សូ ស្រីលាភ ស្រាយចម្ងល់រឿងលុយទិញរថយន្ដ

ត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ កញ្ញាសូ ស្រីលាភ ហាក់ទទួលបានការគាំទ្រពីមហាជនយ៉ាងច្រើន តាមរយៈការសម្ដែងភាពយន្ដភាគនៅតាមបណ្ដាស្ថានីយទូរទស្សន៍នានា។ ស្របពេលគ្នានេះដែរ ក៏មានការលើកឡើងថា តារាសម្ដែងរាងខ្ពស់ស្រឡះនេះមិនត្រឹមឡើងកូដលឿនទេ សូម្បីតែជីវភាពរស់នៅប្រចាំថ្ងៃរបស់នាងឥឡូវ ក៏មានការប្រែប្រួលលឿនខុសពីធម្មតាដែរ ។

គេនៅចាំបានថាគ្រាដែលកញ្ញា សូ ស្រីលាភ ចូលប្រឡូកក្នុងសិល្បៈដំបូងៗ នាងពុំមានជីវភាពធូរធារទេ មានម្ដងម្កាលនាងត្រូវជិះរ៉ឺម៉កកង់បីជាមធ្យោបាយសម្រាប់ធ្វើដំណើរទៅបំពេញការងារថតនៅតាមទីកន្លែងផ្សេងៗនៅក្នុងក្រុងភ្នំពេញ តែមិនបានមួយឆ្នាំផង តារាសម្ដែងរូបនេះស្រាប់តែចាប់ផ្ដើមសម្ញែងភាពហ៊ឺហាតាមរយៈការប្រើសម្ភារល្អៗ និងប្រើប្រាស់រថយន្ដ។
បើទោះជារថយន្ដនោះស្ថិតក្នុងតម្លៃខ្ពង់ត្រឹមជាង 1ម៉ឺនដុល្លារក៏ពិតមែន ប៉ុន្ដែអ្នកស្គាល់នាងពីមុនពិតជាមានការងឿងឆ្ងល់ថា តើនាងបានថវិកាមកពីណាលឿនម្ល៉េះ បើកាលពីមួយឆ្នាំមុន តម្លៃខ្លួនក្នុងការងាររបស់នាងនៅមានកម្រិតទាបសោះហ្នឹង?!។

 

 

ជួបជាមួយកញ្ញា សូ ស្រីលាភ នាងពិតជាទទួលស្គាល់ថា ពេលចូលសិល្បៈដំបូង នាងជួបបញ្ហាខ្វះខាតលើជីវភាពពិតមែន ព្រោះពេលនោះឪពុកម្ដាយនាងពុំចង់ឱ្យនាងចូលប្រឡូកក្នុងសិល្បៈឡើយ ព្រោះខ្លាចនាងចំណាយពេលឥតប្រយោជន៍ តែនាងបានជម្នះចិត្ដធ្វើអ្វីៗដោយខ្លួនឯង ប៉ុន្ដែក្រោយពីទទួលបានប្រជាប្រិយភាពមកឪពុកម្ដាយរបស់នាងមានការពេញចិត្ដលើការងាររបស់នាងជាខ្លាំង។

នាងបន្ដថា៖ ”ក្រោយពីមើលឃើញការលំបាករបស់ខ្ញុំដែលបានតស៊ូកន្លងមក ពួកគាត់ក៏សម្រេចទិញរថយន្ដ Prius មួយគ្រឿងឱ្យខ្ញុំធ្វើជាមធ្យោបាយធ្វើដំណើរសម្រាប់បំពេញការងារសិល្បៈ”។

ជាមួយគ្នានេះដែរ កញ្ញាសូ ស្រីលាភ ក៏បានលើកឡើងថា អ្វីៗដែលនាងមានសព្វថ្ងៃនេះ គឺជាកម្លាំងញើសឈាមរបស់នាង លាយគ្នាជាមួយទ្រព្យសម្បត្ដិឪពុកម្ដាយនាង។ នាងមិនធ្លាប់បានទទួលយកការជួយជ្រោមជ្រែងពីនរណាក្រៅពីគ្រួសារឡើយ ព្រោះសូម្បីតែឪពុកម្ដាយនាងក៏ពុំពេញចិត្ដឱ្យនាងទៅធ្វើ ទង្វើខុសសីលធម៌ណាមួយដែរ បើពុំដូច្នេះទេពួកគាត់នឹងឱ្យនាងផ្អាកពីសិល្បៈភ្លាម៕

Advertisement