រថយន្ត​ Minivan​ ម៉ាក​ Lexus​ ដំបូង​គេ​បាន​បង្ហាញមុខ​ជា​ផ្លូវការ​ហើយ​!

រថយន្ត​ Minivan​ ម៉ាក​ Lexus​ ដំបូង​គេ​បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅក្នុង​កម្មវិធី​ Shanghai​ Auto​ Show​ ដែល​ផលិត​ឡើងជា​ពិសេស​សម្រាប់​ទីផ្សារ​ប្រទេស​ចិន​ ហើយក៏​នឹង​ដាក់​លក់​លើ​ទីផ្សារ​អាស៊ី​ផង​ដែរ​។

រថយន្ត​ប្រភេទ​ Minivan​ នេះ​មាន​ម៉ូដែល​ជា​ Lexus​ LM​ ដែល​វា​មាន​ទ្រង់ទ្រាយ​ស្រដៀងនឹង​រថយន្ត​ Toyota​ Alphard​ ដែរ​ ប៉ុន្តែ​មាន​រចនាប័ទ្ម​ស្រដៀងនឹង​រថយន្ត​ Lexus​ ជំនាន់​ចុងក្រោយ​។ រថយន្ត​ LM​ ដែល​បង្ហាញខ្លួន​នៅ​សៀងហៃ​ គឺ​មាន​បំពាក់​កៅអី​ចំនួន4​ ដោយ​ផ្នែក​ខាងក្រោយ​ គឺ​ប្រៀប​ដូចជា​កាប៊ីន​យន្តហោះ​ប្រភេទ​ Business​-Class​ អ៊ីចឹង​ដែរ​។

កៅអី​អ្នកបើកបរ​ និង​កៅអី​អ្នកដំណើរ​ជួរ​ខាងក្រោយ​ត្រូវ​បាន​ខណ្ឌ​ចែក​ដោយ​ជញ្ជាំង​កញ្ចក់​មួយ​ដែល​អាច​បិទ​-បើក​បាន​ ហើយ​លើ​ជញ្ជាំង​នេះ​ក៏​មាន​បំពាក់​ទូរទស្សន៍​ដ៏​ធំ​មួយ​ និង​មាន​គ្រឿងបរិក្ខារ​ជាច្រើន​ទៀត​។ Lexus​ និយាយ​ថា​ រថយន្ត​ LM​ នេះ​ក៏​នឹង​មាន​ប្រភេទ​កៅអីអង្គុយ​ចំនួន7​ ផង​ដែរ​។

ចំណុច​សំខាន់​របស់​រថយន្ត​នេះ​ គឺ​កៅអី​អ្នកដំណើរ​ជួរ​ខាងក្រោយ​។ កៅអី​នេះ​មាន​បំពាក់​ប្រព័ន្ធ​កម្ដៅ​ ប្រព័ន្ធ​ខ្យល់​ មានមុខ​ងារ​ម៉ាស្សា​ និង​អាច​សេ0រ៉េ​បាន​ច្រើន​របៀប​។ កៅអីអង្គុយ​នេះ​មាន​ផ្ទុក​ដោយ​ Foam​ មួយ​ប្រភេទ​ ដែល​អាច​ឱ្យ​អ្នកដំណើរ​អង្គុយ​បាន​យ៉ាង​ស្រណុក​សុខ​ស្រួល​។

ទូរទស្សន៍​ជាប់​ជញ្ជាំង​ គឺ​មាន​ទំហំ​ 26អ៊ីញ​ អាច​ភ្ជាប់​ជាមួយ​ស្មា​តហ្វូ​ន និង​ Tablet​ ហើយ​អាច​ចា​ក់​ឌីស្ក​បាន​ទៀតផង​។ មុខងារ​ដទៃទៀត​ មាន​ដូចជា​ឧបករណ៍​បំពង​សំឡេង​ចំនួន19​ ទូទឹកកក​ចំណុះ​ 14លីត្រ​ ដែល​អាច​ដាក់​ស្រា​បាន​ 2ដប​ អេក្រង់​ Touch​ ស្ថិតនៅ​កណ្ដាល​កៅអី​ទាំង2​ សម្រាប់​បញ្ជា​ទូរស័ព្ទ​ បញ្ជា​កៅអី​ បញ្ជា​ម៉ាស៊ីន​ត្រជាក់​ និង​បញ្ជា​ប្រព័ន្ធ​សំឡេង​ជាដើម​។ លើស​ពីនេះ​នៅ​មាន​ស្រទាប់​ការពារ​ និង​ទប់​សំឡេង​រំខាន​ពី​ខាងក្រៅ​ទៀតផង​។

Lexus​ LM​ នេះ​មាន​ជម្រើស​ម៉ាស៊ីន​ចំនួន2​ គឺ​ LM​ 350​ ប្រើប្រាស់​ម៉ាស៊ីន​ 3.5លីត្រ​ 6ស៊ីឡាំង​ និង​ LM​ 300h​ ប្រើប្រាស់​ម៉ាស៊ីន​ 2.5លីត្រ​ 4ស៊ីឡាំង​ គួបផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​។ Lexus​ ទាំង2​ នេះ​នឹង​ចេញ​លក់​នៅ​ចុងឆ្នាំ2019​ នេះ​ ជាមួយ​ជម្រើស​ពណ៌ស​ និង​ពណ៌ខ្មៅ​។ តម្លៃ​មិនទាន់​បង្ហាញ​នៅឡើយ​ទេ​ ប៉ុន្តែ​វា​ច្បាស់ជា​ថ្លៃជាង​ Toyota​ Alphard​ មិនខាន​៕

Advertisement