តារាសម្ដែងភេទទី៣ ភី សម័យ ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ដៃ

នៅយប់ថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង២ចូលថ្ងៃទី២០ តារាសម្ដែងភេទទី៣ កញ្ញា ភី សម័យ បានជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត បណ្ដាលឱ្យគៀបបាក់ដៃភ្លាម ដោយគ្រូពេទ្យតម្រូវឱ្យធ្វើការវះកាត់។ នាងជាតារាម្នាក់ទៀតហើយ ដែលមានគ្រោះថ្នាក់នៅដើមឆ្នាំ ២០២០នេះ ខណៈដែលគ្រោះថ្នាក់នោះបើទោះជាមិនធ្ងន់ធ្ងរ ក៏ជារឿងគ្រោះអាក្រក់មួយ។

កញ្ញា ភី សម័យ បានប្រាប់អ្នកសារព័ត៌មានក្រោយការប៉ះទង្គិចថា បន្ទាប់ពីចេញពីខួបកំណើត កញ្ញាក៏ត្រូវមិត្តភ័ក្ដិបញ្ជិះរថយន្តយកទៅញាំអីបន្ត ហើយនៅវេលាម៉ោង២យប់ នៅពេលត្រលប់មកទៅផ្ទះវិញ ក៏មានរថយន្តមួយគ្រឿងបើកគៀហើយរត់។ ម្ចាស់រថយន្តក៏ខឹងហើយដេញតាម បន្ទាប់មកក៏ភ្លាត់ស្នៀតបណ្ដាលឱ្យគ្រោះថ្នាក់ដោយបុកគូទរថយន្តបង្កហេតុនៅពេលរថយន្តនោះជាន់ហ្វ្រាំងពេលជួបរថយន្តមួយផ្សេងទៀត នៅចំណុចស្ដុបបូកគោ។

នាងថាក្រោយពេលថតឆ្អឹង គឺដៃខាងធ្វេងរបស់នាងត្រូវបានបាក់ ហើយពេទ្យថាមានតែជម្រើសមួយគត់គឺវះកាត់ ដោយពេទ្យតម្រូវឱ្យនាងវះកាត់នៅថ្ងៃទី២១ កុម្ភៈ ទាំងមិនទាន់ដឹងថាត្រូវចំណាយប៉ុន្មាន។ កញ្ញា ភី សម័យ សម្ដែងការសោកស្ដាយ ដែលមិត្តភក្តិរបស់នាងដែលជាម្ចាស់រថយន្តឆេវឆាវមួយពេល បណ្ដាលឱ្យខូចខាតធ្ងន់ធ្ងរទងផ្នែកខាងមុខរបស់រថយន្ត និងបណ្ដាលឱ្យគ្រោះថ្នាក់។ នាងក៏ប្រកាសផ្អាកការងារដែលនាងបានទទួលក្នុងអំឡុងពេលគ្រោះថ្នាក់នេះ រហូតដល់នាងអាចធ្វើការបានផងដែរ៕

Advertisement