ពិធីករ សន សុវណ្ណារ៉ា​ ប្រកាសមិនចោលសិល្បៈបើទោះមុខជំនួញខ្លួនកំពុងជោគជ័យខ្លាំង

ពិធីករ និងជាតារាសម្តែងសាច់ទ្រលុកទ្រលុន លោក សន សុវណ្ណារ៉ា ប្រកាសថា ខ្លួននឹងមិនបោះបង់ចោលវិស័យសិល្បៈឡើយ បើទោះបីពេលនេះកំពុងមមាញឹកខ្លាំងជាមួយក្រុមហ៊ុនផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ។

មិនខុសពីតារាសម្តែងទូទៅដែលតែងមានអាជីវកម្មផ្ទាល់ខ្លួន ក្រៅពីអាជីពក្នុងរង្វង់សិល្បៈ លោក សន សុវណ្ណារ៉ា ដែលគ្រប់គ្នាស្គាល់ថាជា ពិធីករ និងជាតារាសម្តែងសាច់ទ្រលុកទ្រលុន ក៏កំពុងមមាញឹកខ្លាំងនិងក្រុមហ៊ុនដែលជាអាជីវកម្មផ្ទាល់របស់លោកដូចគ្នា។ ដោយក្រុមហ៊ុនរបស់ពីធីកររូបនេះ ឈ្មោះថា RA Group ជាក្រុមហ៊ុនពិធីការ ទទួលរៀបចំគ្រប់កម្មវិធី ពិសេសពិធីផ្លូវការ ដែលមានរៀបចំជាប្រភេទបដិសណ្ឋារកិច្ច។ ត្បិតកំពុងរវល់ហើយមមាញឹកខ្លាំងជាមួយអាជីវកម្មយ៉ាងណាក្តី ក៏ពិធីកររូបនេះគ្មានបំណងបោះបង់អាជីពសិល្បៈនោះឡើយ ព្រោះតែវិថីសិល្បៈទើបធ្វើឱ្យលោក​មានថ្ងៃនេះ។ ដូច្នេះ ទោះយ៉ាងណាក៏លោកមិនបោះបង់ឡើយ។​

នេះបើតាមការបញ្ជាក់អះអាងរបស់លោក លោក សន សុវណ្ណារ៉ា ខណៈលោកកំពុងធ្វើជាពិធីករ ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ពាណិជ្ជកម្មថៃឆ្នាំ២០២០ ដែលទើបប្រារព្ធចប់សព្វគ្រប់កាលពីពេលថ្មីៗនេះ។ លោកថា សម្រាប់ការងារសិល្បៈ សព្វថ្ងៃខ្លួនកំពុងមានទីផ្សារខ្ពស់លើអាជីពជាពិធីករ ឯកម្មវិធីតាមប៉ុស្តនានាគឺមួយៗប៉ុណ្ណោះ ចំណែកសម្រាប់ទីផ្សារការសម្តែងវិញមិនស្ងាត់នោះទេ គឺលោកតែងមានផលិតករទាក់ទងមកដើម្បីរួមសម្តែងជាមួយគ្នា ប៉ុន្តែលោកពុំសូវបានទទួលនោះឡើយ ព្រោះរាល់ភាពយន្តដែលទទួលថតត្រូវចំណាយពេលយូរ ហើយលោកមិនមានពេលវលាគ្រប់គ្រាន់។ បង្ហើបបន្ថែមប្រាប់អ្នកសារពត៌មាន សុវណ្ណារ៉ា ថា ថ្មីៗទើបមានផលិតករទំនាក់ទំនងមកលោក ហើយក៏កំពុងស្ថិតក្នុងការចរចារ តែសម្រាប់ជាក់ស្តែងអាចទទួលការងារនោះបានឬយ៉ាងណាលោកនៅពុំទាន់អាចបញ្ជាក់បាននៅឡើយ៕

Advertisement