តារាសម្ដែង ចៅខ្មែរ ដឹកនាំក្រុមចុះចែកទឹកអាល់កុលចំនួន 1200 ដបនៅម្ដុំស្ដុបពេទ្យចិន

តារាសម្ដែង ចៅខ្មែរ ដែលមហាជនជាច្រើនស្គាល់តាមរយៈភាពយន្ដខ្នាតធំរឿង « ម៉ាដាមអាប » របស់ផលិតកម្មក្លាស៊ីកនោះ បានដឹកនាំក្រុមចុះចែកទឹកអាល់កុលចំនួន 1200 ដប ដោយឥតគិតថ្លៃដល់បងប្អូនពលរដ្ឋខ្មែរយើង នៅម្ដុំស្ដុបពេទ្យចិន កាលពីថ្ងៃទី 29 ខែមីនា ឆ្នាំ 2020នេះ។

លោក គុជ សុគន្ធរដ្ឋ ហៅចៅខ្មែរជាស្ថាបនិកចៅខ្មែរផ្សារ បានអះអាងថា ទឹកអាល់កុលសម្រាប់លាងដៃនេះ ជាផលិតផលស្ដង់ដាប្រទេសជប៉ុន និងមិនធ្វើឱ្យខូចស្បែកដៃ និងជួយបំប៉នកោសិកាស្បែក ហើយមានកម្រិតសម្លាប់វិរុសកូវីដ19 ទើបលោកសម្រេចយកមកចែក ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូនខ្មែរ ដែលកំពុងតែមានតម្រូវការ។

លោកបញ្ជាក់ថា ដើម្បីឱ្យបងប្អូនដែលធ្វើដំណើរនៅម្ដុំស្តុបពេទ្យចិន បានទទួលទឹកអាល់កុលក្នុងការការពារខ្លួន ក្នុងពេលដែលផលិតផលនេះ កំពុងក្លាយជាតម្រូវការដ៏សំខាន់មិនអាចខ្វះបាននៅក្នុងពេលនេះ។ លោកថារំជួលចិត្តដែលបងប្អូនដែលទទួលទឹកអាល់កុលពីលោក និងក្រុមការងារ មានខ្លះមានវ័យស្មើ នឹងឳពុកលោក តែលើកដៃសំពះលោក។

គួរបញ្ជាក់ផងដែរថា លោកគ្រោងធ្វើការចែកចាយនៅក្នុងសហគមន៍មួយចំនួននៅតាមបណ្ដាខេត្តផ្សេងទៀត ជាពិសេសនៅខេត្តតាកែវក្នុងពេលបន្ទាប់ផងដែរ ដោយសារតែយល់ថា អ្នកដែលនៅរស់នៅតាមខេត្តពិបាករកទិញផលិតផលដែលមានប្រយោជន៍បែបនេះជាងអ្នកនៅភ្នំពេញ។ ក្នុងនោះលោក និង ស្វាមីភេទដូចគ្នា ក៏នឹងធ្វើឱ្យមហាជនបន្តកោតសរសើរពីស្នេហាខុសធម្មជាតិរបស់ខ្លួនឱ្យបានយូរអង្វែងផងដែរ ដើម្បីកុំឱ្យមានការរិះគន់ថាមនុស្សស្រឡាញ់ភេទដូចគ្នា រស់នៅជាមួយគ្នាមិនបានយូរ៕

Advertisement