ភាពយន្ដ “កុមារី២៥ឆ្នាំវគ្គ៣” កំពុងផ្ទុះការគាំទ្រខ្លាំង ខណៈដាក់បញ្ចាំងថ្ងៃទី១៧នេះហើយ

ក្នុងពិធីបង្ហាញចំណាប់អារម្មណ៌តួសម្ដែង និង ផលិតករ កាលពីថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២០ នៅរោងភាពយន្ត Prim Ceneplex សាខាទួលគោក (Samai Square) អ្នកស្រី ពាន់ ភួងបុប្ផា ដែលជាផលិតករ និង ជាអ្នកដឹកនាំរឿងបញ្ជាក់យ៉ាងមុតមាំថា ភាពយន្តរឿង”កុមារី២៥ឆ្នាំវគ្គ៣” នឹងទទួលបានជោគជ័យ បើទោះជាភាពយន្តនេះ ដាក់បញ្ចាំងចំពេលភ្ជុំបិណ្ឌ និង ដាក់បញ្ចាំងចំពេលកូវីត នៅមិនទាន់ស្ងប់ស្ងាត់។ លោកស្រីថា ភាពយន្តនេះ គ្រោងបញ្ចាំងតាំងពីអំឡុងចូលឆ្នាំខែ៤ តែដោយសារតែបិទរោងកុន ទើបពន្យារមកដល់ពេលនេះ។ លោកស្រីបានទាំងជឿថា ភាពជោគជ័យ នឹងមិនចាញ់ភាពយន្តនេះ កាលពីវគ្គទី១ និង វគ្គទី២ នោះផង។ ហេតុផលដែលលោកស្រី ជឿជាក់បែបនេះ គឺដោយសារតែនេះជាភាពយន្តដែលបង្ហាញពីករសម្ដែងជាថ្មីរបស់ អ្នកនាង នី មុល្លិកា ដែលបាត់មុខពីសិល្បៈអស់១០ឆ្នាំ ជារឿងដែលធ្លាប់ល្បីរួចមកហើយ និង ជារឿងដែលបង្ហាញពីរសជាតិថ្មី ខុសពីវគ្គទី១ និង ទី២។ ក្នុងនោះ បណ្ដាលមកពីស្នាដៃនេះ គឺជាការចាប់ដៃជាមួយផលិតកម្ម កងចក្រភាពយន្ត ដែលពោរពេញដោយឯកទេសផលិត ដែលធ្វើអោយស្ដង់ដារផលិតគឺជាទំនុកចិត្តផង ទើបលោកស្រីជឿថា មិនពិបាកជោគជ័យ។

ជាមួយនឹងការប្រកាសនេះ នៅក្នុងសាច់រឿងទាំងមូល ក៏ទាក់ភ្នែក និង ល្អមើលផងដែរ ដោយរសជាតិនៅក្នុងសាច់រឿង គឺកម្សត់ផង សើចផង តាំងពីដើមរឿងដល់ចុងរឿង ធ្វើអោយអ្នកទស្សនាជក់ចិត្ត។ ក្នុងវគ្គ៣នេះ ទាំងសំលេង ក្រាហ្វិក និង បច្ចេកទេសគេកត់សម្គាល់ថា គឺកម្រិតស្ដង់ដារតែម្ដង ដោយសារតែក្រុមបច្ចេកទេសដែលជាអ្នកផលិតផ្ទាល់ គឺសុទ្ធតែជាអ្នកឯកទេសផ្នែកកុនកម្រិតបរទេស។ មួយរឿងនេះ ក៏ប្រមូលផ្ដុំដោយតារាល្បីៗផងដែរ ទើបធ្វើអោយមួយរឿងនេះ ទាក់ភ្នែក និង ល្អមើលតាំងពីដើមដល់ចប់។ នៅក្នុងពិធីបង្ហាញចំណាប់អារម្មណ៏ ដើម្បីដាក់បញ្ចាំងរឿងអោយភ្ញៀវកិត្តិយសមើលនោះក៏មានវត្តមានសិល្បករសិល្បការិនី ផលិតករ និង អ្នកពាក់ព័ន្ធក្នុងវិស័យសិល្បៈមួយចំនួនចូលរួមផងដែរ។ ភាពយន្តនេះ ប្រកាសលក់សំបុត្រ ចាប់ពីថ្ងៃទី១៧ តទៅ ពោលគឺដាក់បញ្ចាំងលក់សំបុត្រចំថ្ងៃភ្ជុំបិណ្ឌតែម្ដង ដោយទោះជាមានការលើកឡើងថា អ្នកភ្នំពេញនឹងទៅលេងស្រុកភាគច្រើន តែអ្នកមិនទៅណា ហើតនៅភ្នំពេញភាគច្រើន នឹងក្លាយជាអ្នកគាំទ្រភាពយន្តមទួយនរះ។ យ៉ាងណាមិញលោកក៏ទទូច អោយចូលរួមគាំទ្រផងដែរ សម្រាប់ស្នាដៃៗនេះ។

គួរបញ្ជាក់ផងដែរភាពយន្តរឿង”កុមារី២៥ឆ្នាំវគ្គ៣” គឺជាការសហការផលិតរួមគ្នារវាងផលិតកម្មកងចក្រភិចឈ័រ និង ផលិតកម្ម អិមស៊ីអិនវីភិចឈ័រ ទើបធ្វើអោយស្នាដៃរបស់លោកស្រី ពាន់ភួង បុប្ផា មួយនេះ ល្អមើល និង ឈានដល់ការសរសើរថា មានស្ដង់ដា មុនចាញ់ភាពយន្តខាងក្រៅ នៅក្រោយកាបញ្ចាំងជូនភ្ញៀវទស្សនា។ ខាងក្រោយនេះ គឺជាទិដ្ឋភាពមួយចំនួនក្នុងពិធីបង្ហាញចំណាប់អារម្មណ៍ផលិតករ និង តួសម្ដែង ក្នុងរឿង”កុមារី២៥ឆ្នាំ” វគ្គ៣ កាលពីថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២០៖

Advertisement