មានរឿងមួយ ណុប បាយ៉ារិទ្ធ ទម្លាយឱ្យមហាជនបានដឹង ក្រោយលាក់ទុកជាយូរ

ណុប បាយ៉ារិទ្ធ ជា​តារា​ចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​ ឈរ​ជើង​លើ​វិថី​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មាន​រឿងរ៉ាវ​ជាច្រើន ដែល​អ្នក​គាំទ្រ​ មិនធ្លាប់​បាន​ដឹង​ពី​តារា​ចម្រៀង​រូប​នេះ​នោះ​ឡើយ។ ដើម្បី​បង្ហាញ​ជុំវិញ​រឿង​នេះ ​កាលពី​យប់​ថ្ងៃ​ទី​១ ខែ​ធ្នូ ​ណុប បាយ៉ារិទ្ធ បាន​បង្ហោះ​រូបថត​ ជាច្រើន​សន្លឹក ភ្ជាប់​ជាមួយ​សារ​យ៉ាង​វែង​អន្លាយ​ថា ​៖ ​ក្តី​ស្រមៃ​១​របស់ខ្ញុំ​គឺ​ចង់​ក្លាយ​ជា​designer និង​ចង់​ក្លាយជា​ម្ចាស់​brand​សម្លៀក​បំពាក់​ដែល​design​ចេញមក​ដោយ​គំនិត​របស់ខ្ញុំ​ផ្ទាល់​។ ៩០%​នៃ​សម្លៀកបំពាក់​របស់ខ្ញុំ​ក្រោយពី​កាត់ដេរ​ដោយ​ជាងដេរ​រួច​គឺ​ខ្ញុំ​តែងតែ​យក​វា​មក​design​ដោយ​ផ្ទាល់ដៃ ធ្វើ​ដោយ​ដៃ បើទោះជា​សម្លៀកបំពាក់​នោះ​ទិញ​ស្រាប់ក៏​ត្រូវតែ​យក​វា​មក​ច្នេះ​អោយទៅ​ជាថ្មី​មួយ​ផ្សេង​ដែល​ចេញពី​គំនិត​ខ្លួនឯង។


សម្រាប់​អាវ​មួយ​ចំណាយពេល​ហោចណាស់​៣​ថ្ងៃ។ ឃើញ​រូបនេះ អាវ​ដែល​ខ្ញុំ​ពាក់​ក្នុង​កម្មវិធី​the mask singer cambodia​រដូវ​កាល​ទី​១ គិត​មកដល់ពេលនេះ​១​ឆ្នាំ​ជាង​ហើយ តែ​ខ្ញុំ​ចាំបាន​ថា​អាវ​មួយ​នេះ​ខ្ញុំ​បាន​ចំណាយ​ពេលធ្វើ​រយៈពេល​៥​ថ្ងៃ​គត់​ ទើប​រួចរាល់​ទាំងស្រុង រីឯ​ពេលវេលា​គឺ​ធ្វើ​ដល់​ម៉ោង​១​យប់​ទើប​ឈប់។
ធ្វើ​ដោយ​ការ​ដេរ​ផង បិទ​ផង ពិតជា​មិន​ងាយស្រួល​នោះទេ គ្រាប់​គ្រី​ស្តា​ល់​និង​ត្បូង​មិន​ថា​គ្រាប់​ធំ គ្រាប់​តូច គ្រាប់​ខ្លះ​តូច​បំផុត​ត្រឹម​ទំហំ​៣​លី ត្រូវ​បិទ ត្រូវ​ដេរ​ម្តង​១​គ្រាប់ៗ ទម្រាំ​ចេញ​ជា​រាង​ក្បាច់​ដែល​ខ្លួនឯង​ចង់បាន បើ​គិត​ជា​ចំនួន​គ្រាប់ សរុប​ទាំង​តូច​ទាំង​ធំ​គឺ​ចូលដល់​ខ្ទង់ពាន់​គ្រាប់​ឯណោះ។ និយាយ​រួម​ហត់ ចុក​ចង្កេះ រួយដៃ​រួយជើង តែ​សប្បាយចិត្ត​ព្រោះ​វា​ចេញពី​ការព្យាយាម​របស់ខ្លួន​ឯង​និង​ការអត់ធ្មត់​ក្នុង​ការងារ។ គ្រប់យ៉ាង​គឺ​កើតចេញពី​ការព្យាយាម ព្យាយាម​ខ្វះ​ការតស៊ូ អត់ធ្មត់​ក៏​មិនអាច​សម្រេច​គោលដៅ​បានដែរ។

ដៃ​ខ្ញុំ​មុត​មុខ​ម្ជុល​​ហូរឈាម​សឹង​គ្រប់​ម្រាម ជួន​ចាក់​លេច​ដល់​សាច់​ក៏​មាន ស្នាម​សុស​តែម្តង ពេលខ្លះ​កាវ​ស្រក់​លើ​សាច់​ទាំង​ដៃ​ទៅ​ជាង បន្សល់​នៅ​ស្នាម​ច្រើន​កន្លែង តែ​ខ្ញុំ​នៅតែ​រីករាយ​នៅ​អ្វីដែល​កើត​ពី​ការខិតខំ​របស់ខ្ញុំ មាន​មនុស្ស​មួយផ្នែក​តូច​សើចចម្អក​អោយ​ខ្ញុំ​ថា​ខ្ញុំ​ពាក់​ខោអាវ​ដូច​ល្ខោន តែ​ខ្ញុំ​ញញឹម​ទុក​ក្នុង​ចិត្ត​ថា អ្នក​គ្មាន​ថ្ងៃ​យល់ អ្នក​សម្លឹង​ឃើញ​ពិភពលោក​តូចចង្អៀត​ហើយ​ងងឹត​ណាស់​សម្រាប់​អ្នក ហើយក៏​គ្មាន​ថ្ងៃ​ដែល​អ្នក​ធ្វើបាន​ដូច​ខ្ញុំ ព្រោះ​អ្នក​មិន​ស្គា​ល់ពី​តម្លៃពិត​នៃ​ការ​ច្នៃ​ប្រ​ឌិត​និង​ការព្យាយាម បើ​អ្នក​គ្មាន​ទេពកោសល្យ​កុំថាឡើយ​ត្រឹម​ដេរ​ត្បូង​មួយ​គ្រាប់ សូម្បីតែ​ដោត​អំបោះ​ចូល​ម្ជុល​អ្នកធ្វើ​មិនបាន​ផង៕

 

 

 

 

 

Advertisement