ទោះខកខានដណ្ដើមពាននៅម៉ាឡេស៊ី លោក សូ ស្រណោះ រៀបចំកម្មវិធីសម្ដែងតន្រ្តីបញ្ចេញសមត្ថភាពនៅក្នុងស្រុកជំនួសវិញ

តាមការលើកឡើងរបស់ លោក សូ ស្រណោះ ជាគ្រូបង្វឹកនៅសាលាស្រណោះតន្ត្រី បានប្រាប់សារព័ត៌មានឡារ៉ែនថា ដោយសារការផ្ទុះឡើងនៃជម្ងឺកូរ៉ូណាកំពុងរាតត្បាលពិភពលោក លោក និង អាណាព្យាបាលសិស្ស ត្រូវបានខកខានមិនបានចេញបញ្ចេញសមត្ថភាពប្រកួតប្រជែងផ្នែកតន្ត្រីលើជំនាញឧបករណ៍វីយូឡុង ហ្គីតា ព្យាណូ និង ចម្រៀង នៅក្នុងប្រទេសម៉ាឡេស៊ី។

ថ្លែងប្រាប់អ្នកសារព័ត៌មានឡារ៉ែន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២ នេះលោក សូ ស្រណោះ រៀបរាប់ថា ដោយសារតែលោក និង អាណាព្យាបាលសិស្ស សុទ្ធតែមិនចង់ប្រថុយប្រថាននឹងការផ្ទុះឡើងនៃជម្ងឺកូរ៉ូណាដែលកំពុងវាយលុក និង ចង់លើកទឹកចិត្តអោយកូនសិស្សទាំង៤២នាក់ ដែលខំប្រឹងហ្វឹកហាត់ចម្រៀង និង តន្ត្រីរហូតដល់៥ខែ តែបែរជាមិនបានចេញទៅដណ្ដើមពាននោះ ទើបលោករៀបចំជាការសម្ដែងទ្រង់ទ្រាយធំនៅក្នុងស្រុកវិញ ដើម្បីបង្ហាញថាបេក្ខភាពរបស់កម្ពុជាទាំង៤២រូបដ្បិតថាមិនបានចេញប្រកួត តែក៏មានសមត្ថភាពខ្លាំងៗតាមជំនាញរៀងខ្លួន ក្រោយការបង្វឹកផងដែរ។

លោកថាក្មេងៗដែលមានឈ្មោះត្រូវទៅប្រកួតនៅក្នុងប្រទេសម៉ាឡេស៊ីតែខកខានទាំងនោះ សុទ្ធសឹងតែបានឆ្លងកាត់ការបង្ហាត់បង្រៀនជាច្រើនឆ្នាំនៅក្នុងសាលាស្រណោះតន្ត្រី និងត្រូវបានប្រលងជ្រើសរើសដោយគណកម្មការជំនាញ ទើបលោកក៏សម្ដែងអារម្មណ៍សោកស្ដាយដូចគ្នា ដែលបេក្ខភាពទាំងនោះ ខកខានក្នុងការប្រកួតយកពានអន្តរជាតិ។ លោមបានទាំងបង្ហាញក្ដីសង្ឃឹមថា ប្រសិនបើបេក្ខភាពទាំងនេះ មានឱកាសចេញទៅម៉ាឡេ គឺនឹងឈ្នះពានមាស និង ពានផ្សេងៗមកកាន់កម្ពុជាវិញ មិនតិចជាងពាក់កណ្ដាលនោះផង ដោយសារតែពេលកន្លងមក លោកធ្លាប់បានដឹកនាំក្មេងៗទាំងនេះ ទៅប្រលងចម្រៀង និងតន្ត្រី លើឆាកអន្តរជាតិ គឺឈ្នះបានពានមាសជារឿយៗ។

ងាកមកការសម្ដែងជាជំនួសនៅក្នុងស្រុកនេះវិញ លោក សូ ស្រណោះ បញ្ជាក់ថា លោកពិតជាមានមោទនភាពដែលក្មេងៗទាំងនោះបង្ហាញសមត្ថភាពបានល្អ ខណៈដែលភ្ញៀវកិត្តិយស ដែលបានចូលរួម ជាពិសេសគឺអាណាព្យាបាល ដែលឃើញការបង្ហាញទេពកោសល្យរបស់កូនខ្លួនបានល្អ គឺសប្បាយចិត្ត បើមិនមែនជាការបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ។ លោកថាឆ្នាំក្រោយ បេក្ខភាពទាំងនេះ នឹងនៅតែត្រៀមទៅប្រកួតដណ្ដើមពាននៅក្រៅប្រទេសដដែល ដើម្បីបង្ហាញថាវិស័យតន្ត្រី និងចម្រៀងរបស់កម្ពុជា មានការរីកចំរើន៕

Advertisement