​ព្រឺ​សម្បុរ​គ្រប់ៗ​គ្នា ខណៈបានឃើញវីដេអូ ព្រលឹងលោកគ្រូ ទិត្យ សែម ចូលសណ្ឋិតចៅប្រុស

ក្រៅ​ពី​ការ​សោកស្ដាយ​អាឡោះអាល័យ នៅ​ការ​បាត់​បង់​ធនធាន​សិល្បៈ ដ៍​សំខាន់​មួយ​នេះ អ្វី​ដែល​ធ្វើឱ្យមហាជន​​មាន​ការ​ចាប់​អារម្មណ៍​នោះ គឺ​​ធ្វើ​ពិធី​បុណ្យ​សព​តាម​ប្រពៃណី ដើម្បី​​ជា​កិច្ច​ជូន​ដំណើរ​លោក​ទៅកាន់ទីឋានដែលសុខសាន្ត​នោះ ស្រាប់​តែមានហេតុការណ៍មួយបានកើតឡើង​ដែល​ធ្វើឱ្យ​មាន​ការភ្ញាក់​ផ្អើលយ៉ាងខ្លាំងនៅក្នុងរោងពិធីបុណ្យ។

សូមជម្រាបថា លោកគ្រូ ទិត្យ សែម សាស្ត្រាចារ្យផ្នែកល្ខោនខោល​បាន​ទទួល​មរណភាព​ហើយ កាល​ថ្ងៃទី23 ខែ​ឧសភា ឆ្នាំ2020 នៅ​ថ្ងៃ​​បុណ្យ​សព្វ វិញ្ញាណ​របស់​លោក​បាន​​​ចូល​សណ្ឋិត​ចាំ​ប្រុស​ដែល​មិន​ដែល​ចេះ​រាំ​សោះ ទៅ​រាំ​​​នៅ​មុខ​មជ្ឈូស ធ្វើ​ឱ្យម្នាក់ៗ​​​​ដែល​ចូល​រួម​ពិធី​បុណ្យ​​នោះ ព្រឺ​សម្បុរ​គ្រប់ៗ​​គ្នា។ បើតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ព្រហ្ម ពុធវិសាល បានសរសេរថា «លើកទីមួយដែលខ្ញុំមើលផ្ទាល់និងភ្នែក វិញ្ញាណ​គាត់​នៅតែល្ខោនខោល ចៅប្រុសរបស់គាត់មិនមែនអ្នកល្ខោនខោលទេ គាត់អត់ចេះរាំទេ»។ វីដេអូ និងរូបភាពទាំងនេះ ត្រូវបានគេចែក​ចាយយ៉ាងច្រើន​។

គួរបញ្ជាក់ដែរថា នៅមិន​មាន​ឯកសារ​ណា​មួយ បាន​​លម្អិតពី​ប្រវត្តិ លោកគ្រូ ទិត្យ សែម នោះ​ទេ ប៉ុន្តែ​លោក​ត្រូវ​បាន​មហាជន​ស្គាល់​ថា សាស្ត្រាចារ្យ​ផ្នែកល្ខោន​ខោល​ជំនាញតួយក្ស និង​ជា​អ្នក​ដំឡើង​រាល់​ស្នាដៃ​របស់​សិស្ស ដែល​សិក្សា​នៅ​សាលាមធ្យមវិចិត្រសិល្បៈផ្នែក​ល្ខោនខោល​ជាង​40ឆ្នាំ​មក​ហើយ។ ជាង​40ឆ្នាំ​ នៃ​ជីវិត​លើ​វិថី​សិល្បៈ​នេះ លោក ទិត្យ សែម បាន​សាង​ស្នាដៃ​ជា​ច្រើន​ធ្វើ​ឲ្យ​សិស្សានុសិស្ស​ដែល​បាន​សិក្សា​ជា​មួយ​លោក គោរព​ស្រលាញ់​ជា​ខ្លាំង។ ក្នុង​នោះ​ដែរ ក្រៅ​ពី​សម្ដែង​ក្នុង​ស្រុក លោក​​ធ្លាប់​បាន​ចេញ​សម្ដែង ជំនាញ​សិល្បៈ​របស់​លោក​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​ប្រទេស។ លោក បាន​ទទួលមរណភាព​កាល​ថ្ងៃ​ទី​23 ខែ​ឧសភា ឆ្នាំ 2020​ដោយ​​រោគាពាធ។ បុរស​ម្នាក់​ដែល គេ​ស្គាល់​ថា ជា​ចៅ​បង្កើត​របស់ លោក បាន​ងើប​ឡើង​រាំ ក្បាច់​យក្ស​នឹង​ក្បាច់​ស្វា ស្រប​​ពេល​ដែល​ភ្លេងពិណពាទ្យ​កំពុង​តែ​លេង​កំដររោង ដោយ​​ចៅ​ប្រុស​ម្នាក់​នោះ​កន្លង​មក មិន​ធ្លាប់​ចេះ​រាំ សូម្បី​តែ​បន្តិច។ ដំណើរ​នៃ​ការ​រាំ​​របស់​ចៅ​ប្រុស​ម្នាក់​នោះ ​​អ្នក​ដែល​ចូល​ក្នុង​ពិធី និយាយ​ថា មាន​លក្ខណៈ​​ដូច​នឹង​​លោកគ្រូ ទិត្យ សែម តែ​ម្ដង ហើយ​ម្នាក់​គិត​ថា វិញ្ញាណ​​​របស់​លោក​បាន​ចូល​សណ្ឋិត ។ ពេល​ឃើញ​សកម្មភាព​រាំ​​របស់ ចៅ​ប្រុស​ម្នាក់​នោះ ម្នាក់ៗ​បាន​ទាញ​ទូរស័ព្ទ​ថត ទាំង​ព្រឺ​សម្បុរ​គ្រប់ៗ​គ្នា៕

Advertisement