តារាចម្រៀង​វ៉ាន់ នី​ឡា ៖ «​ខ្ញុំ​ជឿ​ហើយ បុរស​ពាក់​សក្តិ​លើ​ស្មាដែលមាន​ឪពុក​ជា​មន្ត្រីជាន់ខ្ពស់​»​

ដូចមហាជនបានដឹងហើយថា អតីតសង្សារ របស់តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា គឺលោក គុយ សិទ្ធិសក្តិ ត្រូវបានគេស្គាល់គ្រប់គ្នាថា ជាមន្ត្រីប៉ូលីសពាក់សក្តិ4កន្លះ បម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និងត្រូវជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ គុយ ប៊ុនសន អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។


រឿងក្តី​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ ជាមួយ​កញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នី​ឡា អតីតតារាចម្រៀងហង្សមាស ពាក់ព័ន្ធ​ការប្រើ​ហិង្សា និង​បង្ហោះ​រូបភាព​អាក្រាត​នោះ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញប្រកាស​សាលក្រមម្ដង​ហើយ នៅ​រសៀល​ថ្ងៃ15 ខែសីហា ឆ្នាំ​2017 ដោយ​ផ្តន្ទាទោស​ជនជាប់ចោទ ដាក់ពន្ធនាគារ​រយៈពេល​1ឆ្នាំ និង​បង្គាប់​ឱ្យសង​សំណង​ជំងឺ​ចិត្ត ដល់​ដើមបណ្ដឹង​ចំនួន200​លាន​រៀល​។​

​នៅក្នុង​ការប្រកាស​សាលក្រម​នេះ គេ​ពុំ​បានឮ​លោក កោ វណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​ចេញ​ដីកា​បង្គាប់​ឱ្យចាប់ខ្លួនជនជាប់ចោទ គុយ សិទ្ធិ​សក្តិ ទេ (​ពុំមាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ទេ​) តែ​បើកផ្លូវ​ឱ្យជនជាប់ចោទប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​។​ ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ ត្រូវបាន​ចោទប្រកាន់​ពីបទ «​ហិង្សា​ដោយ​ចេតនា​និង​ចែកចាយ​រូបភាព​អាសអាភាស​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ2016 តាម​មាត្រា217 នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​38 និង​មាត្រា​39 ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញ ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។​

ពាក់ព័ន្ធរឿងរ៉ាវ និងការអូសបន្លាយក្ដីរហូត 4 ឆ្នាំនេះ តារាចម្រៀង​វ៉ាន់ នី​ឡា បានលើកឡើងថា នៅថ្ងៃទី 31 ខែកក្កដានេះ នាងត្រូវ​ឡើងទៅ​សាលាឧទ្ធរណ៍ ព្រោះ​បណ្ដឹង​នេះ ត្រូវបាន​អតីត​​​សង្សារ ប្តឹង​ជំទាស់​ទៅ​កំពូល តែ​កំពូល​ជំរុញ​មក​ឧទ្ធរណ៍​វិញ​។ នី​ឡា បញ្ជាក់ថា អ្វីដែល​ខ្លួន​ចង់បាន​ពេលនេះ គឺ​យុត្តិធម៌ ព្រោះ​ជន​នោះ​នៅ​ក្រៅ​ឃុំ ធ្វើការ​ដើរហើរធ្វើ​ការងារ​ធម្មតា ក្រោយពី​សាលាដំបូងនិង​សាលាឧទ្ធរណ៍ ប្រកាស​សាលក្រម​និង​សាលដីការួចទៅហើយ​នោះ​។​ ​នី​ឡា បញ្ជាក់ថា «​ម្នាក់​នឹង​គេ​មានអំណាច​ខ្លាំង​សំបើម​ណាស់​មែន​ទេ បានជា​ជននេះ​នៅ​រួចខ្លួនធ្វើ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង ។ ព័ត៌មាន​លំអិត ឱ្យកាន់តែច្បាស ឱ្យ​កាន់​​តែ​ភ្លឺ ខ្ញុំ​បកស្រាយ​នៅ​ពេល​ឆាប់ៗ នេះ។ ខ្ញុំ​ជឿ​ហើយ បុរស​ពាក់​សក្តិ​លើ​ស្មា ដែលមាន​ឪពុក​ជា​មន្ត្រីជាន់ខ្ពស់ អាចធ្វើ​អ្វី​បាន​ស្រេច​ចិត្ត​ដោយ​គ្មាន​អ្នក​ចាប់ទោស​»​។​ តារាចម្រៀង​វ៉ាន់ នី​ឡា បាន​សម្ដែង​អារម្មណ៍​ថា «​ខ្ញុំ​ជឿ​ហើយ បុរស​ពាក់​សក្តិ​លើ​ស្មាដែលមាន​ឪពុក​ជា​មន្ត្រីជាន់ខ្ពស់​»​៕

Advertisement