រំលែកទុក្ខក្រៀមក្រំ! ម្ចាស់បទ« រាត្រីដែលបានជួបភក្រ្ត » មរណភាពហើយ

ពីក្រុមព្រះសុិយា បានជូនដំណឹងដ៏សែនក្រៀមក្រំ និងសោកស្តាយបំផុតនៃការបាត់បង់សិល្បការិនីរៀមច្បង។

ក្រុមព្រះសុរិយាទាំងមូល មានសេចក្តីក្តុកក្តួលជាខ្លាំង ក្រោយពីបានទទួលនូវដំណឹងដ៏សែនសោកស្តាយថា លោកស្រី កែវ សេដ្ឋា សិល្បការិនីរៀមច្បងដែលមានឈ្មោះល្បីល្បាញនាទសវត្ស៥០និង៦០ បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋានកូនស្រីលោកស្រីនារាជធានីភ្នំពេញ។

ការបាត់បង់លោកស្រីប្រៀបដូចបាត់បង់នូវធនធានដ៏កម្រពីដែនកម្ពុជទេសយើង ដែលលោកស្រីបានកសាងស្នាដៃ និងតស៊ូគ្រប់យ៉ាងដើម្បីសិល្បៈជាតិយើងតាំងពីលោកស្រីដឹងក្តី រហូតដល់ថ្ងៃលាចាកលោកនេះ។ ចម្រៀងជាច្រើនបទរបស់លោកស្រីនៅតែមានជីវិតដល់សព្វថ្ងៃក្នុងក្រអៅបេះដូងរបស់មហាជនខ្មែរដូចជាបទ រាត្រីដែលបានជួបភក្រ្ត , បទ ទ្រូងអនាថា , បទ ទីវាលសត្វយំ , បទ សង្ឃឹមជានិច្ច , បទ សារិកា , បទ ទឹកភ្នែកសូយ៉ា ជាដើម។

គួរជម្រាបថា លោកស្រីកែវ សេដ្ឋា កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៣៦ នៅទីក្រុងភ្នំពេញ។ លោកស្រី គឺជាអ្នកចម្រៀងនារីរបស់កម្ពុជាមុនគេបង្អស់ តាំងពីទស្សវត្សរ៍៥០មកម្ល៉េះ។ រយៈពេលជិត៣០ឆ្នាំមកនេះ គេមិនបានឮសំឡេងរបស់លោកស្រីទាល់តែសោះ ដោយគ្រប់គ្នាយល់ថាប្រហែលជាបាត់បង់ជីវិតទៅហើយ ក្នុងរបរខ្មែរក្រហម។ ក្រៅពីជាអ្នកចម្រៀងដ៏ល្បី នៃជំនាន់ទី១នៃការកកើតវិស័យចម្រៀងខ្មែរ លោកស្រីជាសិល្បការិនីល្ខោនបាសាក់ យីកេ និងរបាំប្រពៃណីផងដែរ។ ក្រុមព្រះសុរិយានិងមហាជនទាំងមូលសូមបួងសួងដល់ដួវវិញ្ញាណក្ខន្ធលោកអុំ អញ្ជើញទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ!

Advertisement