ស្អែកនេះ ! កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រៀមខ្លួនធ្វើសន្និសីទសារព័ត៌មានជុំវិញការផ្លាស់ទ្រនំច្រៀង ចុះកូនទាំង3?

បន្ទាប់ពីលេចធ្លាយព័ត៌មានកំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ បានផ្លាស់​ទៅកាន់ផលិតកម្មថ្មីហើយ គឺផលិតកម្ម Galaxy Navatra របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា។ មហាជនច្រើននៅមានមន្ទឹលសង្ស័យចំពោះរឿងរ៉ាវ ខណៈដែលកំពូលតារាចម្រៀងរូបនេះ សុខចិត្តចាកចេញពីទ្រនំដែលប្រឹងប្រែងតស៊ូជាច្រើនឆ្នាំ។

មានមតិខ្លះពីអ្នកសិល្បៈបានអះអាងថា គ្មានការចាកចេញរបស់លោក ព្រាប សុវត្ថិ ទៅកាន់ទ្រនំកាឡាក់ស៊ីណាវ៉ាត្រានោះទេ។ គ្រាន់តែមានការងារដីធ្លីមួយចំនួនដែលលោកបានសហការធ្វើការងារជាមួយក្រុមហ៊ុនGalaxy Navatra តែប៉ុណ្ណោះ។ អ្នកខ្លះទៀតគេបានលើកឡើងថា លោក ព្រាប សុវត្ថិ ពិតជាចាកចេញពិតមែន ដោយលោកសម្លឺងឃើញការហក់ចូលឆាកអន្ដរជាតិ តាមរយៈផលិតកម្ម Galaxy Navatra Thailand ដើម្បីសាងប្រជាប្រិយភាពថែមមួយកម្រិតទៀត។ ហើយខ្លះទៀតក៏បាននិយាយឡើងដែរថា បើឪពុកចាកចេញហើយ ( លោក ព្រាប សុវត្ថិ ) ចុះកូនទាំងបី នឹងនៅបន្ដក្នុងហង្សមាសទៀតឬយ៉ាងណា?

តែយ៉ាងណាមិញ ​តាម​ការបញ្ជាក់ឱ្យដឹង​ពី​លោក យឹម តាស្រង់ នាយកចាត់ការ​ទូទៅ​ផលិតកម្ម Galaxy Navatraកំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ នឹង​ចុះ​កុងត្រា​ជា​មួយ​ផលិតកម្ម​​ជា​ជំហាន​ដំបូង​រយៈពេល៥ឆ្នាំ ។ នៅ​មិន​ទាន់​ដឹង​ថា កូន​​ទាំង​៣ របស់​កំពូល​តារា​ចម្រៀងនឹង​ទៅចូល​មក​ជា​មួយ​ឪពុក​ឬ​យ៉ាង​ណា​នោះ​ឡើយ ព័ត៌មានលម្អិត លោកនឹងបង្ហាញជូនក្នុងសន្និសីទ​សារព័ត៌មាន ដែលនឹងរៀបចំឡើង​ នាថ្ងៃទី២៥ ខែសីហា ខាងមុខនេះ។

Advertisement