អ្នកជំនាញ​ថា​មិន​ស្រួល​ទេ​ក្នុង​ការ​ថែរក្សា​សម្លៀកបំពាក់​សម្អាងការ​ខ្មែរ​ឱ្យ​ត្រូវ​ទម្រង់​

​អ្នក​ភ្នួង​ការ​ត្រូវ​ទម្រង់​ម្នាក់​ប្រកាស​ផ្ទេរ​ជំនាញ​ដល់​អ្នក​ចង់​សម្អាង​ឱ្យ​ត្រូវ​ទម្រង់​ខ្មែរ​ ​និង​ចង់ឱ្យ​អ្នកជំនាញ​សម្អាង​ខ្មែរ​ស្លៀក​ឈុត​ត្រូវ​ទម្រង់​។​

​បរិបទ​ចុងក្រោយ​ ​គេ​កត់សម្គាល់​ថា​ ​សម្អាងការ​នៅក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ប្រកួតប្រជែង​ម៉ូដ​គ្នា​ ​រំលេច​ឈុត​ប្លែក​ៗ​ចម្លង​តាម​ប្រទេស​ក្បែរ​ខាង​ ​ដោយ​ឈុត​មួយចំនួន​ជា​ឈុត​ទិញ​ស្រាប់​របស់​ប្រទេសជិតខាង​ ​ដោយធ្វើ​ឱ្យ​គេ​បារម្ភ​ពី​ការ​ចុះ​ខ្សោយ​នៃ​ទម្រង់​ខ្មែរ​ក្នុង​វិស័យ​សម្អាង​ផង​។​ ​អ៊ីចឹង​ហើយ​ ​ទើប​អ្នកឯកទេស​ខាង​ផ្នែក​តែង​សម្អាង​ឱ្យ​ត្រូវ​ទម្រង់​ខ្មែរ​មួយ​រូប​ ​ប្រកាស​ជា​សាធារណៈ​ថា​ ​ខ្លួន​នឹង​ផ្ទេរ​ចំណេះ​ជំនាញ​ពី​ការ​តែង​សម្អាង​ឱ្យ​ត្រូវ​ទម្រង់​នោះ​ទៅ​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ដោយ​គ្មាន​លក្ខ​ណ្ឌ​ ​ដើម្បី​កុំឱ្យ​បាត់បង់​ការយល់​ដឹង​។​

​លោក​ ​ហេង​ឡុង​ ​ម្ចាស់​សម្អាងការ​ហេង​ឡុងហ្គោល​ ​នៅ​បណ្ដោយ​ផ្លូវជាតិ​លេខ៦A​ ​ទល់មុខ​ផ្សារ​ព្រែក​លាភ​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នកឯកទេស​ផ្នែក​តែង​សម្អាង​ត្រូវ​ទម្រង់​បែប​ខ្មែរ​បាន​ល្អ​ ​បាន​អះអាង​កាលពី​ថ្ងៃទី៥​ ​កញ្ញា​ ​ឆ្នាំ២០១៩​ ​ក្នុង​ពិធីសម្ពោធ​ហាង​ថ្មី​ ​អម​ជាមួយ​ការ​ផ្លាស់​ឈ្មោះ​ពី​សម្អាងការ​ហេង​ឡុង​ ​មក​ជា​ហេង​ឡុងហ្គោល​ថា​ ​ឯកទេស​តែង​សម្អាង​របស់​លោក​ស្ទាត់ជំនាញ​ប្រមាណ២០ឆ្នាំ​មក​ហើយ​ ​ដោយ​ជំនាញ​ដែល​យល់ដឹង​ ​មិនមែន​ចេះ​តាម​គ្នា​នោះ​ទេ​ ​ពោល​គឺ​ទទួលការ​ហាត់រៀន​ច្បាស់លាស់​ពី​គ្រូ​ៗ​នៅ​ក្រសួងវប្បធម៌​ ​និង​ការសិក្សា​ស្រាវជ្រាវ​។​ ​លោក​ថា​ ​ខ្លួន​ស្គាល់​សំលៀកបំពាក់​ទម្រង់​ខ្មែរ​ ​ស្គាល់​ក្បាច់​ខ្មែរ​ ​តាំងពី​ក្លាយជា​ម្ចាស់​សម្អាង​ ​ខណៈ​ដែល​លោក​ក៏បាន​ប្រើ​ជំ​នាញ​ឌីហ្សាញ​ជា​សំលៀកបំពាក់​កូនក្រមុំ​ ​កុម្ម៉ង់​ជា​ក្បិន​ ​ជា​ឈៀង​ ​ជា​ខ្សែក្រវាត់​ ​បាន​ជាច្រើន​ម៉ូដ​ ​ក្នុង​រចនា​បទ​ខ្មែរ​ ​ដោយ​មិន​ខ្វល់​ពី​ការ​ចំណាយ​ដើមទុន​ខ្ពស់​ ​ដើម្បី​បន្សល់ទុក​ស្នាដៃ​។​ ​យ៉ាងណាមិញ​លោក​ថា​ខ្លួន​មិន​អាច​ប្រើ​តែ​ទម្រង់​ខ្មែរ​សុទ្ធ​ ​ដើម្បី​ឈរជើង​ក្នុង​អាជីព​សម្អាងការ​បានទេ​ ​គឺ​ត្រូវតែ​មាន​ឈុត​បែប​ប្រទេសជិតខាង​ ​និង​ឈុត​ច្នៃ​បំពេញ​តម្រូវការ​ផង​ដែរ​។​ ​លោក​ថា​ខ្លួន​ស្នាដៃ​គ្រប់​ម៉ូដ​ទាំង​បែប​ប្រពៃណី​សុទ្ធ​ ​និង​បែប​សម័យ​ ​ដោយ​គ្រាន់តែ​លោក​រមែង​ប្រាប់​ភ្ញៀវ​ជាប្រចាំ​ ​ថា​នោះ​មិនមែន​ជា​ឈុត​ទម្រង់​ខ្មែរ​ ​មិនមែន​ជា​រចនា​បទ​ខ្មែរ​ ​ដើម្បី​ឱ្យ​អតិថិជន​ធ្វើការ​ជ្រើសរើស​។​ ​

​លោក​ ​ហេង​ ​ឡុង​ ​ប្រកាស​ថា​ ​ខ្លួន​មិន​យកចំណេះ​ជំនាញ​ដែល​ខ្លួន​ចេះចាំ​ទៅ​កប់​ចោល​ទេ​ ​គឺ​ត្រូវតែ​ចែករំលែក​ ​ហើយក៏​មិន​គិត​កម្រៃ​ដែរ​ ​ឱ្យ​តែ​អ្នក​ទាំងនោះ​ចំណាយពេល​មក​សួរនាំ​ ​ឬ​ ​ស្មើ​ឲ្យ​លោក​បង្ហាត់បង្ហាញ​។​ ​លោក​ថា​ក្នុង​វិស័យ​សម្អាង​ ​លោក​ចង់តែ​ភ្នួង​ក្នុង​ឈុត​ដែល​ជា​ទម្រង់​ខ្មែរ​ប៉ុណ្ណោះ​ ​ដើម្បី​អភិរក្ស​ ​ប៉ុន្តែ​ដោយសារតែ​ការប្រកួត​ប្រជែង​ទើប​ឈុត​ក្លាយ​ត្រូវតែ​ធ្វើឲ្យ​ខ្លាំង​ស្របគ្នា​។​ ​ក្នុង​អាជីព២០ឆ្នាំ​ ​លោក​ថា​យល់ដឹង​ស៊ីជម្រៅ​ពី​ទម្រង់​ខ្មែរ​ ​ទាំង​របៀប​ស្លៀក​សំ​ឡុយ​ ​ចងក្បិន​ ​រចនា​បទ​គ្រឿង​ ​និង​ពិធី​កិច្ច​នី​មួយ​ៗ​ជាដើម​ ​ដោយ​លោក​បន្ត​ថា​ ​គឺជា​រឿង​លំបាក​មួយ​សម្រាប់​ម្ចាស់​សម្អាងការ​ ​ដោយសារតែ​សំលៀកបំពាក់​ ​និង​គ្រឿង​ទម្រង់​ខ្មែរ​ ​ត្រូវ​ចំណាយ​ខ្ពស់​ ​ព្រោះ​ត្រូវ​ផលិត​ថ្មី​ទាំងអស់​ ​មិន​ដូច​ឈុត​ស្រាប់​ៗ​របស់​ប្រទេស​ក្បែរ​ខាង​ឡើយ​។​ ​

​សូមជម្រាប​បន្ថែម​ថា​ ​ក្នុង​ពិធីសម្ពោធ​សម្អាងការ​ហេង​ឡុងហ្គោ​លនៅ​ក្នុង​ថ្ងៃ​នោះ​ ​គេ​ឃើញ​មាន​សុទ្ធតែ​វត្តមាន​អ្នក​ផាត់មុខ​អាជីព​ ​តារាចម្រៀង​បុរាណ​ ​ម្ចាស់​សម្អាង​កា​រល្បីៗ​ ​និង​តារា​មួយចំនួន​ផង​ដែរ​៕​

Advertisement