ថ្ងៃកំណើតឆ្នាំនេះ ករុណា ពេជ្រ នាំយកអំណោយទៅចែកជូនកុមារកំព្រា

កាលពីពេលថ្មីៗនេះ តារាចម្រៀង ករុណា ពេជ្រ បន្ទាប់បានគៀងគរអំណោយទាំងក្នុងនិងក្រៅស្រុកយកទៅចែកបងប្អូនរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ស្ពឺ មិនទាន់បាត់ហត់ផង ស្រាប់តែប្រកាសថា នាប៉ុន្មានថ្ងៃខាងមុខទៀតនេះ លោក នឹងនាំយកអំណោយទៅចែកជូនកុមារកំព្រា បន្ថែមទៀតទុកជាកាដូ សម្រាប់ខ្លួនឯងនៅថ្ងៃកំណើត។

តារាចម្រៀងរូបនេះបានប្រកាសថា ឆ្នាំនេះមិនបានរៀបចំកម្មវិធីធំដុំ អ្វីទេ ពោលលោកបានចំណាយថវិកា សម្រាប់ជប់លៀង យកទៅបង្វែរមកជាកម្មវិធីចែកអំណោយដល់កុមារកំព្រាវិញម្តង ព្រោះតែលោកបានមើលឃើញថា ការជួយគ្នាក្នុងគ្រាលំបាក គឺជាសេចក្តីសុខផ្លូវចិត្តដែលលោកត្រូវតែធ្វើ។
លោកបានសរសេររៀបរាប់នៅលើបណ្តាញសង្គមថា «រួមគ្នា​ ដើម្បី​ កំពង់ស្ពឺ…. ចាស់ហើយ​ ចង់ធ្វើបុណ្យ….សម្រេចចិត្តក្នុងថ្ងៃ​ ២០.១០.២០២០ នេះតែម្តង… ឆាប់ៗនេះ….ខ្ញុំនឹងនាំ​ សម្ភារៈ​ ស្បៀងអាហារ​ អង្ករ​ និង​ ថវិកា​ មួយចំនួន​ ដើម្បីចុះផ្ទាល់​ ផ្តល់ជូន​ ប្អូនៗ​ដែលជាកុមារកំព្រា​ ដែលកំពុងរស់នៅ​ មណ្ឌលកុមារកំព្រា នួន អក ព្រៃជុំ នៅខាងក្រោយវត្តព្រៃជុំ ភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ….បងប្អូនអាចចូលរួមជាសម្ភារៈ និង​ ថវិកា​ ជាមួយខ្ញុំបាទ..។

លោក ករុណា ពេជ្រ បានប្រាប់ថា​នេះ ជាទឹកចិត្តបន្តិចបន្តួចដើម្បីផ្តល់ភាពកក់ក្តៅ ដល់កុមារកំព្រា ម្យ៉ាងក៏ចង់ធ្វើបុណ្យសន្សំកុសលអោយបានច្រើន ព្រោះមនុស្សម្នាក់ៗមិនទៀងទាត់ពេលវេលានោះទេ អីចឹងទាន់មានពេលវេលាឱកាស ត្រូវតែចែករំលែកឱ្យហើយ៕

Advertisement