សឿន ផានផាភួង៖ ក្មេងស្រីឈូឈូ មិនមែនកូនខ្ញុំទេ

កញ្ញា សឿន ផានផាភួង ត្រូវបានគេចាត់ទុកថាជាតារាសម្ដែងប្រចាំក្នុងផលិតកម្មមហាហង្ស ព្រោះស្ទើរតែគ្រប់រឿងភាគក្នុងស្ថានីយទូរទស្សន៍ដែលផលិតឡើងដោយផលិតកម្មមួយនេះ ភាគច្រើនមានវត្ដមានរបស់នាង។ ថ្មីៗនេះនាងបានបង្ហាញនូវភាពស្និទ្ធស្នាលជាមួយគ្នាក្មេងស្រីម្នាក់ ថែមទាំងបានប្រើពាក្យសំដីយ៉ាងផ្អែមល្ហែមមិនខុសពីម្តាយ និងកូនទៀតផង។

ក្មេងស្រីដែលកញ្ញា សឿន ផានផាភួង បណ្ដើរទៅណាមកណាជាមួយគ្នានោះមានឈ្មោះថា អាង សុជាតា ហៅឈូឈូ។ សកម្មភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរ ត្រូវបានមហាជនលើកឡើងថា ទោះជាកញ្ញា ផានផាភួងមិនបានបញ្ជាក់ប្រាប់ពីទំនាក់ទំនងឱ្យពិតប្រាកដក៏ដោយ ប៉ុន្ដែគេជឿថាអ្នកទាំងពីរគឺជាម្តាយកូននឹងគ្នា ព្រោះម្ដងម្កាលនាងបានរបូតមាត់ហៅកុមារីឈូឈូថា កូនៗ។

ជួបកញ្ញា សឿន ផានផាភួង នាងប្រាប់ថា ការពិតឈូឈូជាក្មួយស្រីបង្កើតរបស់នាង។ កាលពីដំបូងឈូឈូមិនមែនជាអ្នកសិល្បៈទេ ប៉ុន្ដែក្រោយពីផលិតកម្មមហាហង្សឃើញនូវរូបសម្រស់ និងទេពកោសល្យសម្ដែងរបស់នាង ក៏បានលើកស្ទួយកុមារីឈូឈូ ឱ្យក្លាយតួឯកក្មេងនៅក្នុងរឿង «បំភ្លេចមិនបាន» តែម្តង និងរហូតមកដល់ពេលនេះនាងបានចុះកុងត្រាធ្វើជាតារាប្រចាំក្នុងការសម្ដែងរឿងភាគឱ្យផលិតកម្មមហាហង្សហើយ។

តារាសម្ដែងរូបនេះបានបញ្ជាក់ថា ៖ «មានមហាជនមួយចំនួនអាចនឹងយល់ច្រឡំថាជាកូនរបស់ខ្ញុំមែន ព្រោះសូម្បីតែមិត្តភ័ក្ដិរបស់ខ្ញុំមួយចំនួនក៏ច្រឡំថាឈូឈូជាកូនស្រីរបស់ខ្ញុំដែរ ទោះជាមានការបកស្រាយប្រាប់ហើយក៏ដោយ តែក៏នៅតែមានអ្នកខ្លះមិនជឿ និងអ្នកខ្លះជឿដែរ ព្រោះជាញឹកញយខ្ញុំតែងតែហៅឈូឈូថា កូនៗ»។

ទោះជាយ៉ាងណាកញ្ញាសឿន ផានផាភួង អះអាងថានាងពិតជាពុំធ្លាប់មានកូនពិតប្រាកដមែន មូលហេតុដែលនាងស្រឡាញ់ក្មួយដូចជាកូន ព្រមទាំងខំជំរុញក្នុងអាជីពសិល្បៈនេះ ព្រោះតែនាងមើលឃើញពីទេពកោសល្យរបស់ក្មួយដែលអាចនឹងទទួលភាពល្បីល្បាញនាពេលអនាគតបាន។ ម្យ៉ាងនាងគិតថា ការចូលសិល្បៈប្រសិនបើប្រតិបត្ដិខ្លួនបានល្អ និងមិនយកខ្លួនធ្វើជាឧបករណ៍សម្រាប់ឱ្យអ្នកនេះ អ្នកនោះចិញ្ចឹមទេនោះ វាជារឿងល្អណាស់ ដូច្នេះហើយទើបនាងមិនធ្វើអ្វីដែលនាំឱ្យរារាំងដល់ការងាររបស់ក្មួយស្រីក្នុងការឈានឆ្ពោះទៅរកភាពល្បីល្បាញឡើយ៕

Advertisement