ខៀវ សានសាណា នៅតែជាពិធីការិនីនាំមុខគេក្នុងកម្មវិធីធំៗជាង ១៨ ឆ្នាំមកនេះ

រាល់កម្មវិធីធំៗមិនថាលំដាប់ថ្នាក់ជាតិ ឬអន្ដរជាតិនោះទេ ខៀវ សានសាណា ត្រូវបានគេមើលឃើញថា អ្នកនាងបង្ហាញវត្តមានមិនបាត់មុខជានិច្ច នេះបើគិតមកទល់ថ្ងៃនេះម៉ោងនេះគឺមានរយៈពេល ១៨ឆ្នាំមកហើយ ដែលមហាជនជាច្រើនលាន់មាត់ថា អ្នកនាងជាពិធីការិនីឆ្នើម ដែលជោគជ័យក្នុងអាជីពអត្ថាធិប្បាយដាក់ក្បាលមេក្រូ។

មានសមត្ថភាពគឺជារឿងមួយ ក៏ប៉ុន្ដែអ្វីដែលសំខាន់ជាងនោះគឺ ការក្ដោបទីផ្សារដ៏ណែនក្នុងដៃ ទើបធ្វើឱ្យ សាណា រវល់នឹងការងារកើបលុយសឹងតែគ្មានពេលសម្រាក។ អ្នកនាង ខៀវ សានសាណា នៅតែស្ថិតក្នុងលំដាប់ជួរមុខ ជាពិធីការិនីដែលរកចំណូលបានខ្ពស់ និងមានទីផ្សារស្ទុះឡើងមិនថមថយ។ កម្មវិធីសម្ពោធ និងបង្ហាញផលិតថ្មីៗ ស្ទើរតែមិនបាត់មុខអ្នកនាងនោះទេ ដ្បិតថាពិធីករ និងពិធីការិនី ដែលអាចប្រើប្រាស់ភាសាបានល្អដូចអ្នកនាងច្រើនឡើងចាប់ផ្ដើមប្រជែងទីផ្សារ។

ជូបសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អ្នកនាង ខៀវ សានសាណា ប្រាប់ថា រៀងរាល់មួយខែៗ អ្នកនាងទទួលការងារមិនក្រោម២០កម្មវិធីនោះទេ ដោយអ្នកនាងមិនមានពេលទទួលកម្មវិធីជាន់គ្នា ដែលមិនខុសពីបោះលុយចោលនោះផង។ អ្នកនាងថាទីផ្សារពិធីការិនី ហាក់មិនមានការប្រែប្រួលក្នុងពេលដែលមានពិធីការិនីដែលមានសមត្ថភាពច្រើនឡើងលេចឡើងនោះទេ ផ្ទុយទៅវិញ ទីផ្សារការងារគឺនៅតែដដែល មិនខុសពី១៨ឆ្នាំមុនដែលអ្នកនាងទើបប្រឡូកឡើយ។

អ្នកនាងនិយាយថា ខែវស្សាដែលមិនសូវមានពិធីសម្ពោធផ្សេងៗ ក៏អ្នកនាងទទួលបានកម្មវិធីមិនក្រោម២០កម្មវិធីដែរ ខណៈដែលក្នុងរដូវបុណ្យការ គឺអាហ្វែកាត់នំ និងអាហ្វែបើកសម្ពោធផ្សេងៗ ក៏ត្រូវរត់ម្នាក់ឯង២-៣រោងក្នុងមួយថ្ងៃ។ អ្នកនាងថាសប្បាយចិត្ត ដែលនៅតែទទួលបានការគាំទ្រ ក្នុងអាជីពជាពិធីការិនី ដូច្នេះហើយទើបអ្នកនាងនៅតែក្រាញក្នុងអាជីពនេះ ដោយសារតែឃើញលុយនៅនឹងមុខៗ ហើយមិនចង់បោះចោល។ អ្នកនាងក៏ប្រកាសជំហរមិនដើរចោលជំនាញនេះផងដែរ បើទោះជាអ្នកនាងមានឱកាសបើកជំនួញ និងអាចទៅធ្វើការងារផ្សេងដោយមិនលំបាក៕

Advertisement