Pan Cake គ្រងតំណែងតួឯកក្នុងរឿង “ណាឃី” វគ្គ 2

បើតាមសារព័ត៌មានថៃ បានឱ្យដឹងថា មានដំណឹងលេចឮមកថា នៅទីបំផុតគម្រោងការថតរឿងភាគរបស់ស្ថានីយទូរទស្សន៍ថៃប៉ុស្ដិ៍លេខ 3 បានត្រៀមយករឿងភាគដ៏ល្បីល្បាញបំផុតគឺរឿង “ណាឃី” មកថតជាវគ្គទី​ 2 បន្ដទៀត​ ដែលសាច់រឿងនឹងនិយាយអំពីនាង ខាំកែវ វិញម្ដង។

ដូចដែលយើងធ្លាប់បានដឹងរួចមកហើយថា រឿង ណាឃី គឺជារឿងដែលទទួលបានពានរង្វាន់ជាច្រើនប្រចាំឆ្នាំ​ 2016 និងជារឿងភាគដែលពេញនិយមខ្លាំងជាងគេបំផុត រហូតដល់មានប្រជាជនក្នុងបណ្ដាប្រទេសក្នុងសហគមន៍ AEC បានទស្សនារឿងនេះហើយ លាន់មាត់សរសើរឥតឈប់ទៀតផង។

ដំណឹងថ្មីចុងក្រោយនេះ ត្រូវបានទម្លាយឱ្យដឹងថា អ្នកដឹកនាំរឿងនេះគឺលោក អហ្វ ផុងផាត់ មានគម្រោងប្ដូរតួសម្ដែងពីរឿងមុនដែលនាង TaewAew ជាអ្នកសម្ដែងតួនាង ខាំកែវ នឹងត្រូវបានជំនួសដោយតារាស្រី Pan Cake វិញម្តង នៅក្នុងសាច់រឿងរបស់នាង ខាំកែវ ។ គួរបញ្ជាក់ផងដែរថា ដំណឹងនេះមិនទាន់មានការអះអាងបញ្ជាក់ពីអ្នកដឹកនាំរឿងជាផ្លុវការនៅឡើយទេ ខណៈដែលតារាស្រីរូបស្អាត Pan Cake ក៏កំពុងជាប់ដៃសម្ដែងក្នុងរឿងប្រវត្តិសាស្ត្រថៃមួយដែរ គឺរឿង ស៊្រីអាយ៉ូថាយ៉ា ( ស្រីអយុធ្យា ) របស់ស្ថានីយទូរទស្សន៍ True 4U។

គួររំលឹកផងដែរថា Pan Cake គឺជាតារាឯករាជ្យដែលគ្មានជាប់កុងត្រាជាមួយស្ថានីយទូរទស្សន៍ណាមួយឡើយ ហើយនាងត្រូវបានគេទទួលស្គាល់ទៀតថា ជាតារា AEC ដែលទទួលបានការស្រឡាញ់ និងគាំទ្រពីបណ្ដាប្រទេសក្នុងសហគមន៍អាស៊ាន  ព្រោះនាងបានជួយការងារសង្គមជាច្រើន ជាពិសេសបានជួយការងារសប្បុរសធម៌ដល់ប្រទេសកម្ពុជា យើងទៀតផង៕

Advertisement