តារាចម្រៀង បូរ តាំងហ៊ាង បើកសម្ពោធវង់តន្ត្រីថ្មី និងត្រៀមចូលផលិតកម្មធំ តែបែរសោកសៅគ្មានវត្តមានឪពុកនៅគាំទ្រ

មហាជនជាច្រើនបានស្គាល់តារាចម្រៀង បូរ តាំងហ៊ាង ជាម្ចាស់បទ « បើបងបាត់ការចងចាំ» មានឈ្មោះរន្ទឺនៅក្នុងពិភពសិល្បៈមកហើយ។ ថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះ បានប្រកាសប្រាប់អ្នកសារព័ត៌មានថា លោកត្រៀមខ្លួនបោះជំហ៊ានចូលផលិតកម្មធំមួយនៅក្នុងស្រុក ដែលការប្រកាសនេះចំពេលលោករៀបចំពិធីសម្ភោធបង្កក់វង់តន្ត្រីយ៉ាងអធិកអធមនៅម្ដុំវត្ត វិហារសួគ៌។ តែយ៉ាងណាមិញ គេមើលឃើញថា កម្មវិធីជាង50តុដែលលោកធ្វើឡើងទាំងអារម្មណ៍សោកសៅខណៈដែលវង់តន្ត្រីនេះគឺលោកបង្កើតឡើងដើម្បីជូនដល់ឪពុកដែលជាតន្ត្រីករតែបែជាបង្កើតមិនបានសម្ភោធផងក៏ត្រូវឪពុកលាចាកលោក។

លោក បូរ តាំងហ៊ាង និយាយថា ដោយសារតែឪពុករបស់លោកគឺជាតន្ត្រីករហើយស្គាល់តែជីវិតដើរលេងភ្លេងឱ្យគេទើបលោកសម្រេចចិត្តបើកវង់តន្ត្រីមួយនេះដើម្បីសម្រេចក្ដីសុបិន្តរបស់ឪពុក ក៏ដូចជាបង្កើតអាជីវកម្មរួមមួយក្រៅពីអាជីពសិល្បៈ។ ដោយលោកឪពុករបស់លោកក៏បានស្នើរសុំឱ្យលោកធ្វើពិធីសម្ភោធក្រុមតន្ត្រីមួយនេះដើម្បីលើកមុខលើកមាត់គ្រួសារផងដែរប៉ុន្តែលោកមិនទាន់បានចាត់ចែងពិធីនោះផងលោកឪពុកបែជាចែកឋានទៅ។ ដូច្នេះហើយទើបលោកសម្រេចចិត្តធ្វើពិធីនេះឡើងជូនដល់សពឪពុក ក្រោយពីធ្វើពិធីបុណ្យសពឪពុករួចរាល់។

លោកបន្តថា ពិធីជប់លៀងទ្រង់ទ្រាយធំនោះគោលបំណងទី1គឺដើម្បីប្រកាសបើកក្រុមតន្ត្រីជាផ្លូវការ ទី2គឺដើម្បីជប់លៀងអបអររូបលោកដែលទើបបានចូលច្រផងជាផ្លូវការនៅក្នុងផលិតកម្មធំមួយ ខណៈដែលលោកសុំមិនបង្ហើបឱ្យដឹងពីឈ្មោះផលិតកម្ម។ លោកថា រន្ធត់ចិត្តណាស់ដែលមានវង់ភ្លេងមានវិធីសម្ភោធតែបែជាគ្មានវត្តមានឪពុកដែលធ្លាប់ស្នើរសុំ។ យ៉ាងណាក៏ដោយលោកក៏នឹងពុះពារសម្រេចក្ដីសុបិន្តរបស់ឪពុកឱ្យបានដោយនឹងដឹកនាំវង់តន្ត្រីឱ្យជោគជ័យ និងប្រឹងប្រែងក្នុងអាជីពចម្រៀងឱ្យមានកេរ្តិ៍ឈ្មោះបោះសំឡេង ឆ្លើយតបតាមក្ដីប្រាថ្នារបស់ឪពុក។

លោករំពឹងថាជំហ៊ានថ្មីនៅក្នុងផលិតកម្មធំនឹងធ្វើឱ្យកេរ្តិ៍ឈ្មោះក្នុងសិល្បៈរបស់លោកបោះជំហានបានល្អ និងទទួលបានប្រជាប្រិយភាពក្នុងស្រទាប់មហាជនដូចអ្វីដែលឪពុករបស់លោកចង់បាននោះផង។ លោកថាពិធីដែលបានធ្វើឡើងនោះគឺលោកសម្រេចទទួលភ្ញៀវជា3វគ្គ គឺពេលថ្ងៃត្រង់ ពេលរសៀល និងពេលយប់ដើម្បីកុំឱ្យមានវត្តមានអ្នកសិល្បៈគរជើងគ្នាក្នុងពេលតែមួយនាំឱ្យមានការភ័យបារម្ភពីជំងឺកូវីដ។ នៅក្នុងពិធីនោះក៏មានសិល្បករសិល្បការិនីជាច្រើនបានចូលរួមដែរ បើទោះជាការចូលរួមពីសិល្បករទាំងនោះមានភាពរប៉េះរប៉ោះមិនបានជុំគ្នាក្នុងម៉ោងតែមួយយ៉ាងណាក្ដី។

Advertisement