ក្រុមការងារផលិតកម្ម កាឡាក់ស៊ីណាវ៉ាត្រា ទទួលការកោតសរសើរពីទេសរដ្ឋមន្ដ្រី គន់ គីម

សកម្មភាព​ដឹក​នាំ​​តារា​ចម្រៀង​ល្បីៗ​ក្នុង​ផលិតកម្ម​ហ្កាឡាក់ស៊ី ​មាន​ដូចជា លោក ព្រាប សុវត្ថិភាព, ខេម, កញ្ញា តន់ ចន្ទសីម៉ា និង​កញ្ញា ក សុវណ្ណារី ចុះ​ទៅ ស្រុក មង្គលបុរី នាំ​ស្បៀង​អាហារ​អង្ករ​ ៥០តោន និង​អាហារ​ហូប​ចុក​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជន់​លិច ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម ​បាន​ស្វាគមន៍​​​​យ៉ាង​កក់ក្ដៅ​បំផុត ក្នុង​នោះ​ឯកឧត្ដមទេសរដ្ឋមន្ត្រី បាន កោតសរសើរ​នៅ​ទឹក​ចិត្ត​មនុស្សធម៌​ដ៏​ធំ​ធេង​ របស់​​លោក ឧកញ៉ា​ឡេង​ណា​វ៉ាត់ត្រា ជា​ខ្លាំង។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម បាន​ចាត់​ទុក​កាយវិការ​របស់​លោក​ឧកញ៉ា ដែល​ មាន​អតីតភាព​ជា​ក្មេង​ទីជនបទ​ក្រីក្រ និង​ជា​ពលករ​ប្រទេសកូរ៉េ​ខាង​ត្បូង​រូបនេះ​ថា​ ជា​កាយវិការ​ដ៏​ល្អ​ប្រសើរ​ និង​ជាគំរូ​មួយ​នៅ​ក្នុង​សង្គម​កម្ពុជា។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ថ្លែង​ទៅ​កាន់​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ថា”​ការរួមចំណែក​របស់​លោកឧកញ៉ា ឆ្លើយ​តប​ចំសភាពការណ៍ និង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​គាត់​កំពុងជួបការលំបាក និង​ខ្វះខាត ព្រោះ​តែទឹកជំនន់។នេះ​ជា​កាយវិការ​ល្អ​ណាស់​សម្រាប់​សង្គមយើង។ យើង​មាន​បាន យើង​ថ្កុំថ្កើង​ ក៏​ដោយ​សារ​បាន​ការ​គាំទ្រ​ពី​ប្រជាជន​ ដូច្នេះ​ពេល​ប្រជាជន​មាន​ទុក្ខលំបាក​ យើង​ត្រូវ​ជួយ​រំលែក​ការលំបាករបស់គាត់។ទង្វើល្អ​ដែល​យើង​បាន​ធ្វើ​ចំពោះ​គាត់​នឹង​ធ្វើ​ឱ្យ​ជីវិត​យើង​មិន​សាបសូន្យ​នោះ​ឡើយ”​។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា​បាន​​លើក​ឡើង​​នោះ​ចំពោះ​មុខ​ក្រុម​អ្នក​សារព័ត៌មាន​ដែល​បាន​ចុះ​ទៅ​ព័ត៌មាន​ដោយ​ផ្ទាល់​​ក្នុង​សកម្មភាព​មនុស្សធម៌​នេះ​​ថា «នៅពេលដែលឃើញបងប្អូនខ្មែរមានទុក្ខ ខ្ញុំ​តែង​តែមានទុក្ខជាមួយគាត់។ អ៊ីចឹងយើងមានសេចក្តីសុខ នៅ​ពេល​យើង​បាន​ចែករំលែក​ទៅ​ដល់​គាត់ ព្រោះ​យើង​គិតថា ជីវិតយើងរស់មិនវែងទេ 10ឆ្នាំ, 20ឆ្នាំ, 30ឆ្នាំទៀត យើង​មិន​ចឹង​ថា​នៅ​ពេល​ណា? អ៊ី​ចឹង​យើង​មានឱកាសហ្នឹង អាចជួយគ្នាបាន យើងគួរតែជួយ ព្រោះ​គាត់ក៏​ចង់រស់​នៅបានស្រួល គាត់ក៏ចង់មានសេចក្តីសុខ អ៊ីចឹងយើងអាចចែករំលែកទៅគាត់ខ្លះទៅ។ ខ្ញុំគិតថា វាមិនចម្លែកសម្រាប់ខ្ញុំទេ»។

ទទឹម​គ្នា​នោះ​ដែរ​លោក ឡេង ណាវ៉ាត្រា ក៏បានបង្ហាញការគាំទ្រពេញទំហឹង​ចំពោះសកម្មភាពរបស់​ថ្នាក់​ដឹកនាំរាជរដ្ឋាភិបាល និង​អាជ្ញាធរ ដែល​បានយកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ​ដែល​កំពុង​ជួប​ទុក្ខ​ជំនន់​ទឹក​ភ្លៀងនៅប្រទេសកម្ពុជា៕

Advertisement