លឿនមែនទែន!! «កុមារី ២៥ ឆ្នាំ វគ្គ៣» ប្រកាសត្រៀមចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះហើយ

ដូចប្រិយមិត្តជាច្រើនបានជ្រាបមកហើយថា ខ្សែភាពយន្ត​រឿង «កុមារី២៥ឆ្នាំ» បានបញ្ចេញជាលើកដំបូងនៅឆ្នាំ២០១២ ហើយបន្ទាប់ពីជោគជ័យនៅក្នុងការបញ្ជាំងដោយមានការគាំទ្រយ៉ាងខ្លាំងក្លានោះ រឿង «កុមារី២៥ឆ្នាំ វគ្គ២» ក៏បានបញ្ចេញជាថ្មីនៅឆ្នាំ២០១៣។ ក្រោយពីសម្រុកថតអស់រយៈពេលប៉ុន្មានខែមកនេះ «កុមារី ២៥ ឆ្នាំ វគ្គ៣» ស្រាប់តែប្រកាសចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះហើយ។

តាមរយៈទំព័រផេកភាពយន្តរឿង «កុមារី ២៥ឆ្នាំ»បានឱ្យដឹងថា ភាពយន្តខ្នាតធំបែបកំប្លែង សើចចុកពោះប្រចាំឆ្នាំ ២០២០ នេះគឺរឿង «កុមារី ២៥ ឆ្នាំ វគ្គ៣»ដែលជាស្នាដៃនិពន្ធ និង ដឹកនាំរឿងដោយអ្នកស្រី ពាន់ ភួងបុប្ផា រួមសម្តែងដោយ ញ៉ែម សុគន្ធ និង នី មុល្លិកា រួមទាំងតារាកំប្លែងល្បីៗមួយចំនួនទៀតផង។ ជាពិសេសភាពយន្តនេះត្រូវបានសហការផលិតរួមគ្នារវាងផលិតកម្ម កងចក្រភីកឈ័រ និង ផលិតកម្ម អិមស៊ីអិនវីភីកឈ័រ។ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ នៅគ្រប់រោងភាពយន្តក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថាភាយន្តនេះមិនទាន់មានវីដេអូ Trailer ចាក់បង្ហាញដល់​ទស្សនិកជននៅឡើយទេ តែប្រិយមិត្តជាច្រើន​ទាយទុកមុន​ថារឿង «កុមារី ២៥ឆ្នាំ» វគ្គចុងក្រោយនេះ នឹងធ្វើ​ឱ្យ​ពួកគេផ្ទុះសំណើច​ក្អាកក្អាយ ហ៊ោរកញ្ជៀវពេញ​រោងភាពយន្ត​មិនខាន។ យោង​​តាម​ផេកហ្វេសប៊ុក​រឿង «កុមារី ២៥ឆ្នាំ» បង្ហោះ​កាលពីចុងឆ្នាំ ២០១៩ បានបង្ហើបតិចៗ​ថា​ភាពយន្តនេះ​ត្រៀមនឹង​ចាក់​បញ្ចាំង នាពេលឆាប់ៗ​ខាងមុខនេះគ្រប់​រោងភាពយន្តនៅក្នុងស្រុកខ្មែរ។ ចង់ដឹងថា​ក្នុងវគ្គចុងក្រោយនេះ នឹងមានអ្វីប្លែកខ្លះ? រង់ចាំទស្សនា​ទាំងគ្នា៕

Advertisement