ប្លែកខុសគេ!! ផលិតករភាពយន្ដ « អន្ទាក់ស្នេហ៍ » រំលេចរបាំហោមរោងបែបយីកេក្នុងថ្ងៃសម្ពោធ

វណ្ណថ្មីរបស់ផលិតកម្ម Space SP ភាពយន្ដខ្នាតធំមានចំណងជើងថា « អន្ទាក់ស្នេហ៍ » បានដាក់ប្រកាសសម្ពោធថ្ងៃចាក់បញ្ចាំងហើយ ដែលពិធីក្រុងពាលីមុនថ្ងៃបញ្ចាំងធ្វើនៅបរិវេណរោងភាពយន្ដ Major Cineplex អ៊ីអន២ នៅរាត្រីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ 2020 នេះ។ ភាពយន្ដនេះរួមសម្ដែងដោយ បុរសសាច់ដុំខ្ពស់សង្ហាលោក សន ពិសិដ្ឋ និងតួឯកស្រីអ្នកនាង សុខ សោម៉ាវត្តី ដែលត្រៀមបញ្ចាំងនៅថ្ងៃទី ២០ ខែកុម្ភៈ នេះហើយ។

ភាពយន្ដមនោសញ្ចេតនាស្រុកស្រែមួយនេះ ត្រូវបានតំណាលពី បុរសចំណាស់ម្នាក់ដែលមានទ្រព្យស្តុកស្តម្ភបានឈ្លក់វង្វេងជាមួយនារីស្រស់ស្អាតវ័យក្មេងម្នាក់ដែលមានគូស្នេហ៍រួចទៅហើយ ដោយមិនខ្លាចការរិះគន់គាត់ប្រើអំណាចល្បិចនិងយុទ្ធសាស្ត្រគ្រប់យ៉ាងដើម្បីបំបែកពួកគេទាំង២នាក់។ តែសម្បថសច្ចាររបស់គូស្នេហ៍មួយគូនេះ អាចបំបែកឧបសគ្គបានឬយ៉ាងណា? បើតាមសម្ដីរបស់លោក សន ពិសិដ្ឋ តួឯកប្រុសបានអះអាងថា លោកមានអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលភាពយន្តមួយនេះ ត្រូវបានប្រកាសដាក់លក់សំបុត្រ ខណៈដែលលោកប្រាប់ថា នៅគឺជាស្នាដៃថ្មីដែលខ្លួនសម្ដែង ជាមួយអ្នកនាង សុខ សោមាវត្តី ហើយបង្ហាញពីរ៉ូមេទិកនៃស្នេហាយុវវ័យ។ លោកថាក្នុងរឿងទាំងមូលមានបង្កប់ឈប់អប់រំ ច្រើនជាងបង្ហាញពីស្នេហារោលរាល ទើបលោករំពឹងយ៉ាងខ្លាំងថានឹងកន្ត្រាក់អ្នកទស្សនា ជាពិសេសគឺយុវវ័យបានច្រើន។

ពីសម្ដីលោក វ៉ន ប៊ុនស៊ីម ដែលជាផលិតករ និងអ្នកដឹកនាំរឿង “អន្ទាក់ស្នេហ៍” ក៏បានអះអាងថា នេះជារឿងស្នាដៃកូនខ្មែរសុទ្ធសាធ ដោយពុំមានការចម្លងពីសាច់រឿងមកពីណានោះទេ។ នេះក៏ជាស្នាដៃរបស់ផលិតកម្ម Space SP របស់លោក ដែលបានសម្រិតសម្រាំង និងចំណាយច្រើនគួរសម ដើម្បីឱ្យរឿងទាំងមូលមានប្លង់ល្អៗ បង្ហាញពីទេសភាពស្អាតៗនៅក្នុងប្រទេសកម្ពុជា។ លោករំពឹងពីភាពជោគជ័យ ថ្វីដ្បិតតែភាពយន្តនេះ មិនផ្ដោតលើឈុតភ័យរន្ធត់ និងកំប្លែងទាំងស្រុង។ នៅក្នុងពិធីសម្ពោធ លោកក៏សប្បាយចិត្តផងដែរ ដែលមានផលិតករ និងតួសម្ដែង ចូលរួមអបអរ ខណៈដែលលោកក៏បានរំលេចរបាំហោមរោងបែបយីកេ ឱ្យភ្ញៀវកិត្តិយសចាប់អារម្មណ៍។

សូមទស្សនារូបភាពសកម្មភាពថ្ងៃសម្ពោធភាពយន្ដ« អន្ទាក់ស្នេហ៍ »ខាងក្រោមនេះ៖

Advertisement