សមាជិកក្រុមចម្រៀង BTS បរិច្ចាគប្រាក់ ១០០ លានវ៉ុនដល់ស្រុកកំណើត Daegu ដើម្បីជួយការពារពីជំងឺកូរ៉ូណា

តាមរយៈសារព័ត៌មានកូរ៉េ Naver នៅថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ ២០២០ នេះបានឱ្យដឹងថា តារាចម្រៀងប្រុស លោក Suga ជាសមាជិកក្រុមចម្រៀង BTS បានបង្ហាញពីទឹកចិត្តដ៏សប្បុរសរបស់លោក តាមរយៈការបរិច្ចាគថវិកា ១០០ លានវ៉ុន ដែលប្រហែល ៨២,០០០ ដុល្លារអាមេរិក ដល់ស្រុកកំណើតរបស់លោក គឺនៅទីក្រុង Daegu ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងបង្ការជំងឺកូរ៉ូណា។

អ្នកសារព័ត៌មានកូរ៉េបានរាយការណ៍ថា តារាចម្រៀងប្រុសរូបនេះមានបំណងចង់មកជួយអ្នកជំងឺផ្ទាល់ ព្រោះអ្នកទាំងនោះគឺជាប្រជាជនដែលរស់នៅស្រុកកំណើតរបស់លោក ហើយលោកចង់តបស្នងសងទឹកចិត្តស្រឡាញ់ដល់អ្នកគាំទ្ររបស់លោកថែមទៀតផង។ គួរបញ្ជាក់ផងដែរថា តារាចម្រៀងប្រុស Suga បានកើតនៅទីក្រុង Daegu នៅថ្ងៃទី ៩ ខែមីនាឆ្នាំ ១៩៩៣ និងបានចូលរៀននៅសាលាបឋមសិក្សា Taejeon និងអនុវិទ្យាល័យ Gwaneum ក្នុងទីក្រុង Daegu នេះហើយ។ នៅវ័យសិក្សា ឈ្មោះរ៉េបរបស់លោកគឺ Agust D ដែលតំណាងឱ្យ ក្រុមអ្នកចម្រៀងរ៉េបនៅក្រោមដីប្រចាំទីក្រុងDaegu មុនពេលលោកបានចូលរួមជាមួយក្រុមចម្រៀង BTS ។

ទីក្រុង Daegu ត្រូវបានទទួលរងគ្រោះយ៉ាងខ្លាំងពីការផ្ទុះឡើងនូវជំងឺវីរ៉ុសកូរ៉ូណានេះ ហើយទឹកចិត្តស្រឡាញ់ស្រុកកំណើតរបស់ាតារាប្រុសមួយដួងនេះ បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង និងផ្ញើសារឱ្យលោកថែរក្សាសុខភាពឱ្យបានល្អផងដែរ៕

Advertisement