អង្គការភាពយន្តឈូករ័ត្ន បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញកាត់តវីដេអូ “តោះថតភាពយន្តឯកសារនៅកម្ពុជា” ដោយជោគជ័យ

អង្គការភាពយន្តឈូករ័ត្ន បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញកាត់តវីដេអូ “តោះថតភាពយន្តឯកសារនៅកម្ពុជា” ដោយជោគជ័យ

គម្រោង “តោះ​ថត​ភាពយន្ត​ឯកសារ​កម្ពុជា” ហៅ​កាត់​ថា LDC គឺជា​គម្រោង​មួយ​ដែល​បង្កើតឡើង​ដោយ​អង្គការ​ភាពយន្ត​ឈូករ័ត្ន ក្នុង​គោលបំណង​បណ្តុះបណ្តាល​ប្រជាជន​កម្ពុជា​ឲ្យ​មាន​ជំនាញ​គ្រប់គ្រាន់​ក្នុង​ការថត​ទុក​អ្វី​គ្រប់យ៉ាង​ដែល​ទាក់ទង “សេរីភាព​ក្នុងការ​បញ្ចេញមតិ” និង “សេរីភាព​ទទួលបាន​ព័ត៌មាន។

ដោយ​មើលឃើញ​អំពី​តម្រូវការ​របស់​សង្គម ហើយ​យុវជន​ក៏មាន​ចំណាប់អារម្មណ៍​ច្រើន​ទៅលើ​ឱកាស​ការងារ​ផ្នែក កាត់ត​វីដេអូ​ខ្លី និង​ភាពយន្ត​ឯកសារផ្សេងៗ ដូច្នេះ​ទើប​គម្រោង​សម្រេច​បង្កើត​វគ្គ​ខ្លី​នេះ​បន្ថែមទៀត ដើម្បី​បំពេញតម្រូវការ និង​ពង្រឹង​ជំនាញ​ទន់​របស់​សិក្ខាកាម​ទាំងអស់​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​លើ​ជំនាញ​មួយ​នេះ​កាន់តែ​ល្អប្រសើរ​ជាង​មុន។

វគ្គ​បណ្ដុះបណ្ដាល​មួយ​នេះ​មានការ​ចូលរួម​បង្រៀន​ដោយ​លោកគ្រូ ហួត រ៉ាវី អ្នកជំនាញ​ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ផ្នែក​ដឹកនាំ​រឿង និង​កាត់ត​វីដេអូ ដោយ​រាល់​ស្នាដៃ​ភាពយន្ត​របស់លោក​តែង​ត្រូវបាន​មហាជន​នៅក្នុង​វិស័យនេះ​ទទួលស្គាល់។

គួរបញ្ជាក់​ផងដែរ​ថា ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​សិក្ខាកាម​ចូល​រួមមាន​ចំនួន១៤នាក់ មកពី​ក្រុមផ្សេងៗគ្នា ក្នុងនោះ​រួមមាន រាជធានី​ភ្នំពេញ ៣នាក់ បាត់ដំបង ៣នាក់ សៀម​រាម ១នាក់ កែប និង​កំពត ៧នាក់។

ក្រោយពី​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​នេះ កញ្ញា ជុំ សុ​ដា​មី មកពី​រាជធានី​ភ្នំពេញ​រៀបរាប់ថា “ខ្លួន​ពិតជា​សប្បាយចិត្ត​ជាខ្លាំង ចំពោះ​ការបង្រៀន​របស់លោក​គ្រូ កញ្ញា​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​ភាពយន្ត​ឈូករ័ត្ន​ដែល​បាន​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​មួយ​នេះ ព្រោះ​វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើខ្លួន​កាន់តែ​យល់ច្បាស់​អំពី​ការកាត់ត​វីដេអូ។

ចំណែក លោក ង​យ វ​ណ្ណះ មកពី​ខេត្ត​កែប​ក៏បាន​លើកឡើង​ដែរ​ថា ”ខ្ញុំ​សូម​អរគុណ​លោកគ្រូ ក៏ដូចជា​ក្រុមការងារ​ទាំងអស់​ដែល​បាន​បង្កើត​កម្ម​វី​ធី​នេះ​ឡើង វា​ផ្តល់​ចំណេះដឹង និង​បច្ចេកទេស​កាត់តថ្មីៗដល់​រូបខ្ញុំ​ច្រើនណាស់។

មិន​ខុសពី​សិក្ខាកាម​ពីររូប​ខាងលើ លោក រិ​ន ឌី មកពី​ខេត្តបាត់ដំបង បាន​សរសើរ​ពី​កម្មវិធី​នេះ​ថា “ខ្លួន​ពិតជា​ស្រលាញ់​ក្រុមការងារ និង​អ្នកសម្របសម្រួល ទាំងអស់​ដែល​បានរៀបចំ​កម្មវិធី​ដ៏​មាន​ប្រយោជន៍​នេះ​ឡើង ហើយក៏​សង្ឃឹមថា​គម្រោង តោះ​ថត​ភាពយន្ត​ឯកសារ​កម្ពុជា នឹង​បន្តសកម្មភាព​បង្រៀន​នេះ​នៅ​ឱកាសក្រោយៗទៀត។

តោះ​ថត​ភាពយន្ត​ឯកសារ​នៅ​កម្ពុជា (Let’s Document Cambodia) ដោយ​រៀបចំឡើង​ដោយ​អង្គការ​ភាពយន្ត​ឈូករ័ត្ន (SFO)។ គម្រោង ”តោះ​ថត​ឯកសារ​កម្ពុជា” នឹង​ព្យាយាម​បន្តសកម្មភាព​បណ្ដុះបណ្ដាល​របស់ខ្លួន​ស​ម្រា​ប់​យុវជន​កម្ពុជា​ដែលមាន​ចំណាប់​អារ​ម្ម​ណ៏​ទាក់ទង​វិស័យ​ភាពយន្ត​បន្តទៀត​ក្នុងពេលឆាប់ៗនេះ។

Advertisement