ស្រី​ស្អាត Kim Tae Hee រៀប​រាប់​អំពី​ជីវិត​អាពាហ៍​ពិពាហ៍​ជាមួយ​ Rain

ស្រី​ស្អាត Kim Tae Hee រៀប​រាប់​អំពី​ជីវិត​អាពាហ៍​ពិពាហ៍​ជាមួយ​ Rain

Kim Tae Hee ដែល​ជា​កំពូល​តារា​សម្ដែង​​របស់​កូរ៉េខាង​ត្បូង​ រៀប​រាប់​ថា បន្ទាប់​ពី​បាន​រៀប​ការ​ជាមួយ​កំពូល​តារាចម្រៀង​ Rain នាង​ទទួល​បាន​បទ​ពិសោធ​ន៍​ជីវិត​យ៉ាង​ច្រើន​ ជីវ​ភាព​មាន​ការ​លំបាក​ខ្លះ​ ប៉ុន្តែ​មាន​សុភមង្គល​។

នៅលើ​​ទូរទស្សន៍​ SBS (Seoul Broadcasting System) កាល​ពីម្សិល​មិញ(29មេសា) ស្រី​ស្អាត​កូរ៉េខាង​ត្បូង​ Kim Tae Hee ​ជា​លើក​ដំបូង​បាន​និយាយ​រៀប​រាប់​អំពី​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​ជា​សាធារណៈ។ Kim Tae Hee ថ្លែង​ថា “ការ​រៀប​ការ​ធ្វើ​ឱ្យ​យើង​យល់​ដឹង​ច្រើនពី​ជីវិត​ ការ​រស់​នៅ​បាន​ល្អ​ជាង​មុន ព្រម​ទាំង​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ច្រើន​ប្រភេទ​ និង​ពោរ​ពេញ​ដោយ​បទ​ពិសោធ​ន៍​ជីវិត។ល។”។ Kim Tae Hee ប្រាប់​ថា ពេល​ខ្លះ​ត្រូវ​ចួប​​ការ​លំបាក​ ប៉ុន្តែ​​ដោយ​មាន​ជំនួយ​ពី​ក្រុម​គ្រួ​សារ​ ធ្វើ​ឱ្យ​នាង​មាន​កម្លាំង​ចិត្ត​បន្ថែម​ និង​មិន​មាន​អារម្មណ៍​ឯកា។

ស្រី​ស្អាត Kim Tae Hee រៀប​រាប់​អំពី​ជីវិត​អាពាហ៍​ពិពាហ៍​ជាមួយ​ Rainតារាសម្ដែង​ស្រី​រូប​នេះ​មាន​បំណង​ក្លាយ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​កូន​ស្រី​ជា​ទី​ស្រឡាញ់​ទាំង​2​រូប​របស់នាង ដើម្បី​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ស្រួល​ចិត្ត​ នៅ​ពេល​ម្ដាយ​និង​កូន​នៅ​ក្បែរ​គ្នា​។ Kim Tae Hee បន្ត​ថា ថ្វី​បើ​​​រយៈ​ពេល​3​ឆ្នាំ​កន្លង​ទៅ​ហើយ​ដែល​នាង​មាន​កូន​ដំបូង ប៉ុន្តែ​នាង​នៅ​តែ​មាន​អារម្មណ៍​ថា ហាក់ដូច​ជា​នៅ​ថ្មី​ៗ ហើយ​ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​ថា​បាន​ធ្វើ​រឿង​ឆ្គាំ​ឆ្គង និង​មិន​សូវ​រលូន​។

ចាប់​តាំង​ពី​ខែ​មីនា Kim Tae Hee បាន​ពឹង​ញាតិ​​របស់​ខ្លួន​ឱ្យ​ជួយ​មើល​ថែ​កូន​ៗ​​ ដើម្បី​នាង​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ថត​ខ្សែ​ភាព​យន្ត​ថ្មី​ រឿង Hi Bye Mama។ ខ្សែ​ភាព​យន្ត​ Hi Bye Mamaនេះ បាន​ថត​ចប់​ជា​ស្ថាពរ​កាល​ពី​ពាក់​កណ្ដាល​ខែ​មេសា​ ហើយ​នាង​ក៏​បាន​ត្រឡប់​មក​កាន់​គ្រួសារ​វិញ​ហើយ​ដែរ​។ ស្រី​ស្អាត​ Kim Tae Hee ​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ថត​រឿង​ថ្មី ដែល​នាង​គិត​ថា​ នាង​នឹង​បាន​ថត​រឿង​ល្អ​​ៗ​នា​ពេល​ខាង​មុខ​។

ស្រី​ស្អាត Kim Tae Hee រៀប​រាប់​អំពី​ជីវិត​អាពាហ៍​ពិពាហ៍​ជាមួយ​ Rainស្រី​ស្អាត Kim Tae Hee និង​កំពូល​តារា​ Jung Ji-hoon(Rain) បាន​រៀប​ការ​​យ៉ាង​សាមញ្ញ​កាល​ពី​ឆ្នាំ​2017​ ហើយ​ពួក​គេ​​ក៏​បាន​ទទួល​ស្វាគមន៍​កូន​ស្រី​ច្បង​​​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​ដដែល​នេះ​ដែរ​។ កំពូល​តារា​សម្ដែង​ស្រី​ Kim Tae Hee បាន​បង្កើត​កូន​ស្រី​ទី​2​ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​2019។ Kim Tae Hee ទទួល​បាន​ការ​សរសើរ​ និង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ចំពោះ​ខ្សែ​ភាព​យន្ត​មនោសញ្ចេត​នា​ដែល​នាង​បាន​សម្ដែង​។ ជាង​នេះ​ ឈុត​ផ្សាយ​ពាណិជ្ជ​កម្ម​របស់​នាង​ ទាក់​ទិន​នឹង​គ្រឿង​សម្អាង​ គ្រឿង​អលង្ការ​ សម្ភារ​គេហដ្ឋាន​ជា​ដើម ក៏​ទទួល​បាន​ការ​សរសើរ​ថា នាង​ធ្វើ​បាន​ល្អ នាង​នៅ​តែ​ស្អាត​ បើ​ទោះ​បាន​ឈាន​ចូល​វ័យ​40​ឆ្នាំ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement