តួអង្គ​តារា​ប្រឌិត​ល្បី​ៗ​ដែលកំពុង “កើបលុយ” បានច្រើនជាងគេក្នុងពិភពលោក តាម​រយៈ Instagram

តួអង្គ​តារា​ប្រឌិត​ល្បី​ៗ​ដែលកំពុងកើបលុយបានច្រើនជាងគេក្នុងពិភពលោក តាម​រយៈ Instagram
តួអង្គ​តារា​ប្រឌិត​ល្បី​ៗ​ដែលកំពុងកើបលុយបានច្រើនជាងគេក្នុងពិភពលោក តាម​រយៈ Instagram

Lil Miquela ជាតួអង្គតារាប្រឌិតមួយដួងដែលត្រូវបានបង្កើតឡើងដោយកុំព្យូទ័រ អាចរកប្រាក់ចំណូលបាន​រហូត​ដល់​11,738,406​លានដុល្លារនៅក្នុង1ឆ្នាំៗ តាមរយៈការបង្ហោះរូបថតនៅលើបណ្ដាញសង្គម Instagram។

បណ្ដាញសង្គមនានាក្នុងពេលថ្មីៗនេះ បានក្លាយជាទីឋានដ៏ល្អប្រសើរក្នុងការ “កើបលុយ” សម្រាប់ក្រុមមនុស្សដែលមានឥទ្ធិពល (influencer) មកពីជុំវិញពិភពលោក។ សូម្បីតែរ៉ូបូត ឬតួអង្គប្រឌិតក៏បានចាប់ផ្ដើមសាកល្បងរកប្រាក់តាមរយៈបណ្ដាញសង្គមផងដែរ។ ថ្មីៗនេះ OnBuy បានបង្ហើបឱ្យដឹងព័ត៌មានស្ដីអំពីប្រាក់ចំណូលដ៏ច្រើនសន្ធឹកដែលក្រុមតារាប្រឌិត ឬតារានិម្មិតអាចរកបានតាមរយៈបណ្ដាញសង្គម Instagram។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន OnBuy៖ “ចំនួនតួអង្គនិម្មិតដែលមានឥទ្ធិពល កំពុងតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកគេត្រូវបានបង្កើតឡើងដោយកុំព្យូទ័រ ដែលហៅថា CGI (Computer-generated imagery) ឬរ៉ូបូត ដែលមានចំណុចពិសេស និងមានលក្ខណៈស្រដៀងនឹងមនុស្សពិត។ ពួកគេបានក្លាយជាកម្លាំងពិតនៅក្នុងវិស័យ influencer ដែលកំពុងដណ្ដើមកាន់កាប់ឥទ្ធិពលនៅលើបណ្ដាញសង្គម។ តើនេះគឺជាសញ្ញាមួយដែលបង្ហាញអំពីទីអវសានរបស់ influencer ដែលជាមនុស្សពិតមែនដែរ ឬយ៉ាងណា?

តួអង្គប្រឌិតដែល “ស៊ីថ្លៃ” បំផុត នោះគឺ Lil Miquela

របាយការណ៍របស់ OnBuy បានឱ្យដឹងថា តួអង្គប្រឌិតដែល “ស៊ីថ្លៃ” បំផុត នោះគឺ Lil Miquela។ នាងរកបាន​ប្រហែល​8,000​ដុល្លារអាមេរិក សម្រាប់អត្ថបទនីមួយៗដែលបង្ហោះនៅលើបណ្ដាញសង្គម Instagram។ ជារៀងរាល់ឆ្នាំ នាងអាចរកបានប្រាក់ដល់ទៅ8.96លានផោន (11,738,406លានដុល្លារអាមេរិក) តាមរយៈការផ្សាយពាណិជ្ជកម្ម។

Noonoouri ត្រូវបានបង្កើតឡើងដោយអ្នកជំនាញខាងរចនាក្រាហ្វិច ឈ្មោះ Joerg Zuber

ឈរលំដាប់ទី2បន្ទាប់ពី Lil Miquela នោះគឺ Noonoouri ដែលត្រូវបានបង្កើតឡើងដោយអ្នកជំនាញខាងរចនាក្រាហ្វិច ឈ្មោះ Joerg Zuber។ ដោយមានអ្នកតាមដានចំនួនជាង362,000នាក់ តាមការគណនា នាងអាចរកបាន1,382ផោន (1,810ដុល្លារអាមេរិក) សម្រាប់អត្ថបទផ្សាយពាណិជ្ជកម្មនីមួយៗ និងរកបានជាង​2​លាន​ផោន (2,620,000ដុល្លារ)/ឆ្នាំ។

តួអង្គ​តារា​ប្រឌិត​ នាង Imma ឈរលំដាប់ទី3

តារារូបនិម្មិតមកពីជប៉ុន គឺនាង Imma ឈរលំដាប់ទី3។ ទាក់ទងនឹងវប្បធម៌ ភាពយន្ត និងសិល្បៈជប៉ុន បណ្ដារូបថតដ៏គួរឱ្យស្រលាញ់របស់នាង ត្រូវបានអ្នកប្រើប្រាស់ Instagram ចំនួនជាង237,000នាក់ “គយគន់” ជារៀងរាល់លើក ហើយនាងក៏រកបានប្រាក់ប្រមាណជាជាង498,000ផោន (652,424ដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំ ដែលតួលេខនេះ គឺច្រើនជាង13ដង បើធៀបនឹងប្រាក់ខែជាមធ្យមនៅប្រទេសអង់គ្លេសទៅទៀត។

ឈរលំដាប់ទី4 គឺនាង Bermuda Is Bae ដោយរកបានប្រាក់ប្រមាណជា576,000ដុល្លារ/ឆ្នាំ។
Blawko មានអ្នកតាមដានជាង155,000នាក់នៅលើ Instagram និងរកបានប្រហែល208,000ដុល្លារ/ឆ្នាំ។
ចំណែកនាង Shudu វិញ មានអ្នកតាមដានជាង206,000នាក់ និងអាចរកប្រាក់បានប្រាក់ចំនួនជាង​125,000​ដុល្លារ/ឆ្នាំ។

ប្រភព៖ Mirror

Advertisement