ផលិតករភាពយន្តរឿង «រាជបុរីCome back» មានភាពជឿជាក់ខ្លាំង

ទស្សនិកជនកំពុងតែរង់ចាំការចាក់បញ្ចាំងរឿង«រាជបុរីCome back» ដោយរំពឹងថានឹងបានទស្សនានៅក្នុងខែកក្កដានេះហើយ  នេះបើតាមការបញ្ជាក់ពីលោក ហ៊ួ សុផល ចាងហ្វាងផលិតកម្ម Classic។

រឿង«រាជបុរីComeback» បានធ្វើឱ្យមានការទាក់ទាញអារម្មណ៍ពីសាធារណជនជាខ្លាំងខណៈ អ្នកនិពន្ធបានផ្ដោតយកឈ្មោះតារាចម្រៀងនៅក្នុងផលិតកមុ្មClassicដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុនយកមកធ្វើជាប្រធានបទ។

លោកហ៊ួ សុផល ចាងហ្វាងផលិតកម្ម Classic បានបញ្ជាក់ថា បច្ចុប្បន្នរឿងនេះបានថតបញ្ចប់ និងត្រៀមចាក់បញ្ចាំងនៅក្នុងខែកក្កដានេះហើយ។ លោកបន្ដថា «រាជបុរីComeback» បានចំណាយទុនក្នុងការផលិតអស់ចំនួន 5ម៉ឺនដុល្លារអាមេរិកដោយមានការចូលរួមពីតារាសិល្បៈជិត100នាក់។

ចាងហ្វាងផលិតកម្មរូបនេះបានសម្ដែងពីអារម្មណ៍របស់ខ្លួនថា គ្រាដែលរឿងនេះគ្រោងនឹងចាក់បញ្ចាំងឆាប់ៗនេះ វាក៏ធ្វើឱ្យលោកកំពុងមានចិត្ដរំភើបខ្លាំងដែរ នៅពេលលោកទទួលបានព័ត៌មានមកពីខាងក្រៅថា ​មានអ្នកកំពុងរង់ចាំទស្សនារឿងនេះច្រើនណាស់។ លោកប្រាប់ទៀតថា៖ «ទោះបីជាខ្ញុំមិនអាចទស្សន៍ទាយបានថា លទ្ធផលនៃការដាក់បញ្ចាំងរឿងនេះនឹងទៅជាយ៉ាងណាក៏ដោយ ក៏ប៉ុន្ដែចិត្ដខ្ញុំផ្ទាល់ គឺមានក្ដីសង្ឃឹមទៅលើសាច់រឿងល្អៗដែលខ្ញុំបានដាក់បញ្ចូលគ្រប់រសជាតិ ពិសេសមានតារាល្បីៗ មានបទពិសោធជាច្រើនចូលរួមសម្ដែង»។ ជាមួយគ្នានេះដែរលោកបានប្រាប់ថា អ្វីដែលកាន់តែធ្វើឱ្យលោកមានភាពជឿជាក់ខ្លាំងនោះ គឺដោយសារតារាសម្ដែងគ្រប់រូបដែលចូលរួមសម្ដែងសុទ្ធតែពេញចិត្ដនឹងសាច់រឿងនេះទាំងអស់ និងបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើឱ្យរឿងនេះទទួលបានគុណភាពល្អ។

គួរបញ្ជាក់ផងដែរថា លោកហ៊ួ សុផល ធ្លាប់ផលិតរឿងទទួលបានការគាំទ្រជាច្រើនរួចមកហើយ ដូចជារឿង «អាបកាលីប009» «ទាយាទអារីយ៉ា» និង «កូនភ្លោះខ្ទើយចម្លែក» ជាដើម។ នេះជារឿងទី7 ហើយដែលលោកបានផលិត។ រឿង«រាជបុរីComeback» មានការចូលរួមសម្ដែងពីតារាល្បីៗដូចជា លោករតនៈ ពិសិដ្ឋ លោកឈួន ពន្លឺ  កញ្ញាអ៊ុន អាលីហ្សា កញ្ញាកុល ដាវី កញ្ញាស្រីពេជ្រ កញ្ញាជេស៊ីកា  ជាដើម។

កន្លងមកគេមើលឃើញថា លោកហ៊ួ សុផល បានផលិតសុទ្ធតែរឿងបែបកំប្លែង ឈុតឆាកខ្មោច បញ្ហានេះត្រូវបានលោកបញ្ជាក់ថា លោកចំណាយទុនផលិត គឺតម្រូវទៅតាមទីផ្សារយុវវ័យ និងតម្រូវការរបស់រោងភាពយន្ដ ប្រសិនបើលោកផលិតខុសពីតម្រូវការរបស់ទីផ្សារនឹងអាចធ្វើឱ្យលោកជួបបញ្ហាប្រឈមខ្លាំងជាមួយទុនផលិតរបស់ខ្លួន៕

Advertisement