អ្នកឯកទេសផាត់មុខ អៀម សុខា ខួបកំណើតលើកទី2 ក៏នៅតែមានតារាសិល្បៈនិងអ្នកមានមុខមាត់ចូលរួមកុះករ

បើទោះបីប្រឡូកក្នុងអាជីពសម្ដែងនិងពិធីករតែប្រមាណជ2ឆ្នាំចុងក្រោយ តែអ្នកឯកទេសផាត់មុខដែលមានឱកាសបានសម្ដែងស្គាល់អ្នកសិល្បៈព្រោះតែមានជំនាញផាត់មុខលោក អៀម សុខា ត្រូវគេកត់សម្គាល់ថាទទួលបានការស្រឡញ់រាប់អានពីអ្នកសិល្បៈគួរឱ្យសរសើរតែម្ដង។ ជាក់ស្ដែងនៅក្នុងពិធីខួបកំណើតរបស់លោកកាលពីថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2020 មុននេះ មិនត្រឹមតែមានសិល្បករថ្មីៗនិងមិនសូវល្បីប៉ុណ្ណោះទេ សូម្បីតែតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង ក៏មានវត្តមានឡើងផ្អៀងភោជនីយដ្ឋាន V-Friend ឬស្សីកែវផងដែរ។

លោក អៀម សុខា បានថ្លែងបញ្ជាក់ថាគ្មានអ្វីសប្បាយចិត្តជាឃើញបងប្អូនអ្នកសិល្បៈផ្ដល់កិត្តិយសឱ្យលោកដល់ម្លឹងនោះឡើយ ដោយអ្នកសិល្បៈខ្លះ គឺលោកមិនបានអញ្ជើញដោយផ្ទាល់ផង តែក៏នៅតែបានអញ្ជើញចូលរួម។ នៅក្នុងពិធីនោះក៏មានវត្តមានលោកជំទាវ ហ៊ុន ស៊ីណាត និងអ្នកមានមុខមាត់មួយចំនួន ក្រៅពីអ្នកសិល្បៈផងដែរ។ យ៉ាងណាក៏ដោយលោកអះអាងថា នឹងមិនធ្វើពិធីខួបកំណើតជាលើកទី2 ទៀតនោះទេ ដើម្បីកុំឱ្យរំខានអ្នកសិល្បៈ បើទោះជាពិធីខួបកំណើតរបស់លោកលើកនេះមានភ្ញៀវកិត្តិយសចូលរួមកុះករ ដែលអាចនិយាយបានថាចំណេញមិនតិច ម្យ៉ាងមកពីលោកមមាញឹកខ្លាំងនឹងការងារផាត់មុខនិងសម្ដែងផង ទើបលោកប្រកាសថាមិនធ្វើជាលើកទី2នោះទេ។

ជាក់ស្ដែងពិធីដែលបានធ្វើឡើងនេះមិនត្រូវនឹងថ្ងៃកំណើតរបស់លោកនោះឡើយ ដោយសារតែថ្ងៃកំណើតរបស់លោកត្រូវនឹងថ្ងៃ9 ខែ9 ឯណោះទេ តែបណ្ដាលមកពីរវល់ដកឃ្លាមិនរួចទើបសម្រេចធ្វើខួបថ្ងៃទី27នេះវិញ។ នៅក្នុងពិធីខួបកំណើតរបស់លោកគេឃើញមានវត្តមានសិល្បករចាស់ថ្មី ល្បីឈ្មោះជាច្រើនដោយ ភ្ញៀវកិត្តិយសភាគច្រើននៅច្រៀងរាំយ៉ាងសប្បាយរហូតដល់ម៉ោង12 យប់ទៀតផង។

គួរបញ្ជាក់ផងដែរថាលោក អៀម សុខា គឺជាអ្នកផាត់មុខល្បីឈ្មោះមួយរូបដោយក្នុងរង្វង់សិល្បៈ លោកជាអ្នកផាត់មុខឱ្យក្រុម ហ្វ្រេសស៊ីប៊យ&ហ្គើល និងក្រុមកញ្ញាឯក របស់ក្រុមហ៊ុន BKA ក្រៅពីផាត់មុខឱ្យតារាចម្រៀង និងតារាសម្ដែងល្បីៗ នៅក្នុងពិភពសិល្បៈ។ លោកកាន់តែត្រូវបានគេស្គាល់តាមរយៈការសម្ដែងក្នយងរឿង « សរសរកន្លោង » និងភាពយន្តមួយចំនួនទៀត លោកក៏ជាពិធីករប្រចាំនូវប៉ុស្តិ៍លេខ5 និងត្រៀមបង្ហាញនូវស្នាដៃភាពយន្តថ្មីៗក្រោយពីវាយលុកសិល្បៈផងដែរ។

Advertisement