តារាទឹកភ្នែក នី មុន្នីនាថ មិនព្រួយខ្លាចជាន់ដានចាស់

អស់ពេលជាយូរដែល នី មុន្នីនាថ ព្យាយាមគេចពីការចោទសួររបស់អ្នកសារព័ត៌មាន ពិសេសរឿងរ៉ាវអតីតកាលប្តឹងផ្តល់ជាមួយអតីតគូស្នេហ៍ឡើងដល់តុលាការនោះ។ ថ្មីៗនេះស្រាប់តែតារាសម្ដែងដែលធ្លាប់ច្បាមភាពលេចធ្លោក្នុង ភាពយន្ត និងវីដេអូខារ៉ាអូខេដែលទស្សនិកជនស្គាល់ជាតារាសម្ដែងទឹកភ្នែក បើកទម្លាយរឿងរ៉ាវគូស្នេហ៍ថ្មី ដែលជាអណិកជនអូស្ត្រាលី ទាក់ទងគ្នាអស់រយៈ2ឆ្នាំមកនេះ។

តារាទឹកភ្នែកសម្បុរស្រអែមរូបនេះ បានប្រកាសថា ខ្លួនមានទំនាក់ទំនងស្នេហាថ្មីនេះ ដោយមិនព្រួយបារម្ភរឿងជាន់ដានស្នេហាចាស់នោះទេ នាងអះអាងថា នេះប្រហែលជានិស្ស័យច្រើនជាង។ នាងថា ចាស់ទុំទាំងសងខាងបានទទួលស្គាល់ដឹងឮរឿងរបស់នាងហើយ តែយ៉ាងណាក៏ដោយ ក៏នាងមិនហ៊ានរំលងប្រពៃណីខ្មែរផងដែរ។ ពោលគឺ ទោះជាយ៉ាងណាក៏ដោយ ត្រូវសំពះផ្ទឹមរៀបមង្គលការតាមប្រពៃណីខ្មែរយើង។

បុរសជាគូគាប់ បានឆក់យកចិត្ត នី មុនី្ននាថ មានមុខមាត់ស្រទន់ ហើយជាអ្នកជំនួញពូកែរកស៊ី មានវ័យប្រហែលសាមក្រាស់។ ក្រៅពីស្រឡាញ់នាងហើយនោះ ថែមទាងបានបើកផ្លូវឱ្យនាង បម្រើអាជីពសិល្បៈតាមចិត្ត។ ដូចនេះហើយទើបច្រើនខែមកនេះ នាងបានទទួលយកការងារសម្តែងមកវិញដោយទទួលបានការថត រឿងជាច្រើនរវល់ពេញ១សប្តាហ៍ ៗ។ ក្រោយពីបានចូលមកព្យាបាលរបួសចាស់ បុរសជាគូស្នេហ៍ថ្មីរបស់នាង បានស្អំបេះដូងអស់រយៈពេលជាង 2ឆ្នាំមកហើយ និងគ្រោងរៀបអាពាហ៍ពិពាហ៍នាពេលឆាប់ៗនេះ។

តារាស្រី នី មុន្នីនាថ ក្រៅពីគាប់ចិត្តជីវិតគូហើយ នាងបានបោះទុនទឹកប្រាក់រាប់ម៉ឺនដុល្លារឯណោះ ដើម្បីបើកហាងលក់ផលិតផលថែរក្សាសម្រស់។ ហើយនាងបាននិយាយថា នាងនឹងព្យាយាមពង្រីកវិសាលភាពមុខជំនួញឱ្យកាន់តែចម្រើនធំធាត់ បើទោះបីជាត្រូវរយាលពេលពីសិល្បៈមួយរយៈក៏ដោយ៕

Advertisement