពាន់ដុល្លារសហរដ្ឋអាមេរិកដែរ តាមរយៈបងប្រុសរបស់លោក ដោយបានយកទៅប្រគល់ជូនដល់ដៃរបស់អតីតតារាចម្រៀងរូបនោះតែម្តង។ ទឹកចិត្តនេះ ពិតជាធ្វើឱ្យមហាជនជាច្រើនកោតសរសើរពីសណ្តានចិត្តដ៏ល្អរបស់លោក ខេមរៈ សេរីមន្ត  ដែលមិនដែលភ្លេច និងបោះបង់អ្នកសិល្បៈដូចគ្នាដែលជួបការលំបាក ទោះបីជាពេលនេះខ្លួនមានប្រជាប្រិយភាពខ្លាំងប៉ុនណាក៏ដោយ។

សូមរំឭកផងដែរថា លោក ចាន់ សម័យ ដែលជាតារាចម្រៀងល្បីជំនាន់ទសវត្សរ៍ឆ្នាំ2០០០ ត្រូវបានគេបង្ហោះរូបនៅក្នុងហ្វេសប៊ុកក្នុងសភាពរស់នៅលំបាក ចិញ្ចឹមជីវិតដោយការស្ទួចត្រីចិញ្ចឹមគ្រួសារ។ លោកចាន់ សម័យ បានសម្ងំរស់នៅ ក្នុងផ្ទះជូល ជាមួយប្រពន្ធ និងកូនៗដល់ទៅ 5នាក់(ប្រុស2 ស្រី3) ស្ថិតនៅក្នុងបន្ទុកគ្រួសារ និងកំពុងសិក្សា។ លោក ចាន់ សម័យ បានប្រាប់សប្បុរសជនទាំងអស់ថា លោកនៅតែប្រកាន់ខ្ជាប់នូវពាក្យមួយឃ្លាថា «យើងលំបាក គេក៏មានទុក្ខលំបាករបស់គេដូចគ្នា តារាជាច្រើនសប្បាយៗតែនៅលើឆាក ឬតាមកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ តាមពិតពួកគេក៏មានទុក្ខដូចគ្នា  គ្រាន់តែគេមិននិយាយ យើងក៏មានទុក្ខ អ៊ីចឹងខ្ញុំមិនចង់ទៅរំខានអ្នកណាទេ»៕

Advertisement