តារាចម្រៀងថៃ 7 ដួង ល្បីដោយសារបទនិពន្ធថ្មីដោយខ្លួនឯង

បើនិយាយពីរឿងចម្រៀង តន្រ្តី ដែលមានការប្រកួតប្រជែងក្នុងការតាក់តែងនិពន្ធថ្មី ទំនុកភ្លេងថ្មីដោយអ្នកច្រៀងខ្លួនឯង និងរៀបរាប់សាច់រឿងនៅក្នុងបទចម្រៀងដែលធ្វើឱ្យអ្នកស្ដាប់មានការទាក់ចិត្តដិតអារម្មណ៍ និងមានការគាំទ្រច្រើននោះ វាជារឿងមួយដែលពិបាកនឹងធ្វើបានណាស់ទម្រាំតែទទួលបានភាពជោគជ័យ តែដោយឡែកមានតារាថៃចំនួន 7 ដួង ដែលបានបញ្ចេញបទចម្រៀងរបស់ខ្លួនមួយបទដំបូងហើយ ទទួលបានគាំទ្រពីសំណាក់អ្នកស្តាប់ជាច្រើនដោយសារស្នាដៃរបស់គេខ្លួនឯងផ្ទាល់។ បើចង់ដឹងថា តើមានតារាចម្រៀងណាខ្លះនោះ សូមទស្សនារូបភាព និងប្រវត្តិខ្លះៗខាងក្រោមនេះ ៖

1.ឡាំយ៉ៃ ហៃថងខាំ


ចាប់ផ្ដើមពីតារាដំបូងគេដែលជាម្ចាស់បទ “ผู้สาวขาเลาะ ” ( ភូសាវខាឡក់) ច្រៀងដោយ ឡាំយ៉ៃ ហៃថងខាំ។ នាងទទួលបានការគាំទ្រ និងល្បីល្បាញខ្លាំងបំផុត ដែលពីដំបូងឡើយ នាងបានត្រឹមតែបង្ហោះចម្រៀងដែលខ្លួនឯងនិពន្ធនៅលើបណ្ដាញសង្គមតែប៉ុណ្ណោះ តែបច្ចុប្បន្ននេះនាងបានចូលច្រៀងនៅក្នុងផលិតកម្មធំមួយ ព្រមទាំងបានបញ្ចេញបទដែលនិពន្ធដោយខ្លួនឯងថ្មីៗ2 ទៀតដែលកំពុងមានការគាំទ្រយ៉ាងឥតឈប់ឈរ។ គួរបញ្ជាក់ថា តារាស្រីរូបនេះនិយមនូវការស្លៀកពាក់បែបសិចស៊ី និងមានសំឡេងពីរោះតាមបែបចម្រៀង លូកធុង (បទមនោសញ្ចេតនាស្រុកស្រែ)។

2. យីងលី ស្រ៊ីជុមផុន


ជាបទចម្រៀងរបស់នាងដែលល្បីល្បាញបំផុត មានអ្នកចូលទស្សនាច្រើនជាងគេប្រចាំឆ្នាំ2015 គឺបទ “ขอใจเธอแลกเบอร์โทร ” (ខចៃធឺលែកប៊ើថូ) ជាបទចម្រៀងដែលនិពន្ធដោយរូបនាងខ្លួនឯង ដែលពេញនិយមបំផុតពេញមួយឆ្នាំតែម្ដង ហើយដោយសារបទនេះដែរ បានធ្វើឱ្យតារាស្រីរូបនេះកើបលុយជាច្រើន និងបានទិញផ្ទះនៅ ព្រមទាំងជួយទំនុកបម្រុងឪពុកម្ដាយឱ្យបានរស់នៅស្រួលទៀតផង។

3.ជេននីហ្វ៊ើរ ឃីម


ជាតារាចម្រៀងដែលឆ្លងកាត់ការប្រឡងចម្រៀង និងនិពន្ធចម្រៀងបានមួយបទទទួលបានការគាំទ្រតែម្តង ហើយចម្រៀងរបស់នាងត្រូវបានយកទៅធ្វើជាចម្រៀងក្នុងខ្សែភាពយន្ដខ្នាតធំដែលមានចំណងជើងថា “คิดถึงเธอทุกที ” ( ឃិតធឹងធើធុកធី) មានន័យជាភាសាខ្មែរថា “នឹកបងគ្រប់ទីកន្លែង”។ បន្ទាប់មកទៀតគេសង្កេតឃើញថា តារាស្រីរូបនេះ ហាក់ដូចជាស្ងាត់ការនិពន្ធបទចម្រៀង និងងាកមកច្រៀងបទបរទេសច្រើនជាងបទថៃទៅវិញ។

4. ប៉ើន ប្រាថុមរ៉ាត


ជាតារាចម្រៀងដែលមានសមត្ថភាពតាក់តែងនិពន្ធទំនុកច្រៀង បទភ្លង លេងឧបករណ៍តន្រ្តី និងសមត្ថភាពជាច្រើនទៀត ដែលធ្វើឱ្យលោកចាប់ផ្តើមទទួលបានភាពល្បីល្បាញ និងគាំទ្រចេញពីការបង្ហោះឃ្លិបវីដេអូចម្រៀងនៅលើបណ្ដាញសង្គម Facebook រហូតដល់ក្លាយជាតារា Net Idol ដែលមានអ្នកគាំទ្រទស្សនា 100 លានវីយូ ( Views ) ដែលបទរបស់លោកមានចំណងជើងថា “อ้ายมีเหตุผล”( អាយមីហេតផុន) មានន័យថា “បងមានហេតុផល” នៅក្នុងផលិតកម្ម RSiam។

5.ចាក់ នុងផានី


មានមនុស្សជាច្រើនធ្លាប់ស្គាល់នាងថាជា ចាក់ អាស្យាម ជាតារាចម្រៀងសិចស៊ី និងមានក្បាច់រាំស្រើបស្រាលបំផុត ក៏ប៉ុន្ដែនាងត្រូវបានអ្នកគាំទ្រស្គាល់ដំបូងបង្អស់តាមរយៈបទចម្រៀងរបស់តារាកំប្លែង នាយ ជែត ដែលកាលនោះនាងគ្រាន់តែជា Dancer នៅក្នុងវីដេអូចម្រៀងតែប៉ុណ្ណោះ។

6.កង ហួយរ៉ៃ


ជាតារាចម្រៀងដែលល្បីល្បាញតាមរយៈបណ្ដាញសង្គម YouTube ដែលដំបូងឡើយលោកបានបង្ហោះបទចម្រៀងតែងនិពន្ធថ្មីដោយខ្លួនឯងរបស់លោក ដែលមានចំណងជើងថា ” ไสว่าสิบ่ถิ่มกัน ” (សៃវ៉ាស៊ិ-បធីមកាន់) ដែលខ្មែរយើងបានយកមកច្រៀងដែរ និងដាក់ចំណងជើងថា “ស៊ីបានចេះតែស៊ីទៅ” ហ្នឹងឯង។ តារាចម្រៀងវ័យ 27 ឆ្នាំរូបនេះមានសមត្ថភាពខាងផ្នែកសិល្បៈលើជំនាញជាច្រើន ហើយថ្មីៗនេះលោកបានសម្ដែងរឿងភាគទូរទស្សន៍ផងដែរ។

7.ប៉េក ផាលិតហ្សូក


តារាចម្រៀងរូបនេះ ជាតារាចម្រៀងនិពន្ធបទភ្លេង និងច្រៀងដោយខ្លួនឯងផ្ទាល់ មានស្នាមញញឹមស្រស់សង្ហា ហើយលោកត្រូវបានគេចាប់អារម្មណ៍ខ្លាំងបំផុតនៅពេលដែលចូលទៅប្រឡងក្នុងកម្មវិធី The Mask Singer ហើយលោកក៏បានយកបទចម្រៀងដែលលោកនិពន្ធទៅប្រឡងផងដែរ ដែលបទនោះមានចំណងជើងថា “Love On Top” និងបទ “Versace on The Floor”៕

Advertisement