ភាពយន្ដ ១៥៧ ចំណងជើង បានប្រកាសបើកក្នុងមហោស្រពភាពយន្ដអន្ដរជាតិលើកទី១០ CIFF

មហោស្រពភាពយន្ដអន្ដរជាតិ ឬ CIFF លើកទី ១០ នេះ បានប្រកាសបើកភាពយន្ដរហូតដល់ ១៥៧ ចំណងជើង មកពី៤៤ ប្រទេស រួមមានភាពយន្ដខ្នាតធំ ភាពយន្ដខ្នាតខ្លី ភាពយន្ដឯកសារ និងភាពយន្ដគំនូរជីវចល ។

លោក CEDRIC ELOY ប្រធានមហោស្រពភាពយន្តអន្តរជាតិកម្ពុជានិងជាអ្នករៀបចំកម្មវិធីនេះ បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ៖ «CIFFលើកទី១០ នេះ ជាព្រឹត្តិការណ៍វប្បធម៌អន្តរជាតិដែលធំជាងគេបង្អស់នៅកម្ពុជានឹងប្រារព្ធខួបគម្រប់ ១០ ឆ្នាំរបស់ខ្លួន​ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២០។ ឆ្នាំនេះការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ដៃគូសហការ ព្រមទាំងអ្នកគាំទ្រផ្នែកបច្ចេកទេសជាច្រើន ហើយយើងខ្ញុំពិតជាមានសេចក្ដីរំភើបបំផុតដែលក្រុមហ៊ុនទូរស័ព្ទចល័ត CELLCARD បានចូលរួមធ្វើជា “ម្ចាស់ឧបត្ថម្ភកម្មវិធីធំ” នៃមហោស្រពរបស់យើង។

ភាពយន្ដទាំង ១៥៧ ចំណងជើង ក៏ត្រូវបានសម្រិតសម្រាំងពិសេសៗយកមកដាក់បញ្ចាំងនៅលើផ្ទាំងសំពត់សក្នុងរោងភាពទំនើបៗ ដូចជារឿង «រសាត់អណ្ដែត» (ជាភាពយន្តដែលឈ្នះពានរង្វាន់នៅក្នុងមហោស្រពភាពយន្តអន្តរជាតិជាច្រើន)។ ភាពយន្តនេះបង្ហាញពីប្រធានបទ ការជួញដូរមនុស្សនៅកម្ពុជា និងនៅអាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះដែរ ភាពយន្តរឿង «នាឡិកាដាស់វិញ្ញាណ» ដែលដឹកនាំដោយលោកលៀក លីដា (ជាភាពយន្តដែលរកបានចំណូលខ្ពស់ និងទទួលងារជាភាពយន្តឆ្នើមក្នុងមហោស្រពភាពយន្តជាតិកាលពីឆ្នាំ ២០១៩) ក៏នឹងត្រូវចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១០ ផងដែរ» ។

កម្មវិធីភាពយន្តខ្មែរដ៏ពិសេស គឺជាការចាក់បញ្ចាំងលើកដំបូងបង្អស់នៃទស្សនីយភាព «បង្សុកូល ៖ ការរំឭកដល់កម្ពុជា» ជាទស្សនីយភាពបង្កើតឡើងថ្មីដោយអង្គការសិល្បៈខ្មែរអមតៈ និងថតដោយមជ្ឈមណ្ឌលបុប្ផាណា។ ការចាក់បញ្ចាំងលើកដំបូងបង្អស់លើពិភពលោក ជាមួយការសម្ដែងទស្សនីយភាព។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាក៏សូមគោរព រំឭកដល់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលបានសោយទិវង្គតកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩។ កម្មវិធីពិសេសរួមមានការបញ្ចាំងភាពយន្ត ពិធីគោរពរំឭក ព្រមទាំងពិព័រណ៍ដ៏ពិសេសមួយស្ដីពីរបាំព្រះរាជទ្រព្យ នៅឯសណ្ឋាគារ Rosewood។ នេះជាការបញ្ជាក់បន្ថែមរបស់លោក CEDRIC ELOY។

សូមជម្រាបថា ការចាក់បញ្ចាំងខ្សែភាពយន្តលើសពី ១៥០ លើក នៅតាមរោងភាពយន្តធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយឆ្នាំនេះ ទីតាំងទាំងនោះមានដូចជា រោងភាពយន្ត LEGEND, រោងភាពយន្ត MAJOR CINEPLEX, មជ្ឈមណ្ឌលបុប្ផាណា, សាលមហោស្រពចតុម្មុខ, សណ្ឋាគារ ROSEWOOD និង THE CIFF VILLAGE នៅផ្សារទំនើប EXCHANGE SQUARE។ កុំឱ្យខកខានឱ្យសោះណា៎ ជួបគ្នាជាថ្មីម្ដងទៀតនៅថ្ងៃបើកមហោស្រពថ្ងៃទី ១៣ មីនា ខាងមុខនេះ៕

Advertisement