តារាស្រី សឹម ស្រីនិច និង អូន​ផ្កាយ យំហើមភ្នែករៀបរាប់ពីឈុតកម្សត់ល្អមើលក្នុងភាពយន្ដ «ពោះធំ The Movie» កំពុងដាក់បញ្ចាំង

ខណៈដែលភាពយន្ដដ៏ល្បីមានចំណងជើងថា «ពោះធំ The Movie» បានដាក់បញ្ចាំងតាំងពីថ្ងៃទី20 ខែ​សីហា ឆ្នាំ2020 កន្លងមកនេះ មហាជនជាច្រើនដែលបានទស្សនាហើយ បានពោលសរសើរពីគុណភាពភាពយន្ដខ្មែរ និងតម្លៃអប់រំខ្លាំង។ នៅក្នុងនោះដែរ ក៏មានតារាសិល្បៈខ្មែរជាច្រើនបានចូលរួមទស្សនាភាពយន្ដនេះដូចជា គឺ​​កញ្ញា សឹម ស្រីនិច និង​កញ្ញា អូន​ផ្កាយ ដែលអ្នកទាំងពីរសុទ្ធតែបានបង្ហាញអារម្មណ៍ក្ដុកក្ដួលចេញពីក្នុងចិត្ត។

តារា​​សម្តែង​ ​សឹម ស្រី​និច បាន​​បង្ហោះ​​វីដេអូយំ​​ហើម​ភ្នែក​​​ ក្រោយ​ពេល​​​ចេញ​​ពី​មើល​រឿង​«ពោះធំ The Movie» ជាមួយ​មិត្តភក្តិ​ ដោយ​​ស្រី​​ស្អាត​រូបនេះ​​បាន​និយាយ​ទាំង​​ទឹក​មុខ​ទើប​​នឹង​​យំ​​រួច​ថា​​ «ខ្ញុំ​ទើប​ចេញ​ពី​មើល​រឿង​ពោះធំ។ នេះ​ជា​រឿង​​ខ្មែរ​ដំបូង​ហើយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​យំ​ហូរ​ទឹក​ភ្នែក​​តាំង​​ពី​ដើម​រឿង​​ដល់​ភាគ​បញ្ចប់​។ អ្នក​ទាំង​គ្នា​មក​មើល​រឿងនេះអត់​​ខក​បំណង​ទេ​​»។ កញ្ញាសឹម ​ស្រីនិច ​ក៏បាន​រៀប​រាប់​បន្ថែម​ថា កញ្ញាសូម​ឱ្យមេដៃ​​សរសើរ​ដល់តួ​សម្តែង​ទាំង​​អស់ ជាពិសេស​​តួឯក​​​ស្រី ​​អាង ​​សុជាតា​ ហៅ​​ឈូ​​ឈូ​​ និង​​​តួឯក​​​ប្រុស​​ ស៊ីវ​សុវណ្ណា​រាជ្យ ដែល​​​ពូកែ​​សម្តែង​​ឈុត​ឆាក​​កម្សត់​​ខ្លាំង​ រួម​ទាំង​​​អ្នក​​​និពន្ធ និង​​អ្នក​​ដឹក​នាំ​រឿង​ដែល​ធ្វើ​ឱ្យ​កញ្ញា​កម្សត់​​តាម​សាច់​រឿង​​រហូត​​យំហើម​ភ្នែក​អស់​​បែបនេះ។

ចំណែក​​ឯ​​តារា​​ស្រី​​រូប​ស្អាត​ អូនផ្កាយ ក៏​បាន​​បង្ហោះ​​វីដេអូ​ ​ដែល​ទើប​នឹង​យំរួច ជាមួយ​​នឹង​ពាក្យ​​ក្នុង​ចិត្​ថា «ឥលូវ​ខ្ញុំ​​បាន​មើល​​រឿង​​ពោះ​​ធំ​ហើយៗ​​ គឺ​​យំ​តាំង​​ពី​ពាក់​​កណ្តាល​​រឿង​ដល់​​​បញ្ចប់​រឿង​​ក៏​នៅ​យំ​អត់​ទាន់​បាត់ ។ ឃ្លា​​ចុង​​ក្រោយ​​ហ្នឹង​​គឺ​​ទប់​​អារម្មណ៍​អត់​​ជាប់​។ និយាយ​ទៅខ្ញុំ​​អត់​​មាន​ពាក្យ​អី​​និយាយ​ទេ​ ព្រោះ​វា​កម្សត់​ខ្លាំង​ពេក​​»។

បន្ទាប់​ពី​ឃើញ​តារា​ល្បី​ៗ​យំ​ហើម​ភ្នែក​បែប​នេះពេល​បាន​មើល​រឿង​ពោះធំ The Movie រួច​បែប​នេះ កាន់​តែ​ធ្វើ​ឱ្យ​អ្នក​​មិន​​ទាន់​​បាន​​ទស្សនា​​ចង់​​ដឹង​​កាន់​​តែ​​ច្បាស់​​ថា​រឿង​«ពោះធំ The Movie» កម្សត់​​ដល់​​​កម្រិត​ណា ទើប​ធ្វើឱ្យ​​តារា​ៗ​​ទប់​​ទឹក​​ភ្នែក​​មិន​ជាប់​​បែប​នេះ។ កុំ​​ភ្លេច​​​ណា ខ្សែ​ភាពយន្ត​​រឿង​«ពោះធំ The Movie» កំពុង​​ចាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាព​យន្ត​ ដូចជា​ Legend Cinema, Major Cineplex និង​​ Prime Cineplex៕

 

Advertisement