មហោ​ស្រពភាពយន្តអន្តរជាតិកម្ពុជា ប្រកាសបិទដោយបន្សល់ទុកសា្នមញញឹម

អស់រយៈពេល6 ថ្ងៃមកហើយ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី9 បានដាក់បង្ហាញខ្សែភាពយន្តល្បីៗរបស់កម្ពុជា និងអន្តរជាតិចំនួន 130 ចំណងជើង ខ្សែភាពយន្តទាំងនោះចាក់បញ្ចាំងនៅទូទាំងបណ្តារោងភាពយន្តក្នុងរាជ​ធានី​ភ្នំពេញប្រកបដោយភាពជោគជ័យ។

លោក Cedric Eloy និងលោក ជា សុភានារាត្រីបិទមហោស្រពថ្ងៃទី14 ខែមីនា នេះ បានប្រកាសឱ្យដឹងថា ឆ្នាំនេះមហោស្រពទទួលបានការ​គាំ​ទ្រ ​និង​មាន​អ្នកចូលរួមទស្សនាភាពយន្ត ក៏ដូចជាជួយផ្សព្វផ្សាយ​ពី​មហោស្រព​លើស​ពីឆ្នាំទៅ រហូតដល់ពាន់ពាន់នាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលជាចំនួន​មួយ​គួរ​ឱ្យ​គត់​សម្គាល់​។ លោក Cedric Eloy និង​សហការីរៀប​ចំមហោស្រព​នេះ ក៏សន្យា​ថា​មហោ​ស្រពភាពយន្តអន្តរជាតិកម្ពុជា នឹងត្រលប់មកវិញនៅឆ្នាំក្រោយ ដែលជាគម្រប់ខួបលើកទី 10 គ្រោងនឹងមានកម្មវិធីអស្ចារ្យជាងឆ្នាំនេះទៅទៀត ដែលមិនធ្វើឱ្យមហាជនអ្នកគាំទ្រខកបំណងឡើយ ពោលគឺ កាន់តែសម្បូរភាពយន្ដល្អៗទស្សនាយ៉ាងសប្បាយភ្នែក។

យ៉ាងណាមិញ កម្មវិធីបិទនេះ ក៏មានវត្តមានចូលរួមពីសំណាក់តារាសម្ដែងហ្វីលីពីនអ្នកនាង Shaina Magdayao ដែលជាតួអង្គក្នុងរឿង SEASON OF THE DEVIL និងតារាស្រី Iana Bernadez។ ជាមួយគ្នានេះ ក៏មានវត្តមានតារាសម្ដែង និងអ្នកដឹកនាំរឿង រឿង «The Prey» ដែលជាភាពយន្ដត្រូវបានជ្រើសរើសក្នុងមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសាន ឆ្នាំ 2018។ កញ្ញា ឌី សូនីតា ជាតារាសម្ដែងឯកស្រីនៅក្នុងរឿង «The Prey» បានប្រាប់សារព័ត៌មានឡារ៉ែន យប់នេះជាថ្ងៃដាក់បញ្ចាំងដំបូងរបស់រឿង «The Prey» បន្ទាប់ពីនាងបានចូលរួមថតអស់រយៈពេល 1 ឆ្នាំ និងរង់ចាំអស់ 2 ឆ្នាំទើបបានទស្សនារឿងនេះ។ អ្វីដែលប្លែកគឺថា រឿងនេះតម្រូវឱ្យនាងនិយាយភាសាចិនពេញមួយរឿងតែម្ដង ទាំងដែលនាងជាជនជាតិខ្មែរ ហើយអាចប្រើប្រាស់ភាសាចិនបានគួរសម។ នាងថា ប្រសិនបើខកខានមិនបានចូលរួមកម្មវិធីថ្ងៃបិទមហោស្រពនេះ នោះគឺត្រូវខកខានយ៉ាងធំក្នុងការទស្សនារឿង «The Prey» ហើយ ព្រោះទម្រាំតែរឿងបានចាក់បញ្ចាំងតាមរោងកុន គឺត្រូវរង់ចាំរាប់ខែឯណោះ ទើបអាចទស្សនាបាន។

សូមជម្រាបថា កម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី10 និងវិលត្រឡប់មកវិញនៅឆ្នាំក្រោយនេះ ហើយក៏មានមហាជនជាច្រើនបានញញឹមពោលសរសើរថា កម្មវិធីនេះ ជាកម្មវិធីល្អបំផុតក្នុងដើមឆ្នាំ 2019 ក្នុងការទស្សនាភាពយន្ដសម្រិតសម្រាំង និងមានភាពច្នៃប្រតិដ្ឋខ្ពស់ដ៏ច្រើនរឿង៕

Advertisement