បាត់មុខយូរ វីជេ អេនប៊ី វិលចូលសិល្បៈវិញ បង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍

អេនប៊ី (Anbe) ធ្លាប់ជា VJ ម្នាក់ក្នុងចំនោម VJ ជាច្រើនដែលល្បីល្បាញខ្លាំងក្នុងចង្កោម VJ នៅកម្ពុជា។ Anbe ផ្តើមប្រឡូកសិល្បៈក្នុងឆ្នាំ2007 រហូតចន្លោះឆ្នាំ2009- 2010 ពិធីករកម្លោះសង្ហានេះ បានផ្តើមអាជីពជាពិធីករតាមកញ្ចក់ទូរទស្សន៍ និងចាប់ផ្តើមមានគេស្គាល់ មានអ្នកគាំទ្រពីពេលនោះមក។ បន្ទាប់ពីស្ងប់ស្ងាត់បាត់មុខពីលើកញ្ចក់ទូរទស្សន៍ប្រមាណ2ឆ្នាំ ពេលនេះ VJ Anbe ដែលល្បីល្បាញកាលពី10ឆ្នាំមុន បានត្រឡប់មករកអាជីពពិធីករវិញហើយ។ ត្រឡប់មកលើកនេះ VJ Anbe ឱ្យដឹងថា ការបាត់មុខប្រមាណ២ឆ្នាំរបស់លោកគឺតែលើកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ និងការសម្តែងភាពយន្តប៉ុណ្ណោះ ចំណែកការងារខាងក្រៅលោកនៅតែទទួលដូចដើម។

ឆ្នាំ២០២០ ជាចំនុចផ្តើមម្តងទៀតរបស់លោកក្នុងវិស័យសិល្បៈ ហើយការត្រឡប់មកលើកនេះ គឺយូរអង្វែង។ មិនត្រឹមការងារពិធីករទូរទស្សន៍ទេដែលលោកទទួលធ្វើវិញ ការថតភាពយន្តភាគ ឬដុំ ក៏ទទួលដូចគ្នាដែរ ប្រសិនផលិតករក្នុងស្រុកណាម្នាក់មើលឃើញ និងពេញចិត្តសមត្ថភាពរបស់លោក ហើយផ្តល់ឱកាស่ឱ្យរូបលោក។ គ្រាន់ត្រឡប់មកវិញភ្លាម គេឃើញ VJ Anbe ក្តោបបានការងារសិល្បៈវិញជាហូរហែរ ដូចជា ពិធីករកម្មវិធី «តូច ខ្លឹម ខ្លាំង» របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ជាពិធីករតាមកម្មវិធី និងអនឡាញ ថែមទាំងបានបង្ហាញមុខតាមកម្មវិធីផ្សេងៗរបស់សិល្បករ សិល្បការនី ជាមិត្តរួមអាជីពជាញឹកញាប់ថែមទៀតផង។ យ៉ាងណាមិញ VJ Anbe នៅមិនទាន់ហ៊ាននិយាយពីការរំពឹងប្រជាប្រិយភាពអាចនឹងមានការកើនឡើងវិញឬយ៉ាងណានោះទេ គ្រាន់តែសង្ឃឹមថាអ្នកគាំទ្រ និងទស្សនិកជន នឹងបើកបេះដូងទទួលរូបលោកដូចកាលពេល10ឆ្នាំ។

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ លោកប្រឡូកសិល្បៈបាន១៣ឆ្នាំហើយ តែចន្លោះនេះលោកបានបាត់មុខពីសិល្បៈទាំងស្រុងប្រមាណ2ឆ្នាំ ធ្វើឲ្យប្រជាប្រិយភាពធ្លាក់ស្រុតខ្លាំងគួរឲ្យសម្គាល់។ គេនៅមិនទាន់ដឹងថា VJ រូបនេះ នឹងអាចបំបែកទីផ្សារអ្នកគាំទ្របានម្តងទៀតឬយ៉ាងណានោះទេ ខណៈបច្ចុប្បន្នមានតារាល្បីៗជាច្រើនកំពុងរីកធំធាត់ដូចផ្សិតកើតឡើងរៀងរាល់ថ្ងៃដើម្បីប្រជែងទីផ្សារសិល្បៈ។

Advertisement