សិល្បករគ្រួសារតារាកម្ពុជា និងសប្បុរសជន រួមគ្នាចែករំលែកក្ដីស្រឡាញ់ និងនាំអំណោយជូនដល់កុមារកំព្រា

ពិតជាមានក្ដីរំភើបឥតឧបមា ខណៈបានឃើញទឹកចិត្តរបស់សិល្បករពីក្រុមគ្រួសារតារាកម្ពុជា និងក្រុមសប្បុរសជនតែបៃតងថេនសៃ រួមគ្នានាំក្ដីស្រឡាញ់និងអំណោយដែលមានដូចជា មានភេសជ្ជៈតែបៃតងជិត៣០កេស ទឹកសុទ្ធជាច្រើនកេស មីសរុបជាង១០កេស ត្រីចសរុបជាង២កេសធំ អង្ករ៦បេ ទឹកត្រីទឹកស៊ីអ៊ីវ សំលៀកបំពាក់ នំណី និងថវិកាសរុបជិត៣លានរៀល ជូនដល់សមាគមក្មេងកំព្រាស្នាមញញឹមនៃក្ដីសង្ឃឹមរបស់កុមារ។

លោក ទួន ប៉ូលី អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនតែបៃតងថេនសៃ បានថ្លែងបញ្ជាក់ថា នេះជាលើកទី១ ដែលក្រុុមហ៊ុនសហការជាមួយក្រុមសិល្បករគ្រួសារតារាកម្ពុជា ហើយឃើញតារាសិល្បៈទាំងនេះ រួមគ្នាទិញជាសម្ភារៈ និង គ្រឿងឧបភោគបរិភោគបរិភោគជាច្រើនទៀត ធ្វើឱ្យជំនួយនៅក្នុងថ្ងៃនោះមានកម្រិតធំ។ លោកប្រកាសជំហរថា នឹងបន្តសហការជាមួយគ្រួសារតារាកម្ពុជា ឱ្យបានច្រើន ដើម្បីការងារសង្គម។ ក្នុងនោះលោក ក៏បានប្រកាសផ្ដល់ម៉ាស៊ីនចម្រោះទឹកស្អាត អំពូលសុឡាបំភ្លឺផ្លូវចូលសម្រាប់ក្មេងៗ និងប្រកាសផ្ដល់ក្នុងមួយខែ១៥០០ដុល្លារ ដើម្បីបំពេញកង្វះខាតផ្នែកម្ហូបអាហាររបស់សមាគមផងដែរ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ថ្លែងថា អំណោយដែលបានប្រគល់ជូននេះមានចំនួន៣ផ្នែក មួយផ្នែកជាការចូលរួមរបស់ក្រុមហ៊ុនតែបៃតងថេនសៃ មួយផ្នែកជាការគៀរគរ និងការបរិច្ចាគផ្ទាល់ពីតារាសិល្បៈរបស់់គ្រួសារតារាកម្ពុជា និង មួយផ្នែកទៀត គឺជាការផ្ដល់ដោយលោកឧកញ៉ាបណ្ឌិត គាង សេង ប្រធានក្រុមហ៊ុនគាងសេង ដែលជួយជាផ្ទាំងសុឡាបំភ្លឺផ្លូវ ថវិកា១លានរៀល និងសន្យារកជំនួយជូនក្នុងមួយខែ១៥០០ដុល្លារ ផ្គត់ផ្គង់ថ្លៃម្ហូប និងតម្រូវការ ទើបធ្វើអោយជំនួយដែលយកទៅប្រគល់ជូននោះមានចំនួនច្រើន។ លោកក៏ថ្លែងអំណរគុណយ៉ាងពិសេសចំពោះម្ចាស់ជំនួយ និងតារាសិល្បៈផងដែរ ដែលមិនត្រឹមតែលះបង់ពេលវេលា និងលុយកាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កភាពរីករាយដល់ក្មេងៗយ៉ាងជិតស្និទ្ធិ មុនទិវារនៃក្ដីស្រលាញ់មកដល់នោះផង៕

Advertisement