កូនប្រុស Beckham ធ្វើឱ្យភ្ញាក់ផ្អើលក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ឪពុកម្ដាយ

ថ្មីៗនេះ មានអ្នកគាំទ្រជាច្រើនបានបង្ហោះរូបប៉ុន្មានស្លឹកដែលបង្ហាញពីភាពផ្អែមល្ហែមរវាងតារាស្រី Vitoria Beckham ជាមួយស្វាមី David Beckham អតីតកំពូលតារាបាល់ទាត់នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាម ក្នុងការរំឭកពីអនុស្សារីយ៍ខួបអាពាហ៍ពិពាហ៍ 18 ឆ្នាំ ដែលនាងបានរួមរស់ជាប្រពន្ធប្តីនឹងគ្នា ដែលរហូតមកដល់សព្វថ្ងៃនេះនាងមានបុត្រចំនួន 4 នាក់គឺ Brooklyn Joseph Beckham ,Romeo James Beckham , Cruz David Beckham និងកូនស្រីពៅ Harper Seven Beckham។

នៅក្នុងដែរ កូនប្រុសទី3 Cruz David Beckham បានយកកម្រងរូបភាពអាពាហ៍ពិពាហ៍របស់ឪពុកម្ដាយកាលពី 18 ឆ្នាំមុនមកបង្ហោះឡើងវិញ ព្រមទាំងសរសេរចំណងជើងជូនពរឪពុកម្ដាយរបស់ខ្លួនចេញពីដួងចិត្ត ដែលធ្វើឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងបណ្តាញសង្គមដែលមានអត្ថន័យដ៏សែនរំភើបចិត្តថា “ប៉ា.. ម៉ាក់ ខ្ញុំសឹងតែមិនចង់ជឿសោះឡើយថា ពេលវេលាបានកន្លងទៅអស់រយៈពេល 18 ឆ្នាំហើយ @David Beckham និង @Vitoria Beckham ខ្ញុំស្រលាញ់ប៉ា និងម៉ាក់ខ្លាំងណាស់ ហើយខ្ញុំចង់ឱ្យប៉ា និងម៉ាក់បានដឹងថា អ្នកទាំងពីរគឺជាឪពុកម្ដាយដែលល្អជាងគេបំផុតនៅក្នុងលោកនេះ ហើយខ្ញុំសប្បាយចិត្តដែលបានកើតនៅក្នុងគ្រួសារដែលល្អជាងគេនៅក្នុងលោកនេះ ..ខ្ញុំស្រលាញ់ប៉ា និងម៉ាក់”។

គួររំលឹកផងដែរថា តារាចម្រៀង Vitoria Beckham ដែលនិយមស្ទីលចម្រៀងប៉ុប និង R&B មានវ័យ 43 ឆ្នាំហើយ ហើយនាងបានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយនឹង David Beckham លើកដំបូងបង្អស់ គឺនៅក្នុងឆ្នាំ 1997 កាលគ្រាដែលកំពូលតារាបាល់ទាត់របស់អង់គ្លេសបានចូលរួមកម្មវិធីការប្រកួតបាល់ទាត់ជាលក្ខណៈសប្បុរសធម៌មួយ និងក្រោយពីទាក់ទងស្វែងយល់ចិត្តគ្នាបានរយៈមួយឆ្នាំ ពួកគេទាំងពីរក៏ប្រកាសរៀបមង្គលការនៅក្នុងខែកក្កដា ឆ្នាំ1998៕

Advertisement