ភរិយាតារាចម្រៀង សួស សងវាចា ប្រកាសលក់ផ្ទះយកលុយព្យាបាលជំងឺស្វាមី

ថ្មីៗនេះ ដោយផ្អែកលើបណ្ដាញសង្គមហ្វេសប៊ុកអ្នកស្រី វ៉ាន់ សុភា ដែលគេស្គាល់ថាជាភរិយារបស់តារាចម្រៀងលោក សួស សងវាចា បានប្រកាស​លក់​ផ្ទះ​មួយ​ល្វែង​ស្ថិត​នៅ​សង្កាត់​ចោមចៅទី៣ ខណ្ឌ​ពោធិ៍សែនជ័យ ដោយ​សារ​តែ​គ្មាន​លទ្ធភាព​ព្យាបាល​ស្វាមី​តទៅ​ទៀត ​​។ ខណៈអ្នកស្រី វ៉ាន់ សុភាបង្ហើប​ពី​ការ​ដាក់​ផ្ទះ ដើម្បីដោះស្រាយជីវភាពមួយគ្រាសិនថា៖ «ធ្វើ​ផ្ទះ​អស់​លុយ​ហើយ​គាត់​ចាប់​ធ្លាក់​ខ្លួន​ឈឺ​ហ្មង។ គាត់​ឈឺ​៥​ឆ្នាំ​ហើយ ចឹង​បាន​ខ្ញុំ​ពិបាក តែ​បើ​លក់​ផ្ទះ​ដាច់​ធូរ​ហើ»។

ភរិយាតារាចម្រៀងជើងចាស់រូបនេះ ក៏បានអះអាងថា អ្នកស្រីមិន​ចង់​ឱ្យ​បែកធ្លាយ​ព័ត៌មាន​នេះ​ទេ ប៉ុន្ដែ​ដោយ​ចិត្ដ​ចង់​ព្យាបាល​ស្វាមី និង​ទ្រទ្រង់​ជីវភាព​គ្រួសារ​ ទើបអ្នកស្រី​សុខចិត្ដ​តារាចម្រៀង​លោក សួស សងវិចា មាន​វ័យ​៥៥​ឆ្នាំ ហើយ​លោក​បាន​ធ្លាក់​ខ្លួន​ពិកា ដោយ​រឹងដៃ​រឹងជើង និង​ស្លាប់​មួយ​ចំហៀង​ខ្លួន​ដោយសារ​ជំងឺ​លើស​ឈាម។ បច្ចុប្បន្ន​​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ ហើយ​ត្រូវ​ទៅ​ជួប​គ្រូ​ពេទ្យជំនាញ នៃ​មន្ទីរ​ពេល​ព្រះកុសៈមៈ​យ៉ាង​ទៀងទាត់ នៅ​រៀង​រាល់​មួយ​ខែ​ម្ដង។ ផ្ទះ​​ដែល​​ប្រកាស​លក់​នេះ​ដែរ​ ​មាន​ទំហំ​ទទឹង​៧​ម៉ែត្រ​កន្លះ និង​បណ្ដោយ​ជាង​៤០​ម៉ែត្រ ហើយ​មាន​បន្ទប់​ចំនួន​១៤។ អ្នកស្រី​លក់​ក្នុង​តម្លៃ​១៥​ម៉ឺន​ដុល្លារ ហើយ​ប្រាក់​ដែល​លក់​បាន​នឹង​ត្រូវ​យក​ទៅ​បង់​ផ្ដាច់​ធនាគារ ព្យាបាល​ជំងឺ​ស្វាមី និង​ពង្រីក​មុខរបរ​លក់​ចាប់​ហួយ​នៅ​ផ្សារ​ស៊ិនជូរី​ដែលអ្នកស្រីបានជួលតូបគេលក់ដូរនោះ និង​រក​ទិញ​ផ្ទះ​រស់នៅឡើង​វិញ​ក្នុង​តម្លៃ​ប្រហែល​៣​ម៉ឺន​ដុល្លារ។

គួរបញ្ជាក់បន្ថែមថា លោក សួស សងវាចា កន្លងមកក៏ធ្លាប់ដង្ហើយអំពាវនាវសុំជំនួយពីសប្បុរសជនដែលជាអ្នកគាំទ្រចម្រៀងរបស់លោកផងដែរ តែជំនួយទាំងនោះមិនអាចទប់ទល់ការចំណាយលើការព្យាបាលជំងឺលោកបានឡើយ ៕

Advertisement