សាលាបង្រៀន​អា​យ៉ៃមិន​យកលុយ​របស់លោក ព្រហ្ម ម៉ាញ ​នឹង​បើក​នៅក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ​

ជាមួយនឹង​គម្រោង​នៃ​ការបង្កើត​សាលាបង្រៀន​អា​យ៉ៃ និង​សិល្បៈ​បុរាណ​ដល់​អ្នកជំនាន់ក្រោយ ដើម្បី​បន្តវេណ និង​លើកស្ទួយ​វិស័យ​សិល្បៈ​ដ៏​កម្រ​មួយ​នេះ លោក ព្រហ្ម ម៉ាញ ជា​សម្បត្តិ​មនុស្ស​រស់​របស់​ជាតិខ្មែរ បាន​បញ្ជាក់ថា ការ​ដំណើរការ​សាលាបង្រៀន​ជំនាញ​ខាងលើ​អាច​នឹង​ចាប់ផ្តើម​នៅក្រោយ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរឆាប់ៗខាងមុខ។ កំពូល​អ្នកចម្រៀង​អា​យ៉ៃ​ប្រចាំ​ប្រទេស​រូបនេះ​បានលើកឡើង​ទៀតថា ចំពោះ​សាលាបង្រៀន​ជំនាញ​សិល្បៈ​ខ្មែរ​បុរាណ ដែលមាន​រូបលោក​ផ្ទាល់​ជា​អ្នក​បង្រៀន និង​បង្វឹក​បង្ហាត់បង្ហាញ​ផង​នោះ គឺអាច​ដំណើរការ​ទៅបាន​អាស្រ័យ​ដោយមាន​ការជួយជ្រោមជ្រែង​ទាំងស្រុង​ពី​សំណាក់ « សមាគម សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម » របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែល​នឹងត្រូវ​ចំណាយ​ថវិកា​ទៅលើ​ការជួល​ទីតាំង ថ្លៃ​ឧបករណ៍​ហាត់រៀន ថ្លៃ​ម្ហូបអាហារ​ចំនួន3ពេល ជាពិសេស គឺ​ការចំណាយ​ទៅលើ​កន្លែង​ស្នាក់នៅ​របស់​សិស្ស​ដែល​មក​សិក្សា​ជំនាញ​ទាំងនេះ​នៅ​ក្រុងភ្នំពេញ​ផ្ទាល់​តែម្ដង ។

ជាមួយគ្នានេះ លោក ព្រហ្ម ម៉ាញ ក៏បាន​បញ្ជាក់​សារជាថ្មី​ថា « សម្រាប់​ការសិក្សា​គឺ​មិន​តម្រូវឱ្យ​បង់ថ្លៃ​នោះទេ ដែល​សូម្បីតែ​ការហូបចុក និង​ស្នាក់នៅ​ក៏​ជា​បន្ទុក​របស់​សាលា​ជួយ​សម្រួល​ទាំងអស់ ។ ម្យ៉ាងវិញទៀត សម្រាប់​អ្នក​ដែលមាន​និស្ស័យ​ពី​ធម្មជាតិ​ជាមួយ​សិល្បៈ​បុរាណ​ខ្មែរ ជាពិសេស ផ្នែក​អា​យ៉ៃ​តែម្ដង គឺ​អាចមក​ដាក់ពាក្យ​នៅ « សមាគម​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម» ក៏បាន ឬ​អាច​ទំនាក់ទំនង​មកកាន់ Facebook ផ្ទាល់ខ្លួន​របស់ខ្ញុំ​ក៏បាន » ។

គួរកត់សម្គាល់​ផងដែរ​ថា នៅត្រឹម​មួយរយៈ​ចុងក្រោយ​នេះ វិស័យ​សិល្បៈ​បុរាណ​ខ្មែរ ជាពិសេស ផ្នែក​អា​យ៉ៃ ឆ្លើយឆ្លង ហាក់​ត្រូវបាន​បណ្តា​យុវជន​មួយចំនួនធំ​បំភ្លេចចោល​ស្ទើរ​ទាំងស្រុង ខណៈដែល​អ្នក​ទាំង​នោះបាន​ងាក​ទៅ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​វិស័យ​សិល្បៈ​បែប​ទាន់សម័យ ស្រប​ពេលដែល​លំហូរ​នៃ​សិល្បៈ​របស់​បរទេស​កើតមាន​យ៉ាងគំហុក​មកកាន់​ប្រទេស​ដែល​ធ្លាប់តែ​ប្រកាន់ខ្ជាប់​នូវ​សិល្បៈ និង​វប្បធម៌​ដ៏​ល្អ​ផូរផង់​មួយ​នេះ។ ដោយឡែក​ងាក​ទៅកាន់​បណ្តា​ក្រុមហ៊ុន ក៏ដូចជា​បណ្តា​ផលិតកម្ម​ក្នុងស្រុក​វិញ ក៏ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញថា ជា​ដើមចម​ចូលរួមចំណែក​ក្នុងការ​រំលត់​សិល្បៈ​បុរាណ​ខ្មែរ​មួយ​ផងដែរ ខណៈដែល​ភាគច្រើន​សុទ្ធតែ​បាន​ផ្តោត​ការផលិត​របស់ខ្លួន​ទៅតាម​បែ​បរទេស​និយម​នោះ ។

បើ​ស្រឡាញ់​សង្គមជាតិ​ខ្មែរ ស្រឡាញ់​វប្បធម៌​ខ្មែរ សូម​ចូលរួម​គាំទ្រ​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ​ទាំងអស់គ្នា ….

Advertisement