​សាស្រ្តាហ្វៀមជោគជ័យផលិត«ភាពយន្ដជីវិត» ធ្វើឱ្យមហាជនទស្សនាចប់ដូចបានអានសៀវភៅមួយក្បាល

«ភាពយន្ដជីវិត» កម្មវិធីថ្មីឆ្លុះបញ្ចាំងពីជីវិតពិតក្នុងសង្គមបច្ចុប្បន្ន ដោយចងក្រងមួយសាច់រឿង ចេញជាមួយភាពយន្ត។ ភាពយន្តជីវិត ក៏ជាមាតិការឿងដែលនិយាយពីហេតុការណ៍ពិត បទពិសោធន៍ពិត ដែលលើកឡើងមក​បង្ហាញ​ដល់​អ្នក​មើល​ ដើម្បីបានរៀនសូត្រ អាចយល់ជាផ្នត់គំនិត​មក​អភិវឌ្ឍខ្លួនបាន។

មកទល់ពេលនេះ មហាជនកាន់តែច្រើន មិនត្រឹមតែអ្នករស់នៅក្នុងប្រទេសនោះទេ សូម្បីតែនៅក្រៅប្រទេស ក៏ភាគច្រើនច្រើនស្គាល់ និងជក់ចិត្តនឹងភាពយន្តជីវិត ដែលផលិតដោយផលិតកម្ម Sastra Film ដោយភាពយន្តទាំងនោះ ក្រោយការបង្ហោះឡើង គឺអាចនិយាយបានថា មិនមានភាពយន្តណា ដែលមានអ្នកទស្សនាតិចជាងលានដងនោះទេ។ គោលបំណងនៃភាពយន្តជីវិតនេះ​ ផ្តល់សារសំខាន់ណាស់ដល់អ្នកមើល គឺប្រៀបបីដូចជាបានអានសៀវភៅមួយក្បាលក្រោយពេលមើលរឿងចប់មួយរឿង។ សំខាន់ជាងនេះទៅទៀតនោះរាល់ភាពយន្ត​ជីវិត មួយភាពយន្តមួយៗសាច់រឿងមានរយៈ​ពេលប្រមាណ​ ១ម៉ោង ទៅ ៤០នាទីប៉ុណ្ណោះ ប៉ុន្តែ​​អ្នកគាំទ្រ​មិនដែលរំលង​រាល់ឈុតឆាកតូចធំដែលសាស្រា្តហ្វៀមបាន​ផលិត​ឡើយ។

ស្នាដៃទាំងនោះ គឺអាចនិយាយបានថាបានទាក់ទាញអ្នកនិយមតាមដានទាំងរឿងភាគខ្នាតខ្លី និង​ខ្នាតវែង អោយជាប់ចិត្ត ទើបធ្វើអោយមាតិកាស្នាដៃរបស់ សាស្ត្រាហ្វៀម​ “ភាពយន្តជីវិត” មានតួលេខអ្នកទស្សនាច្រើនលានដង ស្ទើរតែគ្រប់រឿង។ ជោគជ័យដ៏គួរអោយសរសើរនេះ គឺដោយសារតែ“ភាពយន្ត​ជីវិត”​បាន​ប្រមូល​ផ្តុំ​ទៅ​ដោយ​ខ្សែ​រឿង​ដែល​បាន​កើតឡើង ឬ​មាន​ពិត​ ពាក់ព័ន្ធ​នឹង​សង្គម​សព្វ​ថ្ងៃជាក់ស្តែងតែម្តង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​តែងសរសើរ​មិនដាច់ពីមាត់រាល់ភាពយន្ត​ដែល​​សាស្រ្តាហ្វៀម​បាន​ផលិត៕

Advertisement