លោក សុខ ចាន់ផល ទម្លាយមូលហេតុភាពយន្ដ«សង្សារ១៤ថ្ងៃ»អូសបន្លាយពេលមិនបានបញ្ចាំងយូរពេក

ផលិតករ និងជាអ្នកនិពន្ធល្បីឈ្មោះ សុខ ចាន់ផល បានផលិតស្នាដៃដំបូងតាមរយៈរឿង «សង្សារ១៤ថ្ងៃ» នៅអំឡុងឆ្នាំ២០១៨ ។ បើគិតមកទល់ពេលនេះ គឺអស់រយៈពេលជាង២ឆ្នាំមកហើយ ដែលភាពយន្ដខ្មែរមួយនេះ ត្រូវខកខានមិនបានដាក់បញ្ចាំងក្នុងរោងភាពយន្ដ។ តើមានមូលហេតុអ្វី បានជាភាពយន្ដមួយនេះត្រូវផ្អឹបចោលឡើងរាប់ឆ្នាំបែបនេះ ? តើអាចប៉ះពាល់ដល់ប្រជាប្រិយភាពរឿងដែរឬទេ? ពោលគឺ បាត់បង់ចំនួនអ្នកចង់ទស្សនាភាពយន្ដនេះ។

លោក សុខ ចាន់ផល បានប្រាប់អ្នកសារព័ត៌មានថា «មិនខ្លាចធ្លាក់ប្រជាប្រិយភាពរឿងទេ នេះបើតាមខ្ញុំគិត។ ភាពយន្ដ «សង្សារ១៤ថ្ងៃ» នេះ ពិតណាស់គឺពន្យាពេលចាក់បញ្ចាំងយូរមែនទែន រហូតធ្វើឱ្យហ្វេនៗទន្ទឹងចាំមើលខ្លាំង នឹងមានចម្ងល់គ្រប់ៗគ្នា។ សួរថា តើភាពយន្ដនេះចាក់បញ្ចាំងពេលណាឱ្យប្រាកដ? ក៏ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំគិតថា ការអូសបន្លាយពេលបញ្ចាំងភាពយន្ដ ក៏ជាកត្តាមួយល្អ សម្រាប់ការអានប្រលោមលោក «សង្សារ១៤ថ្ងៃ»  ព្រោះភាពយន្ដនេះ បានចេញជាសៀវភៅប្រលោមលោកដែរ ក៏នឹងមិនភ័យព្រួយពីការបាត់បង់ចំនួនអ្នកទស្សនាភាពយន្ដដែរ។ បើអ្នកបានអានប្រលោមលោក នោះគេនឹងទន្ទឹងចាំមើលភាពយន្ដជាក់មិនខាន»។

អ្នកនិពន្ធភាពយន្ដនិងប្រលោមលោកដ៏ល្បីមួយនេះ  ក៏បានអះអាងទៀតថា «ការពិតទៅភាពយន្ដនេះ គ្រោងដាក់បញ្ចាំងនៅខែវិច្ឆិកា ឆ្នាំ២០២០នេះដែរ ក៏ប៉ុន្ដែ ដោយសារតែកូវីដ១៩ ធ្វើឱ្យរោងកុនបិទទ្វារ។ អ៊ីចឹងហើយ ភាពយន្ដនេះ ក៏ត្រូវរុញពេលបញ្ចាំងទៅមុខជាបន្ដទៀត»។

សូមជម្រាបថា សាច់រឿង «សង្សារ ១៤ថ្ងៃ»ជារឿងបែបមនោសញ្ចេតនា និងមានខ្លឹមសា​អប់រំ និងផ្តល់កម្លាំងចិត្តដល់យុវវ័យដែលជាស្នាដៃកម្រ និងផលិតឡើងដោយការ​យកចិត្តទុកដាក់។ រឿងនេះត្រូវបានជ្រើសរើសតួស្រីស្អាត ស៊ិម ស្រីនិច ធ្វើជាតួឯក យ៉ានី ទាំងលើគ្របសៀវភៅ និងក្នុងភាពយន្ត និងតួប្រុស ហូរ សារៈ លោក សាន់នី លោក លី សុខណេត និងតារាកិត្តិយសជាច្រើនរូបទៀត៕

 

 

 

 

Advertisement