ព្រោះជំងឺរុករានខ្លាំង សំ ប៉ូលីដា ដាច់បាយអស់១ខែ

អតីតតារាកំប្លែងស្រីល្បីឈ្មោះ សំ ប៉ូលីដា ត្រូវបានគេដឹងថាធ្លាក់ខ្លួនមានជំងឺប្រចាំកាយ អាការដុនដាបធ្លាក់ក្នុងសភាពរយីរយាកត្អូញអត់ត្អូនលំបាកដាច់លុយ១ខែរួចមកហើយ ព្រោះជម្ងឺប៉ុន្មានមុខ មកផ្តាច់យកទៅសម្រាកព្យាបាល ប្រើប្រាស់ខ្ទង់ចំណាយច្រើនពេក។

អ្នកនាងសំ ប៉ូលីដា បានប្រាប់អ្នកសារព័ត៌មានថា បើទោះបីជាកន្លងមកមានអ្នករិះគន់អ្នកនាងច្រើន ក៏អ្នកនាងមិនខឹងអ្នកយល់ឃើញថានាងលាក់ពត់ ធ្វើជាឈឺនោះទេ។ ប៉ុន្តែសភាពពិតអំឡុងពេលនេះសេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃរបស់អ្នកនាង ចង់រលត់ដូចចង្កៀងជិតអស់ប្រេងបាត់ទៅហើយ។រាល់ថ្ងៃនាងបានការអាណិត អាសូរពីថៅកែហៀហ្គាដិនជ្រោយចង្វាមួយ បានអាសូរ ផ្តល់ទីកន្លែងឱ្យច្រៀង ចិញ្ចឹមកូន រូបនាងនិងម្តាយចាស់ ប្រមាណមួយឆ្នាំហើយ។

ជាក់ស្តែង១ខែកន្លងទៅនេះ អ្នកនាងឈឺធ្ងន់ដល់ថ្នាក់សម្រាកពេទ្យដោយជំងឺបេះដូង មេរោគក្នុងថ្លើមនិងជំងឺមួយចំនួនទៀត។ រយៈពេល១ខែអាក់ខានឡើង ច្រៀងពេលខ្លះធូរបន្តិចក៏ស្ទុះទៅច្រៀង បានតែ១បទឬ២បទក៏ត្រជាកដៃជើង បេះដូងធ្វើទុក្ខដឹកមកពេទ្យក៏មាន។ អ្នកនាងមិនចង់អត់កន្លែងច្រៀងទេ ព្រោះទីតាំងហាងខាងលើនេះ ហើយដែលអោយតម្លៃអ្នកនាងបានការងារធ្វើ។ ម្ល៉ោះហើយទើបខ្លាចចិត្តថៅកែបើទោះជាគាត់ ឱ្យសម្រាកមើលខ្លួនឱ្យជា និងជួយផ្តល់ថវិកាថ្លៃព្យាបាលក៏អ្នកនាងនៅតែឆ្លៀតមកច្រៀង។

អ្នកនាងថា ការធ្លាក់ខ្លួនក្រជាបទពិសោធន៏មួយដែលស្តាយបំផុតក្នុងឆាកជីវិត ។ ពេលអំឡុងល្បីឈ្មោះលេងកំប្លែងគឺរកលុយបាន គិតតែពីហុឺហារ ដើរចាយវាយលុយកាក់ផឹកសុីភ្លើតភ្លើន មិនចេះទិញដីធ្លីទុក ដល់ពេលធ្លាក់ខ្លួនទើបដឹង។ ទាំងនេះជាបទពិសោធន៏តារាជំនាន់ក្រោយរកបាន កុំដើរខ្ជះខ្ជាយសន្សំលុយទុកដាក់ឱ្យល្អ។ សព្វថ្ងៃនេះលក់ទ្រព្យអស់ពីខ្លួន មើលជំងឺ ហើយស្ថានភាពជំងឺក៏ល្អមកវិញ ។

Advertisement