តារាហុងកុង Ray Lui គ្រងតំណែងពានរង្វាន់មាសសម្ព័ន្ធភាពល្អថៃ-ចិន នៅទីក្រុងបាងកក

តារាឯកប្រុសហុងកុង Ray Lui បានបង្ហាញវត្តមាននៅលើកម្រាលព្រំក្រហមក្នុងឱកាសទទួលពានរង្វាន់មាស Thailand Headlines Person Of The Year Award 2017 ជាពានរង្វាន់សម្ព័ន្ធភាពល្អថៃ-ចិន នៅទីក្រុងបាងកក ប្រទេសថៃ។ ដោយឡែកតារារូបនេះបានធ្វើឱ្យនារីៗអ្នកគាំទ្រជនជាតិថៃស្រឡាញ់ និងស្វាគមន៍រូបលោកយ៉ាងកក់ក្ដៅបំផុត ដោយសារតែពួកគេធ្លាប់បានទស្សនាការសម្ដែងរបស់លោក ដែលភាគច្រើនជាតួអង្គអ្នកលេងបងធំនៅសៀងហៃ និងមានឈុតឆាកក្ដៅសាច់មួយចំនួនទៀតនៅក្នុងរឿងទៀតផង។

ពីធីជាមហាកិតិ្តយសនេះបានរៀបចំឡើងនៅក្នុងបរិវេណសាលប្រជុំ Bangkok Convention Center ជាន់ទី 22 នៃសណ្ឋាគារ Centara Grand Bangkok ក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលមានការដើរបង្ហាញម៉ូដលើកម្រាលព្រំក្រហមជាពិសេស និងមានវត្តមានតារាហុងកុងដូចជា Tain Boy Band NCT , Henry SJ , តារាស្រីថៃ Esther និងតារាជាច្រើនដួងទៀតផងដែរ។

ជាចុងក្រោយ នៅពេលដែលតារាឯកប្រុស Ray Lui បានបង្ហាញវត្តមានលើកម្រាលព្រំក្រហមភ្លាម ស្រាប់តែមានសំឡេងហ៊ោកញ្ច្រៀវលាន់ឡើងពេញសាលប្រជុំនោះ ដោយគេសង្កេតឃើញថា មានសុទ្ធតែអ្នកគាំទ្រនារីៗបានចេញមកស្វាគមន៍លោកដោយការសែលហ្វ៊ី និងចាប់ដៃគ្នា។ គួរបញ្ជាក់ផងដែរថា តារាប្រុសវ័យ 60 ឆ្នាំរូបនេះបានបង្កបរិយាកាសនាថ្ងៃនោះយ៉ាងសប្បាយរីករាយ ដោយមានការថតរូបជុំគ្នាជាពិសេសជាមួយអ្នកគាំទ្រ និងតារាថៃ ព្រមទាំងមានការសម្ដែងឈុតឆាកបងធំ និងបង្ហាញក្បាច់គុនលាយឡំនឹងទឹកមុខដ៏សង្ហារបស់លោក ដែលធ្វើឱ្យទស្សនិកជនចូលរួមកម្មវិធីនោះនឹកស្ងើចសរសើចំពោះសមត្ថភាពសម្ដែងរបស់លោកមិនដាច់ពីមាត់ឡើយ៕

Advertisement