ករុណា ពេជ្រ គ្រោងនឹងបើកក្រុមហ៊ុនផ្ទាល់ខ្លួន

លោក ករុណា ពេជ្រ តារាចម្រៀង និងអ្នកគ្រប់គ្រងទូទៅនៃផលិតកម្មថោន បច្ចុប្បន្នត្រូវបានគេដឹងថា ​ក្រៅពីអាចរកប្រាក់ចំណូលបានពីអាជីពចម្រៀងហើយនោះ លោកក៏អាចរកចំណូលបានពីការរៀបចំពិធីការនៅក្នុងកម្មវិធីនានាផងដែរ ជាពិសេសថ្មីៗនេះ បានលេចឮព័ត៌មានមកថា តារាសិល្បៈរូបនេះ គ្រោងបើកក្រុមហ៊ុនរៀបចំពិធីការផ្ទាល់ខ្លួនតែម្ដង។

លោក ករុណា ពេជ្រ បានប្រាប់ ឡារ៉ែន ថា ក្រោយពីប្រកបរបររៀបចំពិធីការនៅក្នុងកម្មវិធីនានារយៈពេលជិតមួយឆ្នាំមក លោកទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អតិថិជន។ ដូច្នេះទើបលោកមានគំនិតចង់រៀបចំឱ្យមានក្រុមហ៊ុនច្បាស់លាស់មួយ ដើម្បីផ្ដល់ទំនុកចិត្ដដល់អតិថិជនឱ្យកាន់តែខ្លាំងបន្ថែមទៀត។

 

លោកបន្ដថា៖ កន្លងមកខ្ញុំទទួលបានការងារពីបងប្អូនដោយសារតែគាត់មានទំនុកចិត្ដមកលើកេរ្ដិ៍ឈ្មោះរបស់ខ្ញុំក្នុងសិល្បៈ ប៉ុន្ដែដើម្បីរៀបចំឱ្យមានប្រព័ន្ធការងារច្បាស់លាស់ ក៏ដូចជាផ្ដល់ទំនុកចិត្ដដល់ពួកគាត់បន្ថែមទៀត ខ្ញុំនឹងបើកក្រុមហ៊ុនមួយនាពេលខាងមុខ។

គួរបញ្ជាក់ថាក្រុមហ៊ុនលោក ករុណា ពេជ្រ គ្រោងនឹងបើកដំណើរការមានបម្រើសេវាកម្មដូចជា ការដេគ័រផ្កាស្រស់ រៀបចំតារាចម្រៀង ឆាកតម្រី ភ្លើង រៀបចំជំនូន និងថតរូបក្នុងពិធីមង្គលការឬពិធីផ្សេងៗជាដើម។ ក្នុងនោះលោកគ្រោងចំណាយថវិកាជាច្រើនម៉ឺនដុល្លារបន្ថែមលើដើមទុនចាស់ដែលមានរង្វង់ 3ម៉ឺនល្លារអាមេរិក។

 

លោក ករុណា ពេជ្រ បញ្ជាក់ថា៖ មូលហេតុខ្ញុំបង្កើតសេវាកម្មទាំងនេះឡើងដោយសារខ្ញុំមើលឃើញថា ម្ចាស់កម្មវិធីភាគច្រើនគាត់មានលុយ តែអត់ពេលវេលាក្នុងការរៀបចំកិច្ចការនេះទេ ដូច្នេះការបង្កើតសេវាជូនគាត់វាអាចផ្ដល់ភាពងាយស្រួល និងតម្លៃសមរម្យជូនអតិថិជន។ ជូនកាលគាត់ចាត់ចែងខ្លួនឯងមិនប្រាកដថា អស់លុយតិចជាងសេវាកម្មដែលខ្ញុំរៀបជូនគាត់ទេ ព្រោះការងារដែលខ្ញុំធ្វើមានកិច្ចសហការជាមួយអ្នករកស៊ីលើរបរនេះគ្រប់ជំនាញ។

តារាចម្រៀងរូបនេះបន្ថែមថា៖ អ្វីដែលធ្វើឱ្យខ្ញុំឆាប់ទទួលបានការគាំទ្រ ព្រោះខ្ញុំតែងមានទម្លាប់មួយនៅពេល ទទួលការងារពីអតិថិជនខ្ញុំត្រូវតែចុះទៅ ទៅពិនិត្យដោយផ្ទាល់មិនមែនទទួលមកយកការងារពីពួកគាត់លែងដៃចោល រួចប្រគល់ការងារទាំងនោះឱ្យគេធ្វើគ្រាន់តែទទួលយកប្រាក់កម្រៃជើងសារប៉ុណ្ណោះទេ គឺខ្ញុំត្រូវធ្វើផ្ចិតផ្ចង់រៀបចំជូនពួកគាត់រហូតដល់ចប់ចុងចប់ដើមដោយគិតទៅលើតម្លៃ និងគុណភាព៕

Advertisement