លេងសើចពេក! រៀមច្បង និងថ្នាក់ដឹកនាំ ៣រូប ព្រមានឱ្យតាប៊ុយ និងជីមមី ធ្វើការសុំទោសជាសាធារណៈ

អគ្គនាយិការងពីររូបនៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា បានប្រតិកម្មចំពោះទង្វើរបស់វីជេតាប៊ុយ ដែលជាពិធីករ និងជាអ្នកផលិតកម្មវិធី ពេញចិត្តឬអត់ ប្រើពាក្យពេចន៍ឌឺដងមកដល់ស្ថានីយទូរទស្សន៍ជាតិ ដោយយករឿងចំអន់គ្នាលេងក្នុងកម្មវិធីពេញចិត្តឬអត់ “យកតម្លៃនៃអត្តចរិក សីលធម៌ សុជីវធម៌ និងក្រមវិជ្ជាជីវៈរបស់យើងខ្ញុំជាពិធីករ ពិធីការិនី មកលេងសើចកំប្លុកកំប្លែង។ ខ្ញុំសូមឱ្យប្អូនៗ សូមទោសជាសាធារណៈចំពោះសម្ដីដែលបាននិយាយទោះជាចេតនា ឬអចេតនាក៏ដោយ”។ ទង្វើបែបនេះ ពិធីករទាំងនោះបានភ្លេចនូវក្រមសីលធម៌ ដែលធ្វើឱ្យមានការប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។

យើងឃើញថា មានការបញ្ចេញឃ្លីបវីដេអូ បន្ទាប់ពីថតនូវកម្មវិធីពេញចិត្តឬអត់របស់ទូរទស្សន៍ MYTV ដែលមិនដឹងកាលបរិច្ឆេទចាក់បញ្ចាំងថ្ងៃណា ប៉ុន្តែមានឃ្លីបមួយបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យអគ្គនាយិការងទូរទស្សន៍ជាតិពីររូបមានប្រតិកម្ម និងបង្ហោះសារតបបែបអប់រំទៅពួកគាត់ ដែលជាពិធីករវ័យក្មេង ដើម្បីឲ្យសុំទោសជាសាធារណៈ។

លោកស្រី កុច មាតី អគ្គនាយិការងទូរទស្សន៍ជាតិកម្ពុជា បានសរសេរលើបណ្តាញសង្គមថា “ខ្ញុំមិនមែនជាមនុស្សឥតខ្ចោះដែលមិនចេះខុសឆ្គងនោះទេ តែបទពិសោធន៍ការងារជាអ្នកអាន ជាអ្នកអត្ថាធិប្បាយ ជាពិធីការិនី ជាង ២០ឆ្នាំមកនេះ ល្មមអាចចែករំលែកជូនប្អូនៗ ជាអ្នកអត្ថាធិប្បាយ ជាពិធីករ ពិធីការិនី ជំនាន់ក្រោយបាន ដឹងខ្លះៗ ថាជាពិធីករ ពិធីការិនីត្រូវតែ ប្រុងប្រយ័ត្នរាល់ពាក្យពេចន៍និយាយស្តីចេញមក ត្រូវដឹងថា វាបានចូលត្រចៀកអ្នកស្តាប់ អ្នកមើលរាប់ពាន់ រាប់ម៉ឺននាក់ ក្នុងពេលតែមួយ ដូច្នេះត្រូវប្រាកដក្នុងចិត្ត កុំឱ្យពាក្យពេចន៍ ដែលយើងនិយាយចេញមកក្លាយជាអាវុធមុខ២។”

លោកស្រីបន្តសរសេរទៀតថា “ចាំថា ជាមនុស្សសាធារណៈ គ្រប់យ៉ាងដែលយើងនិយាយ យើងសម្តែងចេញទៅ អ្នកស្តាប់ អ្នកមើល ចង់ឬមិនចង់ គេគិតនិងជឿ ថាវាត្រូវ វាល្អ គេនឹងយកតម្រាប់តាម ដូច្នេះត្រូវស្រាវជ្រាវឲ្យច្បាស់ មុននិងនិយាយឬបង្ហាញត្រូវចាំថា ខ្លួនយើងជាកោសិកាមួយរបស់សង្គមដែលមានឱកាសជាងមនុស្សទូទៅ ក្នុងការជួយសង្គមជាតិ តាមរយៈការនិយាយ ការសម្តែង ចូលរួមអប់រំ រក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជាគំរូឲ្យមនុស្សជំនាន់ក្រោយៗ ស្របតាម ពាក្យស្លោក «បុរាណមិនយឺត សម័យមិនបរទេស»។ ចាំថា យើងមិនមែនជាតុលាការ មិនមែនជាគ្រូបង្រៀន មិនមែនជាគ្រូពេទ្យ ដែលកាត់ក្តី ដែលបង្រៀន និងផ្តល់ដំបូន្មានលើការព្យាបាល ដល់ប្រិយមិត្តខ្លួនឡើយ យើងត្រឹមជាអ្នកពាំនាំអ្វីដែលពិត មានអំណះអំណាងត្រឹមត្រូវច្បាស់លាស់ ជូនប្រិយមិត្តប៉ុណ្ណោះ រក្សាជំហរកណ្តាល មិនលម្អៀង មានហេតុផល មានទឡ្ហីករណ៍ ច្បាស់លាស់ចំពោះរឿងរ៉ាវដែលលើក យកមកវិភាគក្នុងកម្មវិធីរបស់ខ្លួនមិនវាយប្រហារ ឬប៉ះពាល់សិទ្ធិរបស់គេ”។

ជាមួយគ្នានោះដែរលោកស្រី ឱរ លក្ខិណា អគ្គនាយិការងទូរទស្សន៍ជាតិកម្ពុជា ក៏បានលើកឡើងដែរថា មិនខឹងទេ តែមើលហើយមើលទៀតទ្រាំមិនបាន! ក្នុងនាមជាពិធីការិនីមួយរូបរបស់ស្ថាប័នជាតិ ទទក ខ្ញុំពិតជាសោកស្តាយដែលពិធីករនិងពិធីការិនី កម្មវិធីពេញចិត្តរឺអត់ របស់ MYTV យកតម្លៃនៃអត្តចរិត សីលធម៌ សុជីវភាព និងក្រមវិជ្ជាជីវៈរបស់យើងខ្ញុំជាពិធីករ ពិធីការិនី មកលេងសើចកំប្លុកកំប្លែង។ ខ្ញុំសូមឲ្យប្អូនៗសូមទោសជាសាធារណៈចំពោះសម្ដីដែលបាននិយាយទោះជាចេតនារឺអចេតនាក៏ដោយ ។

១/ពាក្យដែលពិធីករនិយាយថា: សុភាពអាចទៅធ្វើការនៅទទកបាន(ខ្ញុំមិនចាប់កំហុសទេ)

២/ពិធីការិនី និយាយ និង សំឡេងសើច: ខ្លាចគេដេញទៅធ្វើការនៅទទក (បានន័យថាម៉េចខ្លាចគេដេញហ្នឹង! សូមជួយពន្យល់? រួមទាំងសំឡេងសើចបានន័យថាម៉េច?)។

ក្នុងនោះដែរ លោក សាម៉ន បណ្ឌិត្យ អនុរដ្ឋលេខាធិកា ក្រសួងព័ត៌មានបានឡើងថា ពិធីករ-ពិធីការិនី របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ជាអ្នកមានក្រមសីលធម៌ល្អក្នុងការនិយាយ មានការអធិប្បាយត្រឹមត្រូវ សុភាពរាបសារ ទន់ភ្លន់ ស័ក្តិសមជាស្ថាប័នរបស់ជាតិ របស់រដ្ឋពិតប្រាកដ ក្នុងនោះសូម្បីតែពាក្យកំប្លុកកំប្លែង គឺស្ទើរតែគ្មានសោះតែម្តង ព្រោះស្ថាប័នជាតិ មិនអាចលេងសើចនៅលើកញ្ចក់ទូរទស្សន៍ ដែលផ្សាយជាសាធារណៈបែបនេះ ឡើយ។

ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិកា ក៏បានស្នើទៅដល់ តាប៊ុយ និងកញ្ញា Jimmy ឲ្យធ្វើការសុំទោសជាសាធារណៈ ក្នុងលក្ខណៈជាការ Live វីដេអូ ឬជាលិខិត លាយល័ក្ខ អក្សរណាមួយ ដើម្បីកុំឲ្យប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀត ចំពោះពាក្យសំដីរបស់ខ្លួន ទៅលើស្ថាប័នជាតិដ៏ធំមួយនេះ។

Advertisement