ផលិតករល្បីឈ្មោះលោក អ៊ិន សុភិន សម្រេចផែនការទាំង ៣​ នៅលើទឹកដីសហរដ្ឋអាមេរិក

ថ្មីៗនេះផលិតករល្បីឈ្មោះលោក អ៊ិន សុភិន បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា លោកបានសម្រេចផែនការធំៗចំនួន៣ព្រមគ្នាគឺ ទី១៖ គឺមកចចារជាមួយដៃគូពាណិជ្ជកម្មក្នុងអាជីវកម្មដឹកជញ្ជូនដែលជាក្រុមហ៊ុនក្រៅសិល្បៈរបស់លោក។ ទី២៖ ដើម្បីយកប័ណ្ណសរសើរមកប្រគល់ជូនតារាសម្ដែង លោក យស បូវណ្ណៈ ដែលត្រូវបានមហោស្រពភាពយន្តអន្តរជាតិនៅទីក្រុងម៉ាកាវ កន្លងទៅប្រគល់ពានឱ្យ និង ទី៣៖ គឺដើម្បីយកបែបបទឯកសារមកឆ្លងជាមួយគណកម្មការមហោស្រពភាពយន្តអាស៊ីអន្តរជាតិ នៅសហរដ្ឋអាមេរិក ដើម្បីយកភាពយន្តមួយចំនួនរបស់មហាហង្ស ទៅប្រកួតប្រកួតប្រជែងនៅអាមេរិក នាពេលខាងមុខ។

លោក អ៊ិន សុភិន បញ្ជាក់ថា ក្នុងចំណោមគោលបំណងទាំង៣ លោកបានសម្រេចរួចរាល់អស់ហើយ ដោយលោក យស បូវណ្ណៈ មិនត្រឹមតែបានទទួលប័ណ្ណសរសើរ ដែលមានឈ្មោះរបស់ខ្លួន ដែលបានពីមហោស្រពភាពយន្តនៅម៉ាកាវប៉ុណ្ណោះទេ តែក៏បានយកពានដែលពានរួមតម្កល់ទុកសម្រាប់ក្រុមហ៊ុន យកទៅឱ្យលោកបានថតទុកជាអនុស្សាវរីយ៍ ព្រោះតែលោកមិនអាចទៅទទួលនៅក្នុងទីក្រុងម៉ាកាវនាពេលជាប់នោះផង។

យ៉ាងណាមិញ សម្រាប់ការចរចាជុំវិញការដាក់ភាពយន្តចូលប្រកួតនៅក្នុងមហោស្រពភាពយន្តអន្តរជាតិនៅសហរដ្ឋអាមេរិក ក៏សម្រេចផងដែរ បន្ទាប់ពីការជជែកយ៉ាងលម្អិតរបស់លោកជាមួយថ្នាក់ដឹកនាំមហោស្រព គឺបានឯកភាពគ្នា និងសម្របសម្រួលគ្នាលើលក្ខណ្ឌជាច្រើន គ្មានការខ្វែងគំនិតគ្នា។ យ៉ាងណាមិញលោកនៅមិនទាន់បង្ហើបនៅឡើយទេ ថាលោកនឹងជ្រើសភាពយន្តខ្លាំងៗរបស់មហាហង្សណាខ្លះ ចូលរួមក្នុងមហោស្រពនៅអាមេរិកនោះ៕

Advertisement