ក្រុមតន្ត្រីនិងចម្រៀង Coconut Band ប្រកាសវិលត្រឡប់មកវិញ

អតីត​តារាចម្រៀង​លោក​កង ពិសិដ្ឋ លេចធ្លោ​តាម​រយៈ​បទ​ចម្រៀង «​ស្នេហ៍​គឺ​វា​យ៉ាងនេះ​» «​បេះដូង​កំព្រា​» «​តំណែង​ស្នេហ៍​» និង​បទ «​ស្នេហ៍​ដំបូង »​ក្នុង​ផលិតកម្ម​Spark Music គឺមេដឹកនាំក្រុមតន្រ្តីនិងចម្រៀង Coconut Band ខណៈប៉ុន្មាននេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក បានប្រកាសឱ្យដឹងពីការវិលត្រឡប់វិញរបស់ក្រុមលោក ដែលមានសមាជិកទាំងអស់ចំនួន 4 រូប។

កាលពីឆ្នាំ2018 កន្លងទៅ ប្រធាន​ក្រុម​ច្រៀង Coconut រូបនេះ ធ្លាប់បានបង្ហាញ​ភាព​ជឿ​ជាក់​លើស្នាដៃ​នៃការសម្រិត​សម្រាំង​អាល់ប៊ុមចម្រៀងដែលមានចំណងជើងថា «ធាតុ​ក្ដៅ ធាតុ​ត្រជាក់» នឹង​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន ព្រោះ​អាល់ប៊ុម​នេះ ក្រុម​ចម្រៀង​របស់​លោកបាន​យក​ចិត្ត​ទុក​ខ្ពស់ ទាំង​សាច់​ភ្លេងនិង​អត្ថន័យ។ យ៉ាងណាមិញ ភាព​ល្បី​ល្បាញ របស់​ក្រុម​ចម្រៀង Coconut ហាក់​ស្ងប់​ស្ងាត់​ខ្លាំង ក្នុង​មួយ​រយៈចុង​ក្រោយ​នេះ ធ្វើឱ្យមហាជនទន្ទឹងចាំការចេញបទចម្រៀងបន្ដបន្ទាប់របស់ក្រុមមួយនេះ ។

គួរបញ្ជាក់ផងដែរថា ការប្រកាសត្រឡប់របស់ Coconut Band លោក កង ពិសិដ្ឋ ក៏បានបញ្ចេញឆាណែល «ស្នូលតន្ត្រី» មួយទៀតនៅលើបណ្ដាញសង្គមយូធូប ដែលលោកបានអះអាងថា នេះជាការបើកទំព័រថ្មីនៃមូលដ្ឋានការប្រមូលអ្នកផលិតសិល្បៈបទចម្រៀង។ លោកបន្ដថា លោកបង្កើត «ស្នូលតន្ត្រី» នេះឡើង គឺដើម្បីបង្កើន និងលើកតម្ដើងការផលិតបទចម្រៀងនិពន្ធថ្មីឱ្យបានច្រើន។ ទីពីរគឺលោក ចង់ផ្ដល់ឱ្យដល់អ្នកមានទេពកោសល្យច្រៀង ដែលមានគ្មានកន្លែងនឹងបញ្ចេញឱ្យមហាជនបានឃើញ។ ហើយចុងក្រោយនោះ លោកក៏ផ្ដោតសំខាន់ទៅលើចំណីអារម្មណ៍របស់អ្នកស្ដាប់ ដើម្បីឱ្យអ្នកគាំទ្របានរំសាយអារម្មណ៍ និងខណៈដែលនឹកឃើញចង់ស្ដាប់ចម្រៀងគឺ នឹកឃើញដល់ «ស្នូលតន្ត្រី» ៕

 

 

Advertisement