តារាសម្ដែង ឡោម លក្ខិណា នៅអាឡោះអាឡៃក្ដុកក្តួលចិត្តខណៈស្វាមីមរណភាពបិទភ្នែកមិនជិត

នេះ​ជា​ដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ ​និង​សោកសៅ​បំផុត​សម្រាប់​តារា​ចម្រៀង​ស្រី​អ្នកនាង ឡោម លក្ខិណា និង​ក្រុម​គ្រួសារ​ ខណៈ​ដែល​ស្វាមី​ជាទី​ស្រលាញ់​របស់​នាង​ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យស្លាប់​បាត់​បង់ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ។

បើ​តាម​ការ​បញ្ជាក់​ ឱ្យ​ដឹង​ពី​អ្នក​នាង ឡោម លក្ខិណា បាន​រៀប​រាប់​ថា​ ស្វាមីរបស់អ្នកនាងមានឈ្មោះ ប៉ា ច័ន្ទពិសិដ្ឋ គ្រោះ​ថ្នាក់​ចរាចរណ៍នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ១៦ ខែ​មករា ឆ្នាំ​២០២០ បុក​គ្នា​យ៉ាង​ពេញទំហឹង​ជាមួយ​រថយន្ត​កូរ៉េ​១​តោន​កន្លះ បណ្ដាលឱ្យស្លាប់ៗភ្លាមក្រោយបញ្ចូនទៅមន្ទីរពេទ្យ។ សពស្វាមីអ្នកនាងកំពុងតម្កល់រៀបចំ​ពិធី​បុណ្យ​សព​ស្ថិតនៅ​វត្ត​ក្រាំងធ្នុង ដែលត្រៀមបូជានៅថ្ងៃទី ១៧ នេះហើយ។ អ្នកនាងក៏បានអះអាងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដែរថា ខាងសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់អំពីភាពខុសត្រូវរវាងភាគីណាមួយនៅឡើយទេ មានតែការរង់ចាំការធ្វើការងារបន្ដរបស់សមត្ថកិច្ចតែប៉ុណ្ណោះ។

អ្នកនាងក៏បានបន្តទៀតថា ខណៈមុនពេលស្លាប់ ស្វាមីអ្នកនាងបានទាក់ទងមកអ្នកនាងក្នុងសភាពធម្មតា តែលុះទទួលបានដំណឹងដ៏រន្ធត់នេះ អ្នកនាងក៏នៅតែមានស្មារតីមិនស្លុតប៉ុន្មានទេ ព្រោះក្នុងចិត្តគិតថា ស្វាមីគ្រាន់តែជាគ្រោះថ្នាក់ចរាចរណ៍បន្ដិចបន្តួត មិននឹកស្មានថាទទួលរងយ៉ាងដំណំដូច្នោះឡើយ។ អ្នកនាងថា លុះសពស្វាមីអ្នកនាងបានដឹកទៅដល់មន្ទីរពេទ្យ ទើបខាងពេទ្យបញ្ជាក់ថា លោកបានបាត់បង់ជីវិតទៅហើយ។ ដំណឹងដែរទទួលបាននៅខណៈនោះ បានធ្វើឱ្យអ្នកនាងមានអារម្មណ៍ស្លុតស្មារតីជាខ្លាំងស្ទើតែទទួលយកមិនបានព្រោះភ្លាមៗខ្លាំងពេក។ តារាសម្ដែងស្រីរូបនេះថា ស្វាមីរបស់អ្នកនាងស្រឡាញ់កូនប្រុសខ្លាំងណាស់ អ្នកដឹងថា លោកបាត់បង់ជីវិតទាំងបិទភ្នែកមិនជិតទេ ព្រោះលោកនៅបារម្ភពីកូនប្រុសជាទីស្រលាញ់ មានឈ្មោះថា ខេង​​ រិទ្ធីស័ក្តិ ដែលមានអាយុទើបតែ ១០ ខែប៉ុណ្ណោះ។

ប្រកបដោយទឹកមុខក្រៀមក្រំ​​ តារាស្រីរូបនេះ​​​ ក៏បានពោលអញ្ជើញដល់ញាតិមិត្តជិតឆ្ងាយទាំងអស់ ចូលរួមពិធីបូជាសព​នៅថ្ងៃទី ១៧ មករា នៅទីតាំងវត្តក្រាំងធ្នង់។ ​សូម​ជម្រាប​ជូន​ដំណឹង​ដល់​ញាតិមិត្ត​ជិត​ឆ្ងាយ​នៃ​សព​ដែលអ្នកនាងមិនបាន​ទៅ​អញ្ជើញ​ដោយ​ផ្ទាល់ឱ្យបាន​ជ្រាប​ថា អាស្រ័យហេតុនេះ​ សូម​គោរព​អញ្ជើញ​ញាតិមិត្ត​ជិត​ឆ្ងាយ​ និងមិត្តសិល្បករមេត្តា​ចូលរួម​ដោយ​មេត្រីភាព៕

Advertisement